បុរស​ចំណាស់​យក​ចបជីក​វាយ​នារី​ម្នាក់​សន្លប់ ស្មាន​តែ​ស្លាប់ រត់​យក​កាំបិត​ចិតបន្លែ​អារ​.​ក​ខ្លួនឯង​ដែរ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹងនៅ​មុន​នេះ​​បន្តិច​ថា មាន​ករណី​ហិង្សា​រវាង​បុរស​ចំណាស់​ម្នាក់​ យក​ចបជីក​ទៅ​វាយ​នារី​ម្នាក់​ បណ្តាល​ឱ្យ​សន្លប់​​នៅ​នឹង​កន្លែង រួច​ហើយ​បុរស​ខាងលើ ​ស្មាន​តែ​នារី​នោះ​ស្លាប់ ក៏​រត់​ទៅ​យក​កាំបិត​ចិតបន្លែ​មក​អារ​.​ក​ខ្លួន​ឯងប៉ង​សម្លាប់​ខ្លួនដែរ​ តែ​មិន​បាន​សម្រេច ព្រោះ​ត្រូវ​សម​ត្ថិ​កិច្ច​ជួយ និង​បញ្ជូន​បុរស​រូប​នោះ និង​នារី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​​សង្គ្រោះ​ភ្លាម​ៗផង​​ដែរ ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៥ តុលា ២០១៥ ស្ថិត​នៅ​ក្នុង​វត្ត​រំដួល ក្នុង​សង្កាត់​​ចំការ​សំរោង ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​បង្ក​ខាងលើ​ឈ្មោះ​ព្រាប ម៉ា​ន អាយុ​៥៦​ឆ្នាំ ជា​ជន​ក្រីក្រមក​ស្នាក់​នៅ​ផ្ទះ​ក្នុង​វត្ត​ខាងលើ ។ ចំណែក​ឯ​នារី​រង​គ្រោះ​ឈ្មោះ​ឡាក់ ភក្ត្រា អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូន​កូនប្រសា​ស្រី​របស់​បុរស​រូប​​នោះ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា ករណី​នេះ​ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​មុន​ពេល​កើត​ហេតុ នារី​រង​គ្រោះ​​ទើបតែ​មក​ពី​ក្រុង​​ប៉ោយ​ប៉ែ​ត ដោយ​បាន​​មក​លេង​ផ្ទះ​របស់​បុរស​​ខាងលើ ។ មួយសន្ទុះក្រោយមក​ ក៏​ផ្ទុះ​ជម្លោះ​ដោយ​បុរស​រូប​នោះ ​បាន​យក​ចប​ជីក​ទៅ​វាយលើ​​នារី​រង​គ្រោះ ​បណ្តាល​ឱ្យ​សន្លប់​ ។ បន្ទាប់​មក ឃើញ​ស្មាន​តែ​នារី​រូប​នោះ​​ស្លាប់ ប្រហែលជា​ភ័យ​ខ្លួន ​ក៏​រត់​ទៅ​យក​កាំបិត​ចិតបន្លែ​មក​អារ​.​ក​ខ្លួន​ដែរ​ ។ គួរ​បញ្ជាក់​ថា បុរស​រូប​នោះ​មាន​ស្ថានភាព​ស្រវឹងស្រា​​ផង​ដែរ ។