​​​​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែងឃាត់ខ្លួន​​​ប្រុស​ស្រី​១៤​នាក់ ​

ខេត្តសៀមរាប​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ខេត្ត​ ​សហការ​ជាមួយ​នគរបាល​ក្រុង ​​អាជ្ញាធរ​ក្រុង ​និង​មូលដ្ឋាន​ ដែល​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ខេត្ត​ បាន​ចុះ​ឆែកឆេរ​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែរខុសច្បាប់​មួយ​កន្លែង ​រហូត​ឈាន​​​ទៅ​​ឃាត់ខ្លួន​​អ្នក​ញៀន​ល្បែង​ប្រុស​ស្រី​ចំនួន​១៤​នាក់​ ក្នុង​នោះ​ម្ចាស់​ទីតាំង​​ម្នាក់​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​ស្រី​២​នាក់ ​ព្រម​ទាំងដក​ហូត​​​វត្ថុ​តាង​មួយ​ចំនួន​បញ្ជូន​​ទៅ​​ការិយា​ល័យ​​នគរបាល​​កម្រិត​​ស្រាល​​ផង​ដែរ​​ ។

​ក្នុង​ប្រតិបត្តិការ​​ចុះ​បង្ក្រាប ​និង​ធ្វើការ​ឆែកឆេរ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​គ្មាន​ច្បាប់​នេះ​ធ្វើ​ឡើង​កាល​ពី​​វេលា​ម៉ោង​៨​​យប់​ថ្ងៃ​ទី​៤​ តុលា​​ ២០១៥​ ស្ថិត​នៅ​​ជាប់​របង​ក្លិប​ផាត់​អាន​ពី​ខាងលិច ​(​អតីត​ផ្ទះសំណាក់​ខាំ​ហ្វ​ត​) ​បាន​ជួល​ឱ្យ​ម្ចាស់​ទីតាំង​ថ្មីយីហោ ក្លិប​​កម្សាន្ត​បាញ់​ត្រី​ ​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៨ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

លោក​​ ភឹង ចិន្តា​រ៉េ​ត ​​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ តុលា​ នេះ​ថា ​យោង​តាម​បទបញ្ជា​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល​​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត ​និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យ​កម្លាំង​ចម្រុះ​ដើម្បី​បង្ក្រាប​ករណី​ហ្គេ​ម​បាញ់​ត្រី​គ្មាន​ច្បាប់​ខាងលើ​ ។

​ក្រោយ​ពី​​​​​​បង្ក្រាបរួច​ សមត្ថកិច្ច​​​ដកហូត​បាន​វត្ថុ​តាង​ ​រួម​មាន ទូហ្កេ​ម​បាញ់​ត្រី​​​៣​គ្រឿង​​ ​កុំព្យូទ័រ​​១​​សម្រាប់​ អាវុធ​ខ្លី​១​ដើម ម៉ាក​សេ​អេស គ្រាប់​១៦​គ្រាប់ ពណ៌​ខ្មៅ​ ​​កាត​សម្គាល់​ខ្លួន​​១ ​​​សំបុត្រ​បេស​កកម្ម​១​សន្លឹក ៕​

​ព័ត៌​មាន​លម្អិត​មានផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​