លោក សួន សេរីរដ្ឋា៖ ច្បាប់ប្រឆាំងអំពើពុករលួយ គ្រាន់​តែ​ជា​ឧបករណ៍​ការពារ​ជន​ពុក​រលួយ

ប៉ោយប៉ែត៖ ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បានថ្លែងថា «ច្បាប់ប្រឆាំងអំពើពុករលួយ និងគណៈកម្មការប្រឆាំងអំពើពុករលួយ គ្រាន់តែជាឧបករណ៍ការពារក្រុមជនពុករលួយរបស់រដ្ឋាភិបាលប៉ុណ្ណោះ» ។

ការលើកឡើងរបស់លោក សួន សេរីរដ្ឋាខាងលើបែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា និងអ្នកគំាទ្រគណបក្សអំណាចពលរដ្ឋខ្មែរ នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៥ ។

បើតាមលោក សួន សេរីរដ្ឋា ដែលទើបវិលចូលប្រទេសកម្ពុជាកាលពីថ្ងៃទៅ០១ ខែតុលាកន្លងមក ក្រោយពេលព្រះមហាក្សត្រ ព្រះរាជទានការ លើកលែងទោស បន្ទាប់ពីតុលាការផ្ទន្ទាទោសពីបទក្បត់ជាតិនោះ រដ្ឋាភិបាលបច្ចុប្បន្នគ្មានសមត្ថភាពក្នុងការលុបបំបាត់អំពើពុករលួយបានទេ ព្រោះមន្រ្តីរាជរដ្ឋាភិបាលខ្លួនឯង និង បក្សអំណាចពុករលួយ។

លោកបានបន្តថា គណបក្សអំណាចខ្មែរនំាមកនូវភាពស្អាតស្អំ ហើយថាប្រសិនបើគណបក្សអំណាចពលរដ្ឋខ្មែរឈ្នះឆ្នោត លោកនឹងរំលាយចោលគណៈកម្មការ ប្រឆាំងអំពើពុករលួយ ក៍ដូចជាច្បាប់ប្រឆាំងអំពើពុករលួយ ។

មកដល់ម៉ោង៤៖៣០នាទីរសៀលថ្ងៃចន្ទដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្រ្តីជំនាញពាក់ព័ន្ឋរបស់រាជរដ្ឋាភិបាល៕

លោក សួន សេរីរដ្ឋា៖ ច្បាប់ប្រឆាំងអំពើពុករលួយ គ្រាន់​តែ​ជា​ឧបករណ៍​ការពារ​ជន​ពុក​រលួយ