សហជីព ប្រកាស​ធ្វើ​យុទ្ធនា​ការទាមទារ​ដំឡើង​ប្រាក់ខែ នៅតាម​បណ្តា​រោងចក្រ នៅ​ថ្ងៃទី​៧ ខែតុលា​

ភ្នំពេញ: សម្ព័ន្ធ​សហជីព​ជាតិ សហភាព​ការងារ​កម្ពុជា ហៅ​កាត់ (CLC) និង​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ ព្រមទាំង​សហជីព​មូលដ្ឋាន រួមជាមួយ​កម្ម​ករក​ម្ម​ការិនី នៅ​ទូទាំងប្រទេស​កម្ពុជា បានប្រកាសថា នឹងធ្វើ​យុទ្ធនា​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ​។​

​លោក​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា​នេះ​ថា នៅ​ថ្ងៃទី​៧ ខែតុលា នៅវេលា​ថ្ងៃត្រង់ (​ម៉ោង​កម្មករ​សម្រាក​បាយ​) នៅតាម​បណ្តា​រោងចក្រ កម្មករ កម្មការិនី នឹងធ្វើ​ការជួប​ជុំគ្នា ប្រមូលផ្តុំ​នៅមុខ​រោងចក្រ ដើម្បី​ធ្វើការ​សម្តែង​មតិ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ និង​មានការ​លើក​បដា ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ ឈប់​កេង​វ​ប្រវ័ញ្ច​លើក​ម្មករ បញ្ឈប់​កិច្ចសន្យា​រយៈពេល​ខ្លី និង​ទាមទារ​ឲ្យ​អ្នកបញ្ជា​ទិញ​ដំឡើងថ្លៃ​សម្លៀកបំពាក់ រួមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ទៀត​។​

​សេចក្តីប្រកាស​របស់​មេ​ដឹកនាំ​សហជីព​កម្មករ​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដែល​រួមមាន​៖ ភាគី​ថៅកែ​រោងចក្រ ភាគី​រដ្ឋាភិបាល និង​ភាគី​សហជីព​កម្មករ កំពុង​ប្រជុំ​ចរចា​គ្នា និយាយ​ពី​ការឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​។ កិច្ចប្រជុំ ចាប់តាំងពី​ថ្ងៃទី​២៨​កញ្ញា បន្ត​រហូតដល់​ពេលនេះ មិនទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ​។ សហជីព​កម្មករ បាន​ព្រមព្រៀង​បញ្ចុះ​ការទាមទារ​ឡើង​ប្រាក់ខែ​ពី ១៦៨ ដុល្លារ មក​នៅត្រឹម ១៦៣,៥ ដុល្លារ​។ រីឯ​ថៅកែ​រោងចក្រ​កាត់ដេរ នៅតែ​រឹង​ជំហរ ដោយ​ព្រមព្រៀង​ឡើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៦ ត្រឹមតែ ៥ ដុល្លារ ថែម​លើ​ប្រាក់ខែ​ចាស់ ១២៨ ដុ​លា្ល​រ ពោលគឺ​ត្រឹម ១៣៣ ដុល្លារ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ក្រុមការងារ​ត្រីភាគី​នោះ នឹង​បន្ត​ប្រជុំ ដើម្បី​ស្វែងរក​តួលេខ​ប្រហាក់ប្រហែលគ្នា មុននឹង​បញ្ជូន​សំណើ​នោះ ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច​ចុងក្រោយ​៕​