លោក​ហ៊ុន ម៉ា​ណែ​ត​៖ ប្រមុខ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះ​កំរិតជីវភាព​រស់នៅ​កងទ័ព​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​មាន​ប្រសាសន៍​ថា ឆន្ទៈ សមត្ថភាព សុខភាព ភាពស្មោះត្រង់ គឺជា​លក្ខណៈសម្បត្តិ​រប​ស់​កងទ័ព ដើម្បី​ពង្រឹង​ការពារ​ប្រទេសជាតិ និង​រក្សា​សន្តិភាព ដែល​បាន​ដោយ​លំបាក​ទុក​សំរាប់​ប្រជាពលរដ្ឋ​ជំនាន់​នេះ និង​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយៗ​ទៀត​។​

​ការ​ថ្លែង​បែបនេះ បានធ្វើ​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​នាយទាហាន ពលទាហាន និង​ក្រុមគ្រួសារ និង​និវត្តជន​នៃ​អង្គភាព​សម្ព័ន្ធមេត្រីភាព​រវាង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ និង​កងពលតូច ថ្មើរជើង​លេខ​៥៣ នាឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល បាន និង​កំពុង​យកចិត្តទុកដាក់​ចំពោះ​កំរិតជីវភាព​រស់នៅ​កងទ័ព តាមរយៈ​ការតំឡើង​ប្រាក់បៀវត្ស ប្រាក់​របប​ផ្សេងៗ នៅតាម​បណ្តា​អង្គភាព​នានា សំដៅ​លើក​កំពស់​ជីវភាព​រស់នៅ និង​ក​ត្តិ​យស​របស់​កងទ័ព និង​និវត្តជន​។ ជាក់ស្តែង​ការផ្តល់​សម្ភារៈ ថវិកា គ្រឿងឧបភោគ​បិ​រិ​ភោគ និង​កសាង​សមិទ្ធផល​នានា នៅក្នុង​អង្គភាព​នេះ គឺជា​ការបំពេញ​សេចក្តីត្រូវការ​របស់​ក​ង​ទ័ព ក្រុមគ្រួសារ និង​និវត្តជន​នៅ​អង្គភាព​នេះ និង​នៅ​បណ្តា​អង្គភាព​នានា​។​

​ជាមួយគ្នានេះ នាយទាហាន ពលទាហាន ក្រុមគ្រួសារ​ទ័ព និង​និវត្តជន​នៅ​កងពលតូច​ថ្មើរជើង​លេខ​៥៣ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព​ក្រុមគ្រួសារ​ទ័ព និង​និវត្តជន​នាពេលនេះ​ក៏ដូចជា​នាពេល​កន្លងមក​។​

​បន្ទាប់ពី​បញ្ចប់​ការ​សំណេះសំណាល លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អញ្ជើញ​សម្ពោធ​ម៉ាស៊ីន​ផលិត​ទឹកស្អាត និង​បញ្ចុះបឋមសិលា​សាងសង់​អគារ​បណ្ណាល័យ ដែលជា​អំណោយ​របស់​អគ្គនាយក​ដ្ឋា​ន​រតនាគារជាតិ និង​បានផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​នាយទាហាន និង​សប្បុរសជន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នានា នៅក្នុង​កងពលតូច​ថ្មើរជើង​លេខ​៥៣ និង​បានប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ កងពលតូច​ថ្មើរជើង​លេខ​៥៣ គ្រួសារ​កងទ័ព និង​និវត្តជន​ផងដែរ​៕

លោក​ហ៊ុន ម៉ា​ណែ​ត​៖ ប្រមុខ​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះ​កំរិតជីវភាព​រស់នៅ​កងទ័ព​