តួកគីព្រមាន​​រុស្ស៊ីអំពី​ការ​រំលោភ​ដែន​អាកាស

តួកគីព្រមាន​​រុស្ស៊ីអំពី​ការ​រំលោភ​ដែន​អាកាស

យន្តហោះ​​ធុន​​ F-16 ពីរ​គ្រឿង​របស់​តួកគី​។

នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រទេស​តួកគី​បាន​និយាយ​ថា​ យន្តហោះ​ប្រតិកម្ម​មួយ​គ្រឿង​របស់​ប្រទេស​រុស្ស៊ី​បានហោះ​រំលោភ​ចូល​ក្នុង​ដែន​អាកាសរបស់​ខ្លួន ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី​ បណ្តាល​ឱ្យ​យន្តហោះធុន F-16 ពីរ​គ្រឿង​របស់​តួកគី​ហោះ​អមយន្តហោះ​រុស្ស៊ី​នោះ​ចេញ​ពី​តំបន់​នោះ​វិញ​។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​តួកគី​បាន​និយាយ​ថា​ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ថា​តួកគី​បាន​

ព្រមាន​ប្រទេសរុស្ស៊ី​ថា ​ខ្លួន​នឹង​ត្រូវ​ «ទទួល​ខុស​ត្រូវ​ដល់​ឧប្បត្តិហេតុ​ដោយ​អចេតនា​ណា​មួយ» ប្រសិន​បើ​មាន​ការ​រំលោភ​ដែន​អាកាស​មួយ​លើក​ទៀត។​

ទីភ្នាក់ងារ​សារព័ត៌មាន​ Interfaxនៃ​ប្រទេស​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្តី​ស្ថានទូត​រុស្ស៊ី​ក្នុង​ប្រទេស​តួកគី​ដែល​បាន​និយាយ​ថា​ឧប្បត្តិហេតុ​បាន​កើត​មាន​មែន​ ហើយ​ថា​មាន​ការ​ពន្យល់​ដល់​ក្រុម​មន្ត្រី​តួកគី​ហើយ។

លោករដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ Philip Hammond បាន​មាន​ប្រសាសន៍​ថា​ការ​រំលោភ​របស់​រុស្ស៊ី​ក្នុង​ដែន​អាកាស​របស់​ប្រទេស​តួកគី​បាន​ «បង្កើនគ្រោះថ្នាក់​នៅស្ថានភាព​ដែល​មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំ​ង​ហើយនោះ។»

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ កង​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ត​ទៅ​ទៀត​ នៅ​ក្នុង​ប្រទេស​ស៊ីរី។ ​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​គោលដៅ​ចំនួន​៩​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ដោយ​ត្រូវ​ចំកាំភ្លើង​ធំ មជ្ឈមណ្ឌល​ទំនាក់ទំនង​ មជ្ឈមណ្ឌល​បញ្ជាការ​ និង​ជំរុំ​ហ្វឹក​ហ្វឺន​មួយ​នៅ​ខេត្ត​ Hama, Homs, Latakia and Idlib៕