ការ​វាយ​កម្ទេច​នៅ​សៀរ៉ាឡែអូន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ ​និង​រឿងរ៉ាវ​ចម្រូង​ចម្រាស

ការ​វាយ​កម្ទេច​នៅ​សៀរ៉ាឡែអូន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ ​និង​រឿងរ៉ាវ​ចម្រូង​ចម្រាស

កន្លែង​ទី​ដែល​ហាង​លក់​ឥវ៉ាន់​ស្ថិតនៅ​ក្នុង​តំបន់ Abderdeen ក្រុង​ Freetown ប្រទេស​សៀរ៉ាឡែអូន។ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​របៀប​ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ស្ថានការណ៍​នេះ។

អាជ្ញាធរ​នៅ​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) បាន​កម្ទេច​ផ្នែក​មួយ​ភាគ​ធំ​មួយ​នៃ​រដ្ឋធានី​ចោល​ ដោយ​បាន​បន្សល់​ទុក​ឲ្យ​មនុស្ស​ជា​ច្រើន​គ្មាន​ទីជម្រក។ ​មន្រ្តី​រដ្ឋាភិបាល​និយាយ​ថា​ ពួកគេ​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​អំពី​គម្រោង​នេះ ហើយ​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​តំបន់​នោះ​ដោយ​ខុស​ច្បាប់។ ប៉ុន្តែក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ។​ ពួកគេ​និយាយ​ថា​ ការ​វាយ​កម្ទេច​នេះ​បាន​ធ្វើ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​រង​ការ​ប្រឈមកាន់​តែ​ខ្លាំង​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​អេបូឡា (Ebola)។ នាងNina DeVries រាយការណ៍ពី​រដ្ឋធានី Freetown ហើយ​នាង​លី ម៉ូរីវ៉ាន់ ជូន​សេចក្ដី​ប្រែ​សម្រួល​ដូចតទៅ៖

នាង Juliana Sesay ជា​ពលរដ្ឋ​មួយ​រូប​ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​កម្ទេច​តំបន់​ស្នាក់អាស្រ័យ​នៅ​ទីក្រុង​នេះ។​ នាង​មាន​អាយុ​២៣​ឆ្នាំ​ និង​ជា​អ្នក​ធ្លាប់​រងគ្រោះ​ដោយ​ជំងឺ​អេបូឡា។ នាង​ធ្លាប់​រស់ នៅ​ក្នុង​តំបន់មួយ​ហៅ​ថា ភូមិ Tambakula ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ចំនួន​៥០០​នាក់។ តំបន់​នេះជា​ កន្លែង​ចំណត​ទូក​អ្នក​នេសាទ​មួយ​កន្លែង​ដែល​មាន​ហាង​មួយ​ចំនួន​នៅ​ទីនោះ ដែល​មនុស្ស​មួយចំនួន​ដូច​នាង​ Sesay បាន​យក​ជា​ជម្រក។

តំបន់​នេះ​ទាំង​មូល​ត្រូវ​បាន​បំផ្លាញ​កាល​ពីរបី​សប្ដាហ៍​មុន ហើយ​ឥឡូវ​នាង​កំពុង​តែ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ម្នាក់​ និង​ដេក​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​មនុស្ស​បីនាក់​ផ្សេង​ទៀត ​ក្មេង​តូច​ពីរនាក់ ​និង​ទារក​ពីរ​នាក់។

នេះ​មិន​មែន​ជា​របៀប​ដែល​នាង​មើល​ឃើញ​ជីវិត​នាង​បន្ទាប់​ពី​ជា​សះស្បើយ​ពី​ជំងឺ​ដែល​បាន​សម្លាប់មនុស្ស​ជាង​១១.០០០នាក់​នៅ​ក្នុង​ទ្វីប​អាហ្រិក​ខាង​លិច​នោះ​ទេ។

នាង Sesay និយាយ​ថា «ខ្ញុំ​ភ័យខ្លាច។​ បន្ទាប់​ពីពួកគេ​បំផ្លាញ​ទី​កន្លែង​ដែល​ខ្ញុំ​និយាយ​ខាង​លើ ខ្ញុំ​ចង់​សម្លាប់​ខ្លួន​ឯង ដោយសារ​តែ​ខ្ញុំ​មិន​ដឹង​ថា​ ចាប់ផ្តើម​ពី​កន្លែង​ណា​ទៀត​នោះ​ទេ»។

នាង Sesay និយាយ​ថា​ គ្មាន​អ្នក​ណា​ម្នាក់មក​ជួយ​ ឬ​ផ្ដល់​សំណង​ខូចខាត​ចំពោះ​ការ​វាយកម្ទេច​ផ្ទះ​របស់​នាង​ទេ។​ នាង​បារម្ភ​ថា​តើ​នាង​នឹង​រស់​នៅ​បាន​ដូចម្ដេច។

ក្រៅ​ពី​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​រួច​មក ផ្នែក​ទាំង​មូល​តាមបណ្តោយ​ផ្លូវ​ឆ្នេរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋធានី​ហ្រ្វ៊ីថោន (Freetown) ទីដែល​កាល​ពី​មុនធ្លាប់​មាន​ភោជនីយដ្ឋាន និង​រង្គសាល​ជា​ច្រើន​ត្រូវ​បាន​វាយកម្ទេច​ផង​ដែរ។

មន្រ្តី​រដ្ឋាភិបាល​និយាយ​ថា ពួកគេ​ត្រូវ​ការ​សម្អាត​តំបន់​នេះ​ឲ្យ​ស្អាត​ដើម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ជាង​មុន។

លោក Agibu Jalloh អ្នក​នាំ​ពាក្យ​រង​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ ការ​វាយកម្ទេច​នេះ​ត្រូវ​បាន​គ្រោង​ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក Agibu Jalloh និយាយ​ថា «កាល​ពី​បីឆ្នាំ​មុន​ មាន​កិច្ច​ប្រជុំ​ជាច្រើន​ដែល​ក្រុម​ការងារ​រដ្ឋាភិបាល​បាន​ប្រាប់​អភិបាល​ស្រុក​នៅ​ជុំវិញ​តំបន់​នេះថា​ ពលរដ្ឋទាំង​នេះ​មិន​មាន​សិទ្ធិ​រស់នៅ​ក្នុង​តំបន់​នេះ​ទេ»។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​របៀប​ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ស្ថានការណ៍​នេះ។

លោក Solomon Sogbandi នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) នៅ​ប្រទេស​សៀរ៉ាឡែអូន​និយាយ​ថា «រដ្ឋាភិបាល​មាន​បំណង​ល្អ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​មិន​ជ្រើស​យក​ដំណោះស្រាយ​សាងសង់​លំនៅ​ឋាន​ថ្មី​សម្រាប់​ពលរដ្ឋ​ទាំង​នេះ? ផ្លាស់​ប្តូរ​ទី​លំនៅ​ថ្មី​ទៅ​កន្លែង​ណា​មួយ។ ប្រសិន​បើ​អ្នក​គ្រាន់​តែបណ្ដេញ​ពួកគេ​ដោយ​បង្ខិត​បង្ខំ​ វា​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត»។

ការ​បណ្តេញ​បែប​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព។ លោក Sogbandi និយាយ​ថា​ វា​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ឡើយ ហើយ​រឿង​នេះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ​ពី​ជំងឺ​ដូច​ជា​ជំងឺ​គ្រុនចាញ់​ ប្រសិន​បើ​ពួកគេ​មិន​មាន​ជម្រក​ត្រឹម​ត្រូវ។

លោក Jalloh និយាយ​ថា​ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​គេ​ផ្ដល់ឲ្យ​កន្លែង​ផ្សេង​ទៀតកាលពី​ពីរ​ឆ្នាំ​មុន។ លោក​បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ ប៉ុន្តែ​បន្ទាប់​មក ​ពួកគេ​បាន​ត្រឡប់​មក​វិញ។

ប៉ុន្តែ​ពលរដ្ឋ​ដែល​ធ្លាប់​នៅ​តំបន់​នោះ​និយាយ​ថា​ ពួកគេ​មិន​បាន​ទទួល​ជំនួយ​អ្វី​ណា​មួយ​ឡើយ៕

ប្រែសម្រួលដោយ ឡេង ឡែន