អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

ក្រុម​អ្នកថតរូប ជនបរទេស កីឡាករ​បាល់ទាត់ និង ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ២០ នាក់ កាល​ពី​ថ្មីៗ​នេះ បាន​នាំ​គ្នា​ទៅ​បរិច្ចាគ​ឈាម​ជួយ​ជីវិត​មនុស្ស នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។

 

អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

 

ចូល​រួម​ក្នុង​ការ​បរិច្ចាគ​ លោក លន វិចិត្រ (Richard Sniper) អ្នកថតរូប​​មួយ​រូប​​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក៏​អាច​ជួយ​ជីវិត​មនុស្ស​​​បាន​ដែរ តាម​រយៈ​ការ​​បរិច្ចាគ​ឈាម ដោយ​​មិន​ចាំបាច់​ចំណាយ​ប្រាក់។

 

លោក​​បន្ត​ថា អ្វី​ដែល​លោក​ធ្វើ​ គឺ​​ចង់​តបស្នង​ដល់​អ្នក​ដែល​ផ្ដល់​ឈាម​ឱ្យ​លោក កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន៖ “បង​កើត​ជំងឺ​រលាក​ក្រពះ បត់​ជើង​ធំ​ហូរ​ឈាម […] កាល​នោះ​បង​បញ្ចូល​ឈាម​គេជិត ២០ កំប្លោក ហើយ​ឈាម​ពិបាក​រក​មែន​ទែន។ ខ្ញុំ​នឹង​បន្ត​ធ្វើ​ទៀត​នៅ​លើកក្រោយៗ”។

 

ដើម្បី​រួម​ចំណែក​ក្នុង​ការងារ​សង្គម វិចិត្រ​ បាន​សូម​ឱ្យ​​ប្រជាជន​ខ្មែរផ្សេងទៀត ជា​ពិសេស​យុវវ័យ ចេះ​ជួយ​គ្នាដូចជា​ការ​​ងារបរិច្ចាគ​ឈាមជាដើម ហើយ​ការបរិច្ចាគឈាមនេះ ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ឬ ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ដូរ​នោះឡើយ។ ជាមួយ​គ្នា​នេះ​ដែរ លោក​សង្កេត​ឃើញ​ថា ការ​បរិច្ចាគ​ឈាម​ក្នុង​ប្រទេស​​កម្ពុជា​ នៅ​មាន​កម្រិតនៅ​ឡើយ។

 

ចំណែក​អ្នក​ថតរូប សួស សុភ័ក្រ (GP Larry) ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ការ​បរិច្ចាគ​ឈាម គឺ​ជា​ការងារ​សង្គម​ដ៏​ល្អមួយ ដែល​ប្រជាជន​ខ្មែរ​ គួរ​​យល់​ដឹង​និង​រួម​គ្នា​ធ្វើ ដើម្បី​ជួយ​ជីវិត​អ្នកជំងឺជាពិសេស​ កុមារ​កំពុង​ត្រូវ​ការ​ឈាម​ជាចាំបាច់។

 

លោក​បញ្ជាក់​ថា ៖ “ឈាម​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សង្គ្រោះ​មនុស្ស។ ក្រោយ​បរិច្ចាគយើង​នឹង​ទទួល​បាន​ប័ណ្ណ​បញ្ជាក់​ថា យើង​បាន​ផ្ដល់​ឈាម អ៊ីចឹង​ពេល​ថ្ងៃ​ណា​មួយ យើង​ឬ​បងប្អូន​យើង​ត្រូវ​ការ​ឈាម​វិញ​នោះ គ្រាន់​តែ​បង្ហាញ​ប័ណ្ណ គេ​នឹង​ផ្ដល់​ឈាម​ឱ្យ​យើង​វិញ”។ ​​

 

ការ​បរិច្ចាគឈាម មាន​ប្រយោេជន៍​អ្វី​ខ្លះ?

លោក អ៊ួរ សុខលាង មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​រក​អ្នក​បរិច្ចាគ​ឈាម មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បានឱ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាមត្រឹមត្រូវ មិនត្រឹមតែ​មិន​​​ប៉ះពាល់​ដល់​សុខភាព​ទេ ផ្ទុយ​ទៅ​វិញ​​អ្នកផ្ដល់​នឹង​ទទួល​​អត្ថប្រយោជន៍​ច្រើន ពី​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​នេះ។

 

មន្ត្រី​រូប​នេះ​បន្ថែម​ថា សប្បុរសជន​នឹង​ទទួល​អត្ថប្រយោជន៍​ដូចជា ដឹង​ពី​សុខភាព​ថា ​តើ​ពួកគេ​មាន​ផ្ទុក មេរោគ​រលាក​ថ្លើម B និង C កាមរោគ និង​ ជំងឺ​អេដស៍​ឬ​យ៉ាង​ណា។ ម្យ៉ាង​ពួកគេ​នឹង​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​ជីវិត​មនុស្ស ធ្វើ​អំពើ​មនុស្ស​ធម៌ និង​ ជា​ពលរដ្ឋ​ម្នាក់​ដែល​ឆ្លើយ​តប​ទៅ​នឹង​សង្គម​យ៉ាង​ពិតប្រាកដ។ ចំណុច​ពិសេស​មួយ​ទៀត​នោះ នៅ​ពេល​បងប្អូន​សាច់ញាតិ​មាន​គ្រោះថ្នាក់ ឬ​មាន​ជំងឺ ដែល​ត្រូវ​ការ​ឈាម​បន្ទាន់ អ្នក​ផ្ដល់​ឈាម​អាច​បង្ហាញ​សៀវភៅ​ ឬ​ប័ណ្ណ​បញ្ជាក់​​ពី​ការ​ផ្ដល់​ឈាម​របស់​ខ្លួន ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នោះ​ពួកគេ​នឹង​ទទួល​បាន​ឈាមស្វ័យប្រវត្តិ​ ដោយ​មិន​បាច់​បរិច្ចាគទៀតក៏បាន (ប័ណ្ណ​មួយ​បាន​មួយ​ប្លោក)។

អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

 

ការ​បរិច្ចាគ​ឈាម​គឺ​ធ្វើ​ឡើង​​ស្ម័គ្រចិត្ត ​គ្មាន​ការ​បង្ខិតបង្ខំ ហើយ​មុន​នឹងគេ​​អនុញ្ញាត​ឱ្យ​ផ្ដល់ អ្នក​បរិច្ចាគ​ត្រូវ​គោរព​លក្ខខណ្ឌ​បី៖

 

១. ត្រូវ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ
២. ត្រូវ​មាន​ទម្ងន់ ៤៥ គីឡូក្រាមឡើងទៅ
៣. ត្រូវ​មាន​សុខភាព​ល្អ (ល្អ​ផ្លូវចិត្ត ល្អ​ផ្លូវកាយ និង​ល្អ​ផ្លូវ​សង្គម)

 

បើ​មិន​គោរព​លក្ខខណ្ឌ​ទាំង​នេះ​ទេ នោះ​អ្នកស្ម័គ្រចិត្ត​មិនត្រូវ​​អនុញ្ញាត​ឱ្យ​ផ្ដល់​នោះ​ឡើយ។ ឈាម​ជា​សម្បត្តិ​ធម្មជាតិ ដូច្នេះ​ក្រោយ​បរិច្ចាគ សប្បុរសជន​គ្រាន់​តែ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន នំ​ចំណី ផ្លែ​ឈើ​ទឹក​ក្រូច​ទៀតសោត នោះ​ឈាម​នឹង​ដូច​ធម្មតា​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សុខលាង។
 
មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ១ឆ្នាំ​មាន​យុទ្ធនាការ​ពីរ​ដង គឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ដើម្បី​អបអរ​ការ​ផ្ដល់​ឈាម​ដល់​មនុស្ស​​ជា​ទី​ស្រលាញ់ ដែល​មាន​អ្នក​ចូលរួម ចាប់​ពី ​២០០នាក់ ទៅ ៣០០ នាក់ និង​ នៅ​ថ្ងៃ​ទី ១៤ ខែ ​មិថុនា ដើម្បី​អរគុណ​ដល់​សប្បុរសជន ​ដែល​បាន​បរិច្ចាគ​ឈាម សូម​ឱ្យ​អ្នក​ធ្លាប់​បរិច្ចាគ​បន្ត​ការ​បរិច្ចាគ សូម​ឱ្យ​អ្នក​មិន​ទាន់​បរិច្ចាគ​ចូល​រួម​បរិច្ចាគ និង​​ ចុង​ក្រោយ​អរគុណ​ដល់​លោក Karl Landsteiner ដែល​បាន​រក​ឃើញ​ក្រុម​ឈាម​ប្រភេទ A, B និង O។

 

បើ​សិន​ស្ថាប័ន​អ្នក​ចង់​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម សូម​ទាក់ទង​លោក អ៊ួរ សុខលាង មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​រក​អ្នក​បរិច្ចាគ​ឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម តាម​លេខទូរសព្ទ ០២៣ ៧២២ ០៧៤/០១១ ៧៨៩ ៧៤២ / ០៩២ ១៣៧ ៧២២៕
 

 អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

 

អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

 

អ្នក​ដឹងអត់​ថា​ ឈាម​របស់​អ្នក ​អាចជួយ​​ជីវិត​មនុស្ស​បាន?

 

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបភាពផ្ដល់ឱ្យ