ខ្លាចាស់ ឡៅ ស៊ីណាត សន្លប់ធំត្រឹមទី២ ក្រោមទម្ងន់ជើងកីឡាករថៃ Rareung (Video Inside)

ភ្នំពេញ៖ អ្នកលេងក្បាច់គុនខ្មែរចាស់វស្សា ឡៅ ស៊ីណាត មិនអាចតស៊ូប្រកួតពេញ៥ទឹកជាមួយកីឡាករជើងខ្លាំងថៃ Rareung Lukchampachai បានឡើយនៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញ ដោយត្រូវកីឡករជួរមុខថៃរូបនេះ ទាត់ផ្កាប់ចានត្រូវកញ្ចឹងកសន្លប់នៅចុងទឹកទី២ ។

មុននឹងសន្លប់នោះ ខ្លាចាស់ ឡៅ ស៊ីណាត បានព្យាយាមវាយសម្រុកទៅវិញទៅមក ជាមួយកីឡាករ Rareung នៅទឹក ទី១ ពោលគឺមានឱកាសប្រើកណ្ដាប់ដៃ និងកែងរៀងៗខ្លួន ។ រីឯកីឡាករ Rareung ក៏ដូច្នេះដែរ ដោយសារធ្លាប់បរា ជ័យក្រោមថ្វីជើងកីឡាករជើងខ្លាំងកម្ពុជា ឡុង សុភី កាលពីពេលថ្មីៗកន្លងទៅនោះ គេបានសម្រុកប្រើជើងទាត់ជាបន្ដ បន្ទាប់លើកីឡាករ ឡៅ ស៊ីណាត ដើម្បីស្ដារមុខមាត់កិត្តិយសរបស់ខ្លួនឡើយវិញ ។

ចូលទឹកទី២ ការប្រកួតក៏កាន់តែក្ដៅទៅៗ កក្រើកកាន់តែខ្លាំង ធ្វើឲ្យអ្នកគាំទ្រជក់ចិត្តជាមួយនឹងការប្ដូរកណ្ដាប់ដៃ កែង និងទាត់ទៅវិញទៅមក និយាយរួមមិនជាលើសខ្វះគ្នាប៉ុន្មានឡើយ ។ តែគួរឲ្យសោកស្ដាយ នៅចុងទឹកទី២នោះ ដោយ សារការធ្វេសប្រហែសរបស់ ឡៅ ស៊ីណាត ទើប Rareung មានឱកាសទាត់ផ្កាប់ចានត្រូវកញ្ចឹងក ហើយសន្លប់តែម្ដង ៕

ខ្លាចាស់ ឡៅ ស៊ីណាត សន្លប់ធំត្រឹមទី២ ក្រោមទម្ងន់ជើងកីឡាករថៃ Rareung (Video Inside)