រថយន្តដឹកដី បើកលឿន ដល់ផ្លូវកែង បុករ៉ឺម៉កដឹកដែក បណ្តាលឲ្យយុវជន ២នាក់ របួសបាក់ជើង និងបែកក្បាល

ភ្នំពេញ ៖ យុវជន២នាក់ រងរបួសធ្ងន់ធ្ងរម្នាក់ បាក់ជើង និងម្នាក់បែកក្បាល ខណៈពួកគេជិះម៉ូតូអូសរ៉ឺម៉ក មួយ គ្រឿង ហើយដល់ផ្លូវកែង ត្រូវ រថយន្តដឹកដីមួយគ្រឿង បោះពួយលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុករ៉ឺម៉កពេញ ទំហឹង នាវេលាម៉ោង ១៥ និង១០ នាទី រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវព្រៃស កែងផ្លូវលំ ចូល វត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជន ២នាក់ ដែលរងរបួសខាងលើនេះ ទី១-ឈ្មោះ ឈាន វិន ភេទប្រុសអាយុ ២១ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅឃ្លាំងដែក សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល ( អ្នកបើករ៉ឺម៉ក) និងទី២ ឈ្មោះ ឡា ឡយ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅឃុំព្រែកអំបុល ស្រុកស្អាង ខេត្តកណ្តាល ( អ្នកជិះពីក្រោយរ៉ឺម៉ក)។ ចំណែកអ្នកបើកបររថយន្តបង្ក មិន ស្គាល់អត្តសញ្ញាណទេ ដោយសារក្រោយកើតហេតុរូបគេរត់គេចខ្លួនបាត់ ។

បើតាមសម្តីពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុខាងលើនេះ បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គឺជន រងគ្រោះទាំង ២នាក់ បានជិះរ៉ឺកដឹកដែកមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ បេតុង ព្រៃស ទិសដៅពីលិចទៅ កើត លុះមកដល់ផ្លូវកែងបត់ចូលវត្តឬស្សីសាញ់ ស្រាប់តែមានរថយន្ត ហីយ៉ាន់ដាយ មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3B 1111 កំពុងបើកចេញពីកន្លែងចាក់ដីខាងជើងវត្តឬស្សីសាញ់ ដោយបានបើកបរក្នុងល្បឿន យ៉ាងលឿន ហើយបានជ្រុលបុកចំពីមុខ រ៉ឺម៉កដឹកដែកពេញទំហឹង បណ្តាលយុវជន២ នាក់ ដែលកំពុងរួមដំណើរ លើករ៉ឺម៉ក ខ្ទាតចេញនឹងធ្លាក់ពីរ៉ឺម៉ក ត្រូវរថយន្តកិនម្នាក់បាក់ជើង និងម្នាក់បែកក្បាល ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នឹង ត្រូវបានថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកដង្កោ ជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ។ ចំណែករ៉ឺម៉កវិញ ត្រូវរថយន្តដឹកដីកិនពីលើខ្ចេច រងការខូចខាតទាំងស្រុង ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុរថយន្តបង្ក និងរ៉ឺម៉ក ដឹកដែក ត្រូវបាននគរបាលចរាចរណ៍ វាស់វែងអូសយក មករក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានាពេលក្រោយ ៕

រថយន្តដឹកដី បើកលឿន ដល់ផ្លូវកែង បុករ៉ឺម៉កដឹកដែក បណ្តាលឲ្យយុវជន ២នាក់ របួសបាក់ជើង និងបែកក្បាល