មនុស្ស​ប្រាំពីរ​នាក់​ទទួល​បាន​ការ​ដោះ​លែង​ទាក់ទិន​នឹង​ការ​លក់​ទំនិញ​រោងចក្រ

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​ប្រាំពីរ​នាក់​ដែល​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍​មុន​ពី​បទ​ប៉ុនប៉ង​លក់​ទំនិញ​ពី​រោងចក្រ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​កាលពី​ថ្ងៃ​សុក្រ ដោយ​ម្ចាស់​រោងចក្រ​ព្រម​បើក​ប្រាក់​ឲ្យ​កម្មករ​ជាង​១០០​នាក់​នូវ​ចំណែក​នៃ​ប្រាក់​ខែ ដែល​ពួកគេ​បាន​ជំពាក់។

យោង​តាម​លោក អ៊ូ ផាត ព្រះ​រាជអាជ្ញារង​ខេត្ត​បាន​ឲ្យ​ដឹង​ថា អ្នក​​ជាប់​ឃុំ ដែល​រួម​មាន​អ្នក​ទិញ​ពីរ​នាក់ អ្នក​បើក​រថយន្ត​បី​នាក់ និង​បុរស​ពីរ​នាក់​ដែល​ជួល​ឲ្យ​ជួយ​រើ​ទំនិញ ទទួល​បាន​ការ​ដោះ​លែង បន្ទាប់ពី​បាន​បង្ហាញ​តុលាការ​នូវ​ឯកសារ​ដែល​ចុះ​ហត្ថលេខា​ដោយ​តំណាង​ម្នាក់​នៃ​រោងចក្រ A & J Carter Factory អនុញ្ញាត​ឲ្យ​លក់​សម្លៀក​បំពាក់​នោះ។

លោក​បាន​និយាយ​ថា “យើង​បាន​ដោះលែង​មនុស្ស​ប្រាំពីរ​នាក់​កាលពី​រសៀល​ថ្ងៃ​សុក្រ ពីព្រោះ​ពួកគេ​បាន​បង្ហាញ​យើង​នូវ​ឯកសារ​លក់​ពី​រោងចក្រ​កាត់ដេរ”។ លោក​បាន​បន្ថែម​ថា អ្នក​ទិញ​មិន​បាន​បង្ហាញ​ឯកសារ​ក្រដាស​ស្នាម​ដល់​ប៉ូលិស​នៅ​ពេល​ចាប់​ខ្លួន​ពួកគេ​កាលពី​យប់​ថ្ងៃ​ពុធ​ទេ។

លោក ផាត បាន​និយាយ​ថា រោងចក្រ ដែល​បាន​បញ្ឈប់​ផលិតកម្ម​ជាង​មួយ​ខែ​មក​ហើយ បាន​លក់​សម្លៀក​បំពាក់​តម្លៃ​៩.៥០០​ដុល្លារ ដើម្បី​បើក​ប្រាក់​ឲ្យ​កម្មករ​សម្រាប់​ខែ​កញ្ញា។

លោក លី ជាតិ អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​រោងចក្រ A & J បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រោងចក្រ​បាន​បដិសេធ​សំណើ​របស់​កម្មករ​ឲ្យ​រោងចក្រ​លក់​សម្លៀក​បំពាក់ ដើម្បី​បើក​ប្រាក់​ខែ។

ទោះ​ជា​យ៉ាង​នេះ​ក្តី កាលពី​ថ្ងៃ​អាទិត្យ លោក ជាតិ បាន​និយាយ​ថា លោក​គ្រាន់តែ​ជា​បុគ្គលិក​ម្នាក់​នៅ​រោងចក្រ​នេះ ហើយ​មិន​បាន​ទទួល​ព័ត៌មាន​ពេញលេញ​អំពី​សេចក្តី​សម្រេច​ធ្វើ​ឡើង​ដោយ​ម្ចាស់​រោងចក្រ​របស់​ខ្លួន​ទេ។

លោក ហ៊ីង ប៊ុនធឿន អនុប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខែ្មរ ដែល​នៅ​ក្នុង​ចំណោម​ក្រុម​មេដឹកនាំ​សហជីព​ដែល​បាន​ជួប​ជាមួយ​តំណាង​រោងចក្រ​តាង​នាម​ឲ្យ​កម្មករ បាន​និយាយ​ថា កម្មករ​បាន​ទទួល​ប្រាក់​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ហើយ។

លោក​បាន​និយាយ​ថា “រោងចក្រ​បាន​បើក​ប្រាក់​៨៤​ដុល្លារ​ឲ្យ​កម្មករ​ម្នាក់ៗ ហើយ​ប្រាក់​នេះ​គ្រាន់តែ​ជា​មួយ​ផ្នែក​នៃ​ប្រាក់​ខែ​របស់​ពួកគេ ដូច្នេះ​គេ​អាច​ប្រើ​វា​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ម្ចាស់​រោងចក្រ​បាន​សន្យា​បើក​ប្រាក់​ឲ្យ​កម្មករ បន្ទាប់ពី​ពួកគេ​លក់​ទំនិញ​ថែម​ទៀត”។

លោក ប៊ុនធឿន បាន​បន្ថែម​ថា រោងចក្រ​បាន​ព្រម​លក់​ទំនិញ​ថែម​ទៀត​ដើម្បី​បើក​ប្រាក់​ខែ​ដែល​នៅ​សល់​ឲ្យ​កម្មករ​១១២​នាក់ និង​ប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​១០០​នាក់​ផ្សេងទៀត៕និត

 

The post មនុស្ស​ប្រាំពីរ​នាក់​ទទួល​បាន​ការ​ដោះ​លែង​ទាក់ទិន​នឹង​ការ​លក់​ទំនិញ​រោងចក្រ appeared first on ខេមបូឌា ដេលី.