នាយករដ្ឋមន្រ្តីកម្ពុជា រំលឹកពីដំណើរទៅ កាន់វត្តវិហារសួគ៌កាលពី ២៦ឆ្នាំមុន ក្នុងស្ថានភាព ដ៏លំបាក

- សម្តេចតេជោ អរព្រះគុណ និងអរគុណ ព្រះសង្ឃ និងពលរដ្ឋខ្មែរ គាំទ្រសម្តេច ដើម្បីមានឱកាស អភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ បានរំលឹកឡើង  វិញនូវអនុស្សាវរីយ៍ ដ៏លំបាក ក្នុងការធ្វើដំណើរទៅកាន់វត្តវិហារសួគ៌កាលពី ២៦ឆ្នាំមុន ព្រោះតែគ្មានប្រព័ន្ធគមនា  គមន៍ បន្ទាប់ពីប្រទេសមួយនេះទើបងើបចេញពីភ្នក់ភ្លើងសង្រ្គាមបំភ្លេចបំផ្លាញ។ ដើម្បីទៅដល់វត្តវិហារសួគ៌ ដែល មានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី ២៦ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើដំណើរតាមកាណូត និងចំណាយពេលជាច្រើនម៉ោង តែបច្ចុប្បន្នស្ថានភាពលំបាកទាំងនោះ បានរសាត់បាត់អស់ទៅហើយ ព្រោះវត្តមានស្ពានព្រែកតាម៉ក់ ផ្លូវជាតិលេខ៨ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

នៅលើទំព័រ Facebook ភ្ជាប់ដោយរូបភាពបង់កក្រម៉ា ពាក់វ៉ែនតាធំៗ ក្នុងសម្លៀកបំពាក់ជាយោធា ជិះលើម៉ូតូសង់ កូរ៉េ កាត់ផ្លូវដីហ៊ុយទ្រលោម សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា «នៅពេលឃើញរូបថតមួយសន្លឹកនេះ គាប់ ជួនពេលភ្ជុំបិណ្ឌ ធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំ នឹកឃើញដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពី២៦ឆ្នាំមុន គឺខែកញ្ញា ឆ្នាំ ១៩៨៩។ ពេលនេះអ្វីៗ បានផ្លាស់ប្តូរអស់ហើយដោយសារតែវត្តមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀត ទាំងអាណាចក្រ ទាំងពុទ្ធចក្រ។ ខែសីហា១៩៨៩ បន្ទាប់ពីវិលត្រឡប់ពីការចរចា នៃសន្និ  សីទប៉ារីសលើកទី១ តែមិនបានសម្រេច។ ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ និង ប្រជាជនស្ទើរពេញ ១ខែ។ ក្នុងដំណើរចុះសុខទុក្ខប្រជាជន ក៏មានការធ្វើដំណើរទៅកាន់ស្រុកខ្សាច់កណ្តាលខេត្ត  កណ្តាលផងដែរ»។

សម្តេច បានរំលឹកពីប្រវត្តិដ៏លំបាកក្នុងគ្រាដែលប្រទេសក្រក្រីនោះទៀតថា «ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៌ ត្រូវដំណើរដោយកាណូតពីភ្នំពេញ ទៅកាន់ព្រែកតា មាក់ ហើយសម្រាកពេលយប់នៅលើកាណូតនោះ ១យប់ ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ការសម្រាកនេះ ដោយសារមានការប្រជុំនៅទីនោះ ដែលត្រូវប្រជុំថែមមួយព្រឹកទៀត។ ស្អែកឡើងបន្ទាប់ពីការប្រជុំ និងបាយថ្ងៃត្រង់ ប្រហែលម៉ោង ១រសៀលយើងត្រូវចេញដំណើរ ដើម្បីកុំឲ្យភ្លៀងទាន់។ នៅពេលនោះត្រើយខាងកើតទន្លេរមេគង្គ  តំបន់មួយចំនួនទោះមានរថយន្ត ក៏មិនមានផ្លូវធ្វើដំណើរដែរ។ យើងធ្វើដំណើរដោយម៉ូតូហើយជាទម្លាប់ខ្ញុំព្រះ ករុណាខ្ញុំ ជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើដំណើរទៅកាន់ស្រុកស្រីសន្ធរខេត្តកំពង់ចាមសិន ទើបមានផ្លូវធ្វើ ដំណើរទៅកាន់ឃុំសន្លុង ដែលនៅទីនោះ យើងសម្រាកនៅផ្ទះប្រជាជនដោយចងអង្រឹង។ ភ្លៀងរលឹមខាងក្រៅផ្ទះ យើងសំណេះសំណាលជាមួយប្រជាជននៅក្នុងផ្ទះ ដែលពេលនោះហើយ យើងប្រមូលបាននូវសំណូមពររបស់ ប្រជាជនលើការកសាងផ្លូវ ស្ពានសាលារៀន វត្តអារាម។ល។ ជាពិសេសវត្តវិហារសួគ៌ ដែល ប៉ុល ពត វាយកម្ទេចចោល និងស្ពានព្រះគន្លង»។

សម្តេច បានគូសបញ្ជាក់ថា ដោយធនធានមានកម្រិត សម្តេចបានខិតខំកសាងស្ពានព្រះគន្លងជាមុន ដើម្បីតភ្ជាប់ ចរាចររវាងខាងវិហារសួគ៌ប៉ុន្មានឃុំ និង មួយភាគ នៃខេត្តព្រៃវែង ជាមួយព្រែកតាមាក់មកទន្លេមេគង្គ។ ស្ពាននេះ  ត្រូវបានសម្ពោធមុនចូលឆ្នាំថ្មីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩០ ហើយពេលនោះ សម្តេច បាននិពន្ធចម្រៀងមួយបទ មានចំណងជើងថា «ចំណងដៃមាសស្ពានព្រះគន្លង» ទុកជាចំណងដៃថែមទៀតផង។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចបានចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់ និងផ្លូវជាតិលេខ៨ នេះ ឲ្យ ខាងតែបាន ដើម្បីជម្នះនូវភាពលំបាកនេះ ព្រមទាំងជាការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និង ការ លំបាករបស់ប្រជាជន និង ជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈ នយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចតេជោ បានអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលផ្ដល់នូវការគាំទ្រ ទើបមានសមិទ្ធ ផលដូចថ្ងៃនេះ ទៅបុណ្យភ្ជុំបិណ្ឌ ក៏ស្រួលជាងពេលមុននឹងសុវត្ថិភាពជាងពេលមុន ដោយប្រទេសមាន សន្តិភាព  តែកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

នាយករដ្ឋមន្រ្តីកម្ពុជា រំលឹកពីដំណើរទៅ កាន់វត្តវិហារសួគ៌កាលពី ២៦ឆ្នាំមុន ក្នុងស្ថានភាព ដ៏លំបាក