កម្ពុជា បញ្ជូន​កងទ័ព ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ចំនួន ៣.១៥០ នាក់ នៅ ៨ ប្រទេស

ភ្នំពេញ​: ​បេសកកម្ម​របស់​កង​ទ័ព​កម្ពុជា ដើម្បី​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា រហូតមកទល់​ពេលនេះ កម្ពុជា បាន​បញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ​ចំនួន ៣.១៥០ នាក់ ដោយ​បែង​ចែកជា ២៩ កង ដែល​ក្នុងនោះ ចំនួន ២៦ កង បាន​ចូលរួម​បេសកកម្ម​លើ ៨ ប្រទេស​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​បន្តថា បច្ចុប្បន្ននេះ កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន ៦​កង ដែលមាន​កម្លាំង​ទ័ព​ជាង ៨០០​នាក់ បាន និង​កំពុង​បំពេញបេសកកម្ម នៅ​ប្រទេស​ចំនួន ៦​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​NPMEC ក៏បាន​មានប្រសាសន៍​លើកឡើង​ពី​ការកកើតឡើង​របស់​ក​ង​កម្លាំង សម្រាប់​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ខាងលើនេះ ដោយ​ថ្លែង​បញ្ជាក់ថា ស្ថាប័ន​នេះ បានចាប់ផ្តើម​បង្កើតឡើង នា​ឆ្នាំ​២០០៥ តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០០៥​។ ការចាប់ផ្តើម​ជាដំបូង ក្នុងការ​បញ្ជូន​កងក​ម្លាំ​ង​ធំ​ចេញទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ គឺធ្វើឡើង​នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០០៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ព្រមជាមួយ​នឹង​ការ​សំណេះសំណាល​ផ្តាំផ្ញើ​ដោយផ្ទាល់​ជាមួយ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានលើកឡើង​ដូច្នេះ នៅក្នុង​ពេលដែល​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន ហៅ​កាត់​ថា អិន​. ភី .​មិច (NPMEC) បាន​ប្រារព្ធ​ពិធី​ជួបជុំគ្នា ដែល​ធ្វើឡើង​នាទី​ស្នាក់ការ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ សំដៅ​អបអរសាទរ​ទិវា​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ​។​
​    ​
​ថ្លែង​ទៅកាន់​នាយទាហាន​នាយទាហានរង និង​ពលទាហាន ដែល​មកពី​បណ្តា​ស្ថាប័ន​ចំណុះ​ប្រមាណ​ជាជាង ១០០ រូប នាឱកាស​ប្រារព្ធ​ពិធី​ជួបជុំគ្នា​ខាងលើនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​ជួបជុំគ្នា នាឱកាស​នេះ គឺ​ដើម្បី​រំ​ឮ​ក​អនុស្សាវរីយ៍ ដែល​ចម្រុះ​ទៅដោយ​សភាព​ល្វីង​ជូរចត់​ផង និង​គុណសម្បត្តិ​ធំធេង​របស់​យើង ក្នុងការ​បំពេញភារកិច្ច ដែល​គិត​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ មាន​រយៈកាល​ជាង ៩​ឆ្នាំ និង​ឈាន​ចូលដល់​ឆ្នាំ​ទី​១០ នា​ដំណាច់ឆ្នាំ​២០១៥​នេះ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​បាន​ថ្លែងបន្តថា ការជួប​ជុំគ្នា នាពេលនេះ ក៏​ជា​ឱកាស​សម្រាប់​យើង​រាល់គ្នា​ប្រមូលផ្តុំ​នូវ​ឆន្ទៈ​ពូន​ផ្តុំ​បន្ត​អនុវត្ត​ការងារ ដែលមាន​លក្ខណៈ​ជា​វិជ្ជមាន ព្រមទាំង​កាត់ផ្តាច់​ចោល​នូវ​រាល់​ទង្វើ​អសកម្ម ដែល​កើតមានឡើង​នា​ឆ្នាំ​ចាស់​កន្លងទៅ​ឱ្យអស់​ផងដែរ​។ ទន្ទឹមនេះដែរ ការជួបជុំ​នេះ​ក៏​សំដៅ​រំលេច​ឡើង​នូវ​ក្បួនច្បាប់​ប្រកបដោយ​គុណសម្បត្តិ និង​លុបបំបាត់ចោល​ឱ្យអស់​នូវ​រាល់​គុណវិប្បត្តិ ដែល​កើតមានឡើង​នា​ឆ្នាំ​ចាស់​កន្លងទៅ​។​

​សូម​រំ​ឮ​ក​ផងដែរ​ថា ជា​រៀងរាល់ឆ្នាំ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម តែង​បាន​ប្រារព្ធ​ពិធី​ជួបជុំគ្នា​បែបនេះ សម្រាប់​ទិវា​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​ទិវា​សិទ្ធិនារី​អន្តរជាតិ ដោយបាន​ផ្តល់ជូន​មន្ត្រីក្រោមឱវាទ​នូវ​កញ្ចប់​ថវិកា និង​បាយ​សាមគ្គី ជាការ​លើកទឹកចិត្ត​៕

កម្ពុជា បញ្ជូន​កងទ័ព ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ចំនួន ៣.១៥០ នាក់ នៅ ៨ ប្រទេស

កម្ពុជា បញ្ជូន​កងទ័ព ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ចំនួន ៣.១៥០ នាក់ នៅ ៨ ប្រទេស

កម្ពុជា បញ្ជូន​កងទ័ព ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ចំនួន ៣.១៥០ នាក់ នៅ ៨ ប្រទេស