YG គ្មាន​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​ឲ្យ 2NE1 ខណៈ​កុងត្រា​សល់​តែ​មួយ​ឆ្នាំ


YG គ្មាន​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​ឲ្យ 2NE1 ខណៈ​កុងត្រា​សល់​តែ​មួយ​ឆ្នាំ

នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម​ចម្រៀង​កូរ៉េ YG Entertainment បាន​ទទួល​ស្គាល់​ថា ក្រុម​ចម្រៀង 2NE1 គ្មាន​គម្រោង​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​ទេ​នៅ​ពេល​បច្ចុប្បន្ន។

 

YG គ្មាន​គម្រោង​ចេញ​អាល់ប៊ុម​ថ្មី​ឲ្យ 2NE1 ខណៈ​កុងត្រា​សល់​តែ​មួយ​ឆ្នាំ

 

កំឡុង​ពេល​សន្និសីទ​កាសែត ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពេល​ចប់​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង Ikon លោក Yang Hyun Suk បាន​​និយាយ​ថា “វា​ពិបាក​និយាយ​​ណាស់​ថា តើ 2NE1 នឹង​ចេញ​អាល់ប៊ុម​ថ្មី​នៅ​ពេល​ណា”។

 

សព្វថ្ងៃ​នេះ សមាជិក​និមួយៗ​របស់ 2NE1 កំពុង​តែ​ការ​ងារ​រៀង​ៗ​ខ្លួន ដោយ CL កំពុង​ត្រៀម​ខ្លួន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ អាមេរិក។ Dara កំពុង​តែ​សម្ដែង​​រឿង​និង​ចូល​រួម​កម្មវិធី​ផ្សេងៗ។ Minzy ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តែ​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា។ រីឯ Park Bom បាន​ផ្អាក​គ្រប់​សកម្មភាព​របស់​ខ្លួន​ទាំង​អស់​បន្ទាប់​ពី បាន​​ពាក់ព័ន្ធ​នឹង​អាស្រូវ​​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​ទៅ។

 

ចំពោះ​បញ្ហា​នេះ Yang Hyun Suk បាន​​បញ្ចេញ​មតិ​ថា “វា​ជា​​បញ្ហា​ដ៏​រសើប​មួយ ប៉ុន្តែ​​វា​មាន​បញ្ហា​ចម្រូងចម្រាស​​ពាក់ព័ន្ធ​នឹង Park Bom តាំង​ពី​ឆ្នាំ​មុន។ និយាយ​ការពិត ខ្ញុំ​គិត​ថា នាង​គួរ​តែ​ចំណាយ​ពេល​ដើម្បី​​ពិចារណា​ទង្វើ​ខ្លួន​ឡើងវិញ។ ខណៈ​ពេល​នេះ​ពួក​យើង​កំពុង​ផ្ដោត​លើ​ការ​ចេញ​បទ​ចម្រៀង​ដំបូង​របស់ CL នៅ​អាមេរិក។ ក្រោយ​ពី​បទ​ចម្រៀង​របស់​នាង​ដំណើរការ​ល្អ​ហើយ ពួក​យើង​នឹង​គិត​ពី​គម្រោង​ថ្មី​ៗ​សម្រាប់​ 2NE1។ កុងត្រា​​ក្រុម 2NE1 នៅ​មាន​សុពលភាព​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត”។

 

ក្រៅ​ពី​ក្រុម 2NE1 លោក​ក៏​បាន​បង្ហើប​ដែរ​ថា ក្រុម​ចម្រៀង​ស្រី​ថ្មី​របស់​ផលិតកម្ម YG នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ខាង​មុខ។ “ពួក​យើង​កំពុង​តែ​ពិភាក្សា​ជាមួយ​ផលិតករ​ទាំង​ឡាយ ដោយ​សារ​តែ​គម្រោង​បាន​គិត​ជា​យូរ​ណាស់​មក​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​បង្ហាញ​មុខ​នៅ​ដើម​ឆ្នាំ​ក្រោយ។ ពួក​​គេ​នៅ​ក្មេង​ក៏​ពិត​មែន តែ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​​ស្រេច” Yang Hyun Suk ប្រាប់​បណ្ដាញ​សារព័ត៌មាន៕ ​

 

ចុចអាន៖Park Bom ប្រែប្រួល​មុខ​យ៉ាង​ណា​ខ្លះ​មុន​និង​ក្រោយ​ពេល​ចូល​ក្រុម 2NE1

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi