ឃាត់ខ្លួន​កម្មករ​វៀតណាម​៣២​នាក់​នៅ​ស្រុក​ឧដុង្គ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ

ខេត្តកំពង់ស្ពឺ ៖ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​ឃាត់ខ្លួន​កម្មករ​វៀតណាម​ចំនួន​៣២​នាក់ ដែល​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​សំណង់​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ឃាត់ខ្លួន​កម្មករ​វៀតណាម​ខុសច្បាប់​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៥ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ព្រី​ម៉ា​លី​ស ស្ថិត​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក​ឧត្តមសេនីយ៍ត្រី សម សា​មួន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​អំពី​ជនអន្តោប្រវេសន៍​វៀតណាម​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ក្រុមហ៊ុន​ខាងលើ រូប​លោក​បាន​ស្នើ​សុំ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​មក​ចូលរួម​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​ឯកសារ​ស្នាក់​នៅ ។ ក្រោយ​ការ​ត្រួតពិនិត្យ គឺ​ជនអន្តោប្រវេសន៍​ទាំង​អស់នោះ​មិន​មាន​លិខិត​ស្នាម​អ្វី​ក្រៅពី​អត្តសញ្ញាណ​ប័ណ្ណ​សំគាល់​ខ្លួន​ជនជាតិ​វៀតណាម​ឡើយ ។ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ជនអន្តោប្រវេសន៍​ទាំងនេះ​មិន​មាន​លិខិតឆ្លងដែន​រួច​មក កម្លាំង​របស់​លោក​បាន​ចាប់​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​នគរបាល​អន្តោប្រវេសន៍​ខេត្តកំពង់ស្ពឺ​ដែល​បាន​ខិតខំ​ធ្វើការ​មិន​ខ្លាច​នឿយហត់ តែ​មជ្ឈដ្ឋាន​មួយ​ចំនួន​ផ្សេង​ទៀត​លើក​ឡើង​ថា ការ​ដែល​មាន​លំហូរ​ចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ គឺ​បណ្តាល​មក​ពី​នគរបាល​អន្តោប្រវេសន៍​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ភាព​ធូររលុង​គិតតែ​ពី​ប្រយោជន៍​ខ្លួន មិន​បាន​គិតដល់​ប្រយោជន៍​សង្គម ។

ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​ស្ថាប័ន​កំពូល សូម​មាន​វិធានការ​ចំពោះ​នគរបាល​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​ផង បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​ច្បាស់​ជា​បងប្អូន​ខ្មែរ​យើង​រក​ការងារ​មិន​បាន​ធ្វើ​ឡើយ ៕