ក្រុង​ព្យុ​ង​យ៉ាង​នឹង​ដោះ​លែង​និស្សិត​កូរ៉េ​ខាងត្បូង​ម្នាក់​រៀន​នៅ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​៥ តុលា​ថា ខ្លួន​នឹង​ដោះ​លែង ព្រមទាំង​ចាប់​បណ្តេញចេញ​និស្សិត​កូរ៉េ​ខាងត្បូង​ម្នាក់​នៃ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក ក្រោយ​ពី​រូបគេ​ត្រូវ​ចាប់ខ្លួន​កាលពី​ខែមេសា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​និយាយ​ថា និស្សិត JOO WON MOON អាយុ​២១​ឆ្នាំ មានការ​អនុញ្ញាត​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋអាមេរិក ត្រូវ​បញ្ជូន​មក​កូរ៉េ​ខាងត្បូង​នា​វេលា​ម៉ោង​១៧​និង​៣០​នាទី ម៉ោង​ក្នុងស្រុក​តាម​ចំណុច​ឆ្លងកាត់​នៃ​ភូមិ​ព្រំដែន​ប៉ាន​មុន​ហ្សូ​ម ។

និស្សិត​រូប​នេះ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ មេ​សា ពេល​ឆ្លងកាត់​ស្ទឹង​យ៉ា​លូ​ដោយ​ខុសច្បាប់ ចេញពី​ទីក្រុង​ដាន​ដុ​ង​ភាគ​ខាងជើង​ចិន ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក CNN និស្សិត JOO និយាយ​កាលពី​ខែមីនា​ថា រូបគេ​មាន​ចេតនា​ធ្វើ​បែប​នេះ​ឱ្យ​មានការ​ចាប់ខ្លួន​គេ​ដើម្បី​បង្កើត​ឧប្បត្តិហេតុ​មួយ​ដែល​អាច​រួមចំណែក​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ។ រូបគេ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​សារព័ត៌​មាននៅ​ក្រុង​ព្យុ​ង​យ៉ាង ។ ពេល​នោះ​គេ​បាន​អាន​សេចក្តី​ប្រកាស​មួយ​ដែល​ទទួលស្គាល់​ទោស​កំហុស ហើយ​សរសើរ​របប​ក្រុង​ព្យុ​ង​យ៉ាង ។ ផ្ទុយ​ពី​ជនបរទេស​ឯទៀត​ៗ​ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង រូបគេ​ពុំដែល​ឡើង​តុលាការ​ឡើយ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ថា នា​ព្រឹក​ថ្ងៃ​ទី​៥ តុលា កាកបាទក្រហម​កូរ៉េ​ខាងជើង​បាន​បញ្ជូន​សារ​មួយ ដោយ​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​មា​តុ​និវត្តន៍​និស្សិត JOO នា​វេលា​ម៉ោង​១៧​និង​៣០​នាទី តាម​ច្រក​ប៉ាន​មុន​ហ្សូ​ម ៕