សម្តេចតេជោ ហ៊ុន សែន រម្លឹកពីការកសាង​ស្ពានព្រែក​តាមាក់និងហេដ្ឋារចនា​សម្ព័ន្ឋមួយចំនួន​នៅស្រុកខ្សាច់កណ្តាល

រាជធានីភ្នំពេញ ៖​ ប៉ុន្មាននាទីមុននេះ​ នៅលើបណ្តាញទំនាក់ទំនងសង្គម ​( Facebook)ផ្លូវការ ​សម្តេចតេជោ ហ៊ុន សែន​ ​បានសរសេររម្លឹក​នូវការកសាង​​ស្ពានព្រែកតាមាក់​និង​ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន​ទៀតនៅក្នុងស្រុកខ្សាច់​កណ្តាល និងផ្លូវជាតិលេខ៨តភ្ជាប់​ទៅខេត្តព្រៃវែង ​ដែលគេហទំព័រ​កោះសន្តិភាព​សូមមិនធ្វើអត្ថាធិប្បាយ​ និងលើក​ឡើងទំាងស្រុង​នូវសំណេរដ៍មានអត្ថន័យ​ជាប្រវត្តិសាស្រ្ត​មានខ្លឹមសារដូចតទៅ៖​ ​"នៅពេលឃើញរូបថតមួយ​សន្លឹកនេះគាប់ជួន​ពេលភ្ជុំបិណ្ឌ ​ធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំនឹក ឃើញ ដល់រឿងរ៉ាវដែល​បានកើតឡើង​កាលពី២៦ឆ្នាំមុន គឺ​ខែ កញ្ញា​ឆ្នាំ១៩៨៩ ។ ​ពេលនេះអ្វីៗបានផ្លាស់​ប្តូរអស់ហើយដោយសារ​តែវត្តមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ នឹងហេដ្ឋារចនា​សម្ព័ន្ធផ្សេងទៀត​ទាំងអាណាចក្រទាំងពុទ្ធចក្រ។​ ខែសីហា១៩៨៩ ​បន្ទាប់ពីវិលត្រឡប់ពី​ការចរចានៃសន្និសីទប៉ារីស​លើកទី១តែមិនបានសម្រេច ។ ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើដំណើរសួរសុខ​ទុក្ខកងកម្លាំង ប្រដាប់អាវុធ ​និងប្រជាជនស្ទើរពេញ១ខែ។

ក្នុងដំណើរចុះសុខទុក្ខ​ប្រជាជនក៏មាន​ការធ្វើដំណើរទៅកាន់​ស្រុកខ្សាច់កណ្តាល​ខេត្តកណ្តាលផងដែរ។​ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៏​ យើងត្រូវ​ដំណើរដោយ កាណូតពីភ្នំពេញទៅកាន់​ព្រែកតាមាក់ហើយ​សម្រាកពេលយប់នៅ​លើកាណូតនោះ១យប់ ​ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ​ការសម្រាកនេះ​ដោយសារមានការប្រជុំនៅ ទីនោះដែលត្រូវ​ប្រជុំថែមមួយព្រឹកទៀត ​។ ស្អែកឡើងបន្ទាប់ពី​ការប្រជុំនឹងបាយថ្ងៃត្រង់​ ប្រហែលង១រសៀលយើងត្រូវ​ចេញដំណើរដើម្បីកុំឲ្យ​ភ្លៀងទាន់។ ​នៅពេលនោះ ត្រើយខាងកើតទន្លេរមេគង្គតំបន់​មួយចំនួនទោះ​មានរថយន្តក៏មិនមាន​ផ្លូវធ្វើដំណើរដែរ។​យើងធ្វើដំណើរដោយម៉ូតូ​ហើយជាទម្លាប់ខ្ញុំព្រះ​ករុណាខ្ញុំជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើដំណើរទៅកាន់​ស្រុកស្រីសន្ធរខេត្តកំពង់ចាម​សិនទើបមានផ្លូវធ្វើដំណើរទៅ​កាន់ឃុំសន្លុង ​ដែលនៅទីនោះយើងសម្រាក​នៅផ្ទះប្រជាជន ​ដោយចងអង្រឹង។ ភ្លៀងរលឹមខាងក្រៅ​ផ្ទះយើងណេះសំណាល​ជាមួយប្រជាជននៅក្នុងផ្ទះ​ ដែលពេលនោះហើយយើង​ប្រមូលបាននូវសំណូមពរ​របស់ប្រជាជន​លើការកសាងផ្លូវ ស្ពាន សាលារៀន​ វត្តអារាម​ ។ល។ជាពិសេសវិហារ​សួគ៏ដែល ប៉ុល ពត ​វាយកំទេចចោលនិងស្ពានព្រះគន្លង។ ​ដោយធនធានមានកម្រិត ​យើងខិតខំកសាងស្ពាន ​ព្រះគន្លង ជាមុនដើម្បីតភ្ជាប់ចរាចររវាងខាងវិហារសួគ៏ប៉ុន្មានឃុំនិងមួយភាគនៃខេត្តព្រៃវែងជាមួយព្រែកតាមាក់មកទន្លេមេគង្គ(ពេលសម្ពោធស្ពានព្រះគន្លងមុនចូលឆ្នាំថ្មីថ្ងៃទី១០

មេសា១៩៩០ខ្ញុំព្រះករុណាខ្ញុំបាន​និពន្ធចម្រៀងមួយបទ​មានចំណងជើងថា [ចំណងដៃមាសស្ពានព្រះគន្លង])។

ដោយឃើញនូវការលំបាកនេះហើយទើបខ្ញុំព្រះករុណាខ្ញុំចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់នឹងផ្លូវជាតិលេខ៨ឲ្យខាងតែបានដែលវាបានរួមចំណែកដល់ការកាត់បន្ថយភាព

ក្រីក្រនិងការលំបាករបស់ប្រជាជន​នឹងជួយជំរុញកំណើនសេដ្ឋកិច្ច​តាមរយៈនយោបាយ​កសាងហេដ្ឋារចនាសម្ព័ន្ធ។

សូមអគុណអ្នករួមដំណើរ​ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ ​ប្រជាពលរដ្ឋដែលផ្ដល់នូវការគាំទ្រទើប​មានសមិទ្ធផលដូចថ្ងៃនេះ ​ទៅបុណ្យភ្ជុំបិណ្ឌក៏ស្រួលជាងពេល មុននឹងសុវត្ថិភាពជាងពេលមុន​ដោយប្រទេសមានសន្តិភាព​ តែកុំភ្លេចគោរពច្បាប់​ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕