រថយន្តបុក​ម៉ូតូ នៅ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

កំពង់ស្ពឺ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយរថយន្ត​មិន​ស្គាល់ ម៉ាក​បុក​ម៉ូតូ កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​៨២.៨៣​ស្ថិតនៅ​ចំណុច​ភូមិ​ទី​១ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ជនរងគ្រោះ​ដែល​ស្លាប់ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​ហុន ចាន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំមាន​ស្រុកកំណើត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញរថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បាន​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុងល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាកហុងដា សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក ដែល​បើក​ស្រប​ទិស​គ្នា​ពីក្រោយពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង តែម្តង​។​

​ចំណែក​អ្នកបើករថយន្ត មិនបាន​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា តាមច្បាប់​នោះទេ គឺ​បានបន្ថែម​ល្បឿន​គេច​បាត់​។ ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​​ជំនាញ បាន​ចុះមក​ធ្វើ​កំណត់ហេតុ និង​វាស់វែង រួច​បាន​យក​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវរក​អ្នកបើករថយន្ត​បង្ក នាំមក​ចាត់ការ​តាមច្បាប់​។ សព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕R