រុ​ស្ស៊ី​បង្កើន​ការ​វាយប្រហារ​នៅ​ស៊ី​រី​ខណៈ​លោក​អាសា​ដ​ពេញចិត្ត​ចំពោះ​សម្ព័ន្ធភាព​ស៊ី​រី រុ​ស្ស៊ី អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់

ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៤ តុលា ថា ជ័យជម្នះ​នៃ​អន្តរាគមន៍​រុ​ស្ស៊ី​ប្រឆាំង​ពួក​ភេរវ​ករ​គឺ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ចៀសវាង​ការ​កម្ទេច​តំបន់​មជ្ឈិម​បូព៌ា ខណៈ​ក្រុង​មូ​ស្គូ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន ។

រយៈពេល​៥​ថ្ងៃ​ជាប់​ៗ​គ្នា កង​យន្តហោះ​រុ​ស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​ក្នុង​ប្រទេស​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​រយៈពេល​៤​ឆ្នាំ​កន្លះ​មក ហើយ​នេះ​ដោយ​កម្ទេច​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ទោះបី​យ៉ាងណា ជា​ថ្មី​ម្តងទៀត បណ្តា​ប្រទេស​លោក​ខាងលិច​បាន​សម្តែង​ការ​សោកស្តាយ​ថា ការ​វាយប្រហារ​ទាំងនោះ​សំដៅ​ជា​ពិសេស​លើ​បណ្តា​ក្រុម​ឧទ្ទាម ដែល​ប្រទូស្ត​រ៉ា​យ​នឹង​លោក​អាសា​ដ រួច​ពុំ​មែន​សំដៅ​តែ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វី​ដ កា​មី​រ៉ូ​ន ថ្លែង​ថា រុ​ស្ស៊ី​ត្រូវ​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ការ​វាយប្រហារ​របស់​ខ្លួន ។

ថ្លែង​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​ចាប់ផ្តើម​អន្តរាគមន៍​របស់​រុ​ស្ស៊ី​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក លោក​អាសា​ដ យល់​ថា ជ័យជម្នះ​របស់​ក្រុមចម្រុះ​ប្រឆាំង​ភេរវកម្ម​បង្កើត​ឡើង​ដោយ​ប្រទេស​លោក រុ​ស្ស៊ី អីុរ៉​ង់ និង​អីុ​រ៉ា​ក់ គឺ​ចាំបាច់ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អីុ​រ៉​ង់ KHABAR លោក​អាសា​ដ ព្រមាន​ថា សម្ព័ន្ធភាព​នេះ​ត្រូវ​តែ​ឈ្នះ បើ​ពុំ​ដូច្នោះ​ទេ តំបន់​ទាំងមូល​នឹង​ត្រូវ​កម្ទេច ហើយ​ពុំ​មែន​ត្រឹម​ប្រទេស​មួយ ឬ​២​ឡើយ ។ លោក​បន្ត​ថា តម្លៃ​ដែល​ត្រូវ​បង់​ពិតជា​ខ្ពស់​បំផុត តែ​លោម​មាន​ទំនុកចិត្ត​ថា ភ័ព្វវាសនា​នៃ​ជ័យជម្នះ​របស់​ក្រុមចម្រុះ​នេះ ពិតជា​ធំធេង​ពុំ​មែន​តិចតួច​ឡើយ ។

កាន់​អំណាច​ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ រួច​គេច​ផុត​ពី​ការ​បះបោរ​ដែល​បាន​កម្ចាត់​ប្រមុខរដ្ឋ​អា​រ៉ាប់​ជា​ច្រើន​រូប ប្រធានាធិបតី​ស៊ី​រី​សម្តែង​ការ​ពេញចិត្ត​ចំពោះ​អន្តរាគមន៍​របស់​រុ​ស្ស៊ី ។ អន្តរាគមន៍​នេះ​ផ្តល់​ក្តី​សង្ឃឹមថា អាច​ឱ្យ​លោក​ផ្លាស់​ប្តូរ​ស្ថានការណ៍​ក្រោយ​ពី​កងទ័ព​លោក​ទទួល​រង​ការ​បាក់ទ័ព​មួយ​ចំនួន​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មក ។

ក្រុង​មូ​ស្គូ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៤ តុលា ថា បណ្តា​យន្តហោះ​ចម្បាំង​ធុន SUKHOI របស់​ខ្លួន​បាន​ចេញ​វាយប្រហារ​ដល់​ទៅ​២០​លើក រយៈពេល​២៤​ម៉ោង ហើយ​វាយប្រហារ​លើ​ទីតាំង​១០​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​វាយប្រហារ​តាម​អាកាស​ថ្មី​ៗ​ទាំងនេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ប្រកាស​ដែល​ថា ក្រុង​មូ​ស្គូ​នឹង​បង្កើន​យុទ្ធនាការ​វាយប្រហារ​របស់​កង​យន្តហោះ​ខ្លួន ដែល​ដាក់​ពង្រាយ​នៅ​ឯ​មូលដ្ឋាន​មួយ​នា​ភាគ​ខាងលិច​ស៊ី​រី ។​យុទ្ធនាការ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន អះអាង​កាលពី​ថ្ងៃ​ទី​៤ តុលា ថា ពុំ​​អាច​​ទទួល​យក​បាន ។ លោក​ព្រមាន​ថា រុ​ស្ស៊ី​ប្រព្រឹត្ត​ការ​ខុសឆ្គង​ធំ​មួយ ព្រោះ​អន្តរាគមន៍​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​រុ​ស្ស៊ី​នៅ​ឯកោ​ក្នុង​តំបន់ ហើយ​គ្មាន​អ្វី​ល្អ​នោះ​ទេ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អីុ​រ៉​ង់ លោក​អាសា​ដ បាន​បរិហារ​ពី​ការ​រួមគំនិត​របស់​បណ្តា​មេដឹកនាំ​លោក​ខាងលិច​ប្រឆាំង​ស៊ី​រី ដោយ​អះអាង​ថា ការ​រួមគំនិត​នេះ​ត្រូវ​បរាជ័យ​ដោយសារ​អន្តរាគមន៍​យោធា​រុ​ស្ស៊ី​ជួយ​ទ្រទ្រង់​ដល់​ក្រុង​ដា​ម៉ាស់ ។ លោក​អាសា​ដ ចាត់​ទុក​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​បង្កើត​ឡើង​ដោយ​សហ​រដ្ឋអាមេរិក ដើម្បី​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ថា គ្មាន​បាន​ផល ផ្ទុយ​ទៅ​វិញ​បែរជា​នាំ​ឱ្យ​ពួក​ភេរវ​ករ​កាន់តែ​រុលទៅមុខ ។

លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ ក្រុមចម្រុះ​បង្កើត​ឡើង​ដោយ​ស៊ី​រី រុ​ស្ស៊ី អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់ ដើម្បី​តស៊ូ​ប្រឆាំង​ភេរវកម្ម​នឹង​ផ្តល់​លទ្ធផល​ជាក់ស្តែង​នានា តែបើ​ពុំ​ដូច្នេះ​ទេ ស៊ី​រី និង​តំបន់​ទាំងមូល​នឹង​ត្រូវ​កម្ទេច ។ ភ័ព្វវាសនា​នៃ​ជ័យជម្នះ​របស់​ក្រុមចម្រុះ​ថ្មី​មាន​ខ្ពស់​ណាស់ ។

ប្រធានាធិបតី​ស៊ី​រី​ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ ពេល​សួរ​ពី​ការ​ចាក​ចេញពី​អំណាច​ជាយថាហេតុ​របស់​លោក ដូច​ការ​អំពាវនាវ​របស់​ប្រទេស​លោក​ខាងលិច​ជា​ច្រើន លោក​ឆ្លើយ​ថា ប្រសិនបើ​ការ​ចាក​ចេញពី​អំណាច គឺជា​ដំណោះស្រាយ​នោះ ខ្ញុំ​នឹង​មិន​រារែក​ក្នុង​ការ​ធ្វើ​បែប​នេះ​ឡើយ ៕