លោកពូ​ទី​ន គ្រោង​បញ្ជូនទាហាន​150​ពាន់​នាក់​ទៅ​ស៊ី​រី

មេដឹកនាំ​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន គ្រោង​បញ្ជូនទាហាន​ដល់​ទៅ​១៥០.០០០​នាក់​ដើម្បី​រំដោះ​ក្រុង​រ៉ា​កា ជា​រដ្ឋធានី​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

លោក ពូ​ទី​ន ចាប់ផ្តើម​កេណ្ឌ​ប្រមូល​ទាហាន​បម្រុង​១៥០.០០០​នាក់​ឱ្យ​ចូល​បម្រើកងទ័ព​ក្នុង​ពេល​ដ៏​ឆាប់​នា​ស​ប្តា​ហ៍​នេះ ។

យោង​តាម​សេចក្តីរាយការណ៍​ថា លោក ពូ​ទី​ន កំពុង​រៀបចំ​ធ្វើ​បេសកកម្ម​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​វាយ​ដណ្តើម​ក្រុង​រ៉ា​កា​ពី​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ដែល​មាន​កម្លាំង​៥.០០០​នាក់​ការពារ​ទីក្រុង​នេះ ។

ប្រភព​ព័ត៌មាន​ផ្ទៃក្នុង​មួយ​ទម្លាយ​ឱ្យ​ដឹង​ថា រុ​ស្ស៊ី​ពិតជា​ចង់​កម្ចាត់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ពី​ភាគ​ខាងលិច​ស៊ី​រី ដោយ​វាយ​យក​ទីក្រុង​រ៉ា​កា ព្រមទាំង​តំបន់​ប្រេងកាត​ជុំវិញ​ក្រុង PALMYRA ។ ប្រភព​ផ្ទៃក្នុង​នេះ​បន្ត​ថា ជា​ការ​ប្រញាប់​ដែល​ត្រូវ​លើកទ័ព​ទៅ​កាន់​ក្រុង​រ៉ា​កា ដើម្បី​ការពារ​សន្តិសុខ និង​បោសសម្អាត​ពួក​បះបោរ​ចេញពី​តំបន់​សម្បូរ​ប្រេង​នេះ និង​ពី​រដ្ឋធានី​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ៕