នាង​ថត​សកម្មភាព​«ខ្មោច​លង» ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​អៀឡង់


ស្ត្រីជាតិអៀឡង់មួយរូប បានបង្ហោះវីដេអូមួយរបស់នាង ដែលថតជាប់ ដោយទូរស័ព្ទដៃរបស់នាង នៅ​លើ​បណ្ដាញ​សង្គម នូវសកម្មភាព«ខ្មោចលង» ក្នុងផ្ទះរបស់នាង។ គ្មាននរណាម្នាក់ គិតថាមិនជឿពីបញ្ហា​នេះ​ឡើយ ដោយ​សារ​ស្ត្រី​រូប​នេះ អះអាងថាខ្លួន គ្រាន់តែជាមនុស្ស ដ៏សមញ្ញម្នាក់ប៉ុណ្ណោះ។ តែអ្នកខ្លះទៀត បាន​យល់​ផ្សេង​ទៅ​វិញ។
ទិដ្ឋភាព«ខ្មោចលង» ថតដោយស្ត្រីជាតិអៀឡង់ម្នាក់ រួចយកមកបង្ហោះ ផ្អើលគេឯង ពេញបណ្ដាញសង្គម។

ជិតដល់រដូវកាល «Halloween» ហេតុភេទចម្លែកៗ ក៏ចេះតែកើតមាន ជាបន្តបន្ទាប់ដែរ។ ស្ត្រីជាតិអៀឡង់​មួយ​រូប បានជ្រើសរើសពេលវេលានេះ ដើម្បីបង្ហោះ នៅលើបណ្ដាញសង្គម នូវវីដេអូចំនួនបី ស្ដីពី«ខ្មោចលង​ក្នុង​ផ្ទះ»​នាង ដែលស្ថិតនៅក្រុង ខក (Cork ទីក្រុងទី៣ ភាគខាងត្បូងនៃប្រទេសអៀឡង់)។ ជាទិដ្ឋភាព«ខ្មោចលង»មិន​ធម្មតា ដោយសារតែរបស់បរជាច្រើន នៅក្នុងផ្ទះ ជាពិសេសនៅក្នុងបន្ទប់ធ្វើបាយ របស់នាង បានកម្រើក និង​ហោះ​ចុះ​ឡើងដោយឯកឯង ដ៏គួរឲ្យភ័យខ្លាច។

នាង​ថត​សកម្មភាព​«ខ្មោច​លង» ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​អៀឡង់

នាង អាស៊ី ម័រហ្វី (Ashy Murphy) បានបង្ហោះរូបភាព ដែលនាងថតបានទាំងនោះ នៅលើបណ្ដាញសង្គម។ វីដេអូចុងក្រោយ (នៅខាងលើអត្ថបទនេះ) ត្រូវបាននាងដាក់ផ្សាយ នៅថ្ងៃទី២ ខែតុលានេះ ខណៈវីដេអូដែល​មានប្រជាប្រិយជាងគេ និងទទួលបានការចែករំលែក ដល់ទៅជាង២សែនដង ជាវីដេអូទីពីររបស់នាង បង្ហោះ​កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ។ រូបភាពទាំងនោះ សុទ្ធសឹងជាការកម្រើក ដោយឯកឯង នូវសម្ភារៈរបស់​របរជាច្រើន នៅក្នុងផ្ទះរបស់នាង និងមានវត្ថុខ្លះ ត្រូវបានគ្រវាត់ចេញពីក្នុងទូ មកកាន់រូបនាង​ជាអ្នកថតជា​ដើម។

ខ្សែរទាញកំបាំងខ្លួន...

ប្រសិនជាមនុស្សជាច្រើន បានអះអាងពីការជឿជាក់ ថាមាន«ខ្មោចលង»ពិតមែន ហើយបាននាំគ្នាសរសេរ ដាក់​យោបល់ ដ៏គួរឲ្យព្រឺឆ្អឺងខ្នង​នោះក៏ដោយ តែមនុស្សមួយចំនួនទៀត បានធ្វើការបកស្រាយផ្សេងមកវិញ។ អ្នក​ជំនាញខាងសរសេរអត្ថបទ ទាក់ទងនឹងពិភព «ខ្មោចព្រាយបីសាច» មួយរូប បានលើកយកគ្រប់ចំណុច នៅ​ក្នុង​វីដេអូ មកធ្វើការពន្យល់។

បង្អួច ឬទ្វាទូ បានរបើកឡើងដោយខ្លួនឯង អាចជាត្រូវបានទាញដោយខ្សែរមួយ កំបាំងខ្លួន។ ការទាញខ្សែរ​នេះ ដូចជាត្រូវបានបញ្ជាក់ ជាមួយនឹងអំពូលភ្លើង ដែលបានគ្រវីគ្រវាត់ខ្លួន ទៅរកទិសតែមួយ។ របស់របរ ឬវត្ថុ​ប្រើ​ប្រាស់ ត្រូវបានគ្រវាត់ចេញ ឬបែកខ្ចាត់ខ្ចាយ អាចត្រូវបាននរណាម្នាក់ បាញ់ព្រួញ ឬចុចគន្លឺះយន្ដពី​ចំងាយ។ល។ ជាពិសេសចម្រៀង ដែលត្រូវបានស្ដាប់ឮក្នុងវីដេអូ ក៏ជាជម្រើសមួយ ក្នុងការបង្កើតភាពព្រឺព្រួច​នោះ​ដែរ៕


វីដេអូទី១ បង្ហោះក្នុងថ្ងៃទី១៥ ខែកញ្ញា៖


វីដេអូទី២ បង្ហោះក្នុងថ្ងៃទី២២ ខែកញ្ញា៖