អាដហុក​ខេត្ត​ព្រះវិហារ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ភ្នំត្បែងពីរ​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស

ទាញ​យក​កម្មវីធី

ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ហៅ​កាត់​ថា យូ.អេស.អេ.អាយ.ឌី (USAID) បាន​ផ្ដល់​គម្រោង​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ ចុះ​ទៅ​បង្រៀន និង​បណ្ដុះបណ្ដាល​អ្នក​ភូមិ​នៅ​ទី​ជនបទ​ដាច់​ស្រយាល នៃ​ឃុំ​ភ្នំត្បែង២ ស្រុក​គូលែន ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស និង​ការ​តស៊ូ​មតិ​នានា​ទៅ​តាម​ផ្លូវ​ច្បាប់។

ការ​ផ្ដល់​មូលនិធិ​ឲ្យ​បណ្ដុះបណ្ដាល​ចំណេះ​ដឹង​ផ្នែក​សិទ្ធិ​មនុស្ស​នេះ ដោយសារ​តែ​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិន​ទាន់​ស្គាល់​អំពី​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​តំបន់​ទាំង​នោះ​ជា​តំបន់​ដាច់​ស្រយាល ក៏​តែង​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ញឹកញាប់​ដែរ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ រក​ឃើញ​ថា ឃុំ​ភ្នំត្បែងពីរ នៃ​ស្រុក​គូលែន គឺ​ជា​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ចំណោម​តំបន់​ខ្លះ​ទៀត ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ញឹកញាប់​ក្នុង​ពេល​បច្ចុប្បន្ន។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​តុលា ថា អង្គការ​របស់​លោក​មាន​គម្រោង​ចុះ​ទៅ​បង្រៀន​ស្ដីពី​សិទ្ធិ​អំណាច​របស់​សហគមន៍ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឃុំ​ភ្នំត្បែងពីរ នៃ​ស្រុក​គូលែន ចំនួន​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ត​ទៅ។ គម្រោង​បង្រៀន​ដែល​មាន​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នោះ នឹង​អប់រំ​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​៤ ឲ្យ​យល់​ដឹង​អំពី​អំណាច​វិមជ្ឈការ ការ​យល់​ដឹង​អំពី​សេវា​សាធារណៈ សិទ្ធិ​ដីធ្លី និង​ការ​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់ ជាដើម។ មន្ត្រី​អាដហុក ខេត្ត​ព្រះវិហារ ដដែល​ឲ្យ​ដឹង​ថា នៅ​ឃុំ​ភ្នំត្បែងពីរ នៃ​ស្រុក​គូលែន នេះ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ឧស្សាហ៍​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយសារ​រឿង​ទំនាស់​ដីធ្លី ដូចជា​មាន​ក្រុមហ៊ុន​បរទេស និង​អ្នក​មាន​អំណាច​ទៅ​រំលោភ​បំពាន​ជា​ញឹកញាប់៖ «តំបន់​នេះ​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​បោះ​បង្គោល​ទៅ​លើ​ដីធ្លី​ស្រែ​ចម្ការ​របស់​ពួក​គាត់ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន»

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​បរិបូរណ៍ ភូមិ​ស្រឡៃ ភូមិ​ក្ដាក់ និង​ភូមិ​ឈូក ឲ្យ​ដឹង​ថា ពួក​គេ​ចង់​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស និង​ការ​តស៊ូ​មតិ​ឲ្យ​ច្បាស់លាស់ ដើម្បី​ប្រើ​សិទ្ធិ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ការពារ​ដី​ស្រែ​ចម្ការ​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន តែង​ប៉ុនប៉ង​រំលោភ​យក។

តំណាង​សហគមន៍​ក្ដាក់ លោក គង់ យួន មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក និង​ភូមិ​ផ្សេង​ទៀត​ប្រមាណ ៤០០​គ្រួសារ កំពុង​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​សេលា ដាមិច ហើយ​បញ្ហា​ទាំង​នេះ កំពុង​បង្កើត​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ៖ «ដោយសារ​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​ហ្នឹង គឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ មិន​សូវ​គោរព​ច្បាប់​ទម្លាប់ មិន​សូវ​គោរព​សិទ្ធិ និង​តួនាទី​របស់​ប្រជាពលរដ្ឋ»

មេ​ឃុំ​ភ្នំត្បែងពីរ លោក ប៉ោយ ទុំ ទទួល​ស្គាល់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អ្នក​មាន​អំណាច មិន​មែន​តែ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​រូប​លោក​ដែល​ជា​មេ​ឃុំ ក៏​ធ្លាប់​ទទួល​រង​ការ​គាប​សង្កត់ និង​គំរាម​កំហែង​ដែរ នៅ​ពេល​ណា​ដែល​លោក​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ម្ដងៗ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។