​កូន​ត្រី​ចំនួន​​ជាង​១ម៉ឺន​​ក្បាល​ ត្រូវ​បាន​​លែង​ចូល «​បឹង​ធម្មជាតិ​កោះ​គ្រប​បាយ​»

​ខេត្ត​កំពង់ធំ ៖ ​អា​ជ្ញា​ធរ​ស្រុក​កំពង់ស្វាយ​ សំណូម​ពរ​ឲ្យ​អង្គការ​ផ្សេង​ៗ​ជួយ​នាំ​យក​ពូជ​កូន​ត្រី​ឲ្យ​បាន​ច្រើន ដើម្បី​លែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​ សម្រាប់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​​ ​លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលរង​ស្រុក​កំពង់ស្វាយ​ បាន​ធ្វើការ​សំណូមពរ​នេះ​កាលពីព្រឹក​ថ្ងៃ​ទី​៥ ​តុលា ​២០១៥ ខណៈ​ដែល​អង្គការ​ហ្វម​​បាន​នាំ​យក​នូវ​ពូជ​កូន​ត្រី​ជាង១​ម៉ឺន​ក្បាល ​មក​លែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​មាន​ឈ្មោះ​ថា​ «បឹង​ធម្មជាតិ​កោះ​គ្រប​បាយ» ស្ថិត​ក្នុងភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់​ស្វាយ ​ដើម្បី​ជួយ​ដល់​ជីវភាពក្នុង​ការ​ហូប​ចុក​របស់​​​ប្រជាពលរដ្ឋ​​ ​ហើយ​លោក​អភិបាលរង​ស្រុក ​ក៏​បាន​សំណូម​ពរ​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ​ដែល​បាន​ចូលរួម​ សូមកុំ​​នាំ​គ្នា​ប្រើប្រាស់​ឧ​បករណ៍​នេសាទ​ខុសច្បាប់ ព្រោះ​​ងាយ​នឹង​ធ្វើ​ឲ្យ​មច្ឆ​ជាតិ​រលាយ​​ផុត​ពូជ​អស់ ។​

​នៅ​ក្នុង​ពិធី​នេះ​​​ដែរ លោក អុល សំ​អៀ​ច នាយក​ប្រតិបត្តិ​អង្គការ​សង្គ្រោះ​ជន​ទុរគត និង​មនុស្ស​ចាស់ ហៅ​កាត់​ អង្គការ​ហ្វម មាន​ប្រសា​ស​ន៏​ថា កូន​ត្រី​ដែល​បាន​នាំ​យក​មក​លែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​នៅ​ថ្ងៃនេះ​ គឺ​មាន​ចំនួន​១២.០០០​ក្បាល ក្នុង​នោះ​មានកូន​ត្រី​ប្រា​ចំនួន៥.០០០​កូន និង​កូន​ត្រី​ឆ្ពិន​ចំនួន​៧.០០០​កូន​ ​​ទន្ទឹម​នឹង​នេះ​ដែរ​ អង្គការ​ហ្វម​​ជឿជាក់​ថា​ ​​ប្រជាពលរដ្ឋ​​​នឹង​ចូលរួម​ការពារ​ធនធានធម្មជាតិ​​​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុង​ការ​អភិរក្ស​ធនធាន​ជលផល ក៏​ដូច​ជា​បរិស្ថាន​នៅ​ក្នុង​ផ្ទៃ​ទឹក​​។

​​បន្ទាប់​មក ​តំណាង​ប្រជាពលរដ្ឋ​​ដែល​ចូល​រួម​ បាន​ធ្វើការ​ប្តេជ្ញា​ការពារ​មច្ឆ​ជាតិ​ឲ្យ​បាន​គង់​វង្ស និង​មិន​ប្រើប្រាស់​​ឧ​បករណ៍​នេសាទ​ខុសច្បាប់​​​ជា​ដាច់​​ខាត ៕