នាយ​ទាហាន​ប្រមាណ​៨០​នាក់​ប្ដឹង​មេ​បញ្ជាការ​កង​ពល​តូច​៣០១​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ទាញ​យក​កម្មវីធី

ក្រុម​យោធា​ប្រមាណ ៨០​នាក់​នៃ​អង្គភាព​កង​វរ​សេនា​តូច​ព្រំដែន​គោក​ខេត្ត​តាកែវ បាន​ប្ដឹង​មេ​បញ្ជាការ​នៃ​កង​អង្គភាព​ប្រតិបត្តិការ​សឹក​រង ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ជាពិសេស គឺ​មេ​បញ្ជាការ​រូប​នេះ​ពុំ​ចេះ​ទទួល​ខុស​ត្រូវ និង​ខ្វះ​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​អង្គភាព។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ មេ​បញ្ជាការ​កង​វរ​សេនា​តូច​តំបន់​ប្រតិបត្តិការ​សឹក​រង ៣០១ បាន​បដិសេធ ដោយ​អះអាង​ថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ និង​ជា​ការ​ច្រណែន​ឈ្នានីស​រូប​លោក​ប៉ុណ្ណោះ។

មន្ត្រី​យោធា​នៃ​កង​ពល​តូច​៣០១ ឲ្យ​ដឹង​ថា ជម្លោះ​ផ្ទៃ​ក្នុង​ដែល​កើត​ចេញ​ពី​អំពើ​ពុក​រលួយ និង​ដឹក​នាំ​ប្រកាន់​បក្ខពួក បាន​អូស​បន្លាយ​ជា​យូរ​ខែ​ណាស់​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​ថ្នាក់​ដឹក​នាំ បើ​ទោះ​ជា​ក្រុម​នាយ​ទាហាន​បាន​ប្ដឹង​ទម្លាក់​មេ​បញ្ជាការ​របស់​ពួក​គេ​យ៉ាង​ណា​ក៏ដោយ។

មូលហេតុ​ដែល​ជំរុញ​ឲ្យ​ក្រុម​យោធា​នៃ​កង​វរ​សេនា​តូច​តំបន់​ប្រតិបត្តិការ​សឹក​រង ៣០១ ដែល​ស្ថិត​នៅ​ឃុំ​គីរីចុងកោះ ស្រុក​គិរីវង់ ខេត្ត​តាកែវ ទាមទារ​ប្ដឹង​ទម្លាក់​មេ​បញ្ជាការ​នៃ​អង្គភាព​នេះ រួម​មាន ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​យក​លុយ​ក្នុង​ម្នាក់​ចន្លោះ​ពី ៥​ពាន់​ដុល្លារ រហូត​ដល់ ១​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ទទួល​បាន​ងារ​ជា​យោធា​សម្រាប់​អង្គភាព​នេះ បង្កើត​បក្ខពួក និង​គ្រួសារ​និយម ជាពិសេស​រើសអើង​នាយ​ទាហាន​ចាស់ៗ​នៅ​ក្នុង​អង្គភាព ជាដើម។

នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​យោធា​ប្រមាណ ៨០​នាក់​ផ្សេង​ទៀត ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ តុលា ថា ការ​ប្ដឹង​ទម្លាក់​មេ​បញ្ជាការ​របស់​ខ្លួន​ចេញ​ពី​មុខ​តំណែង​នេះ ពីព្រោះ​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន ដែល​តស៊ូ​យូរ​ឆ្នាំ​ហើយ ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឡើយ។ លើស​ពី​នេះ​ទៀត ពួក​គាត់​ត្រូវ​រង​ការ​គំរាម​​កំហែង​ដក​ហូត​តួនាទី ឬ​បណ្ដេញ​ចេញ​ពី​កង​អង្គភាព​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ថ្នាក់​ក្រោម​ហ្នឹង​ពិបាក​រស់នៅ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រៀប​ដូច​ជា​បែង​ចែក​បក្ខពួក​ដូចជា​ធ្ងន់​ទៅ ពី​ម្ខាង​ទៅ​ម្ខាង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ជុំវិញ​វិវាទ​នេះ​ពី លោក ឈុំ សុជាតិ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៥ តុលា។

ពាក់ព័ន្ធ​រឿង​នេះ គណៈកម្មការ​ចម្រុះ​ដែល​មាន​អគ្គបញ្ជាការ និង​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៣ ធ្លាប់​ចុះ​ធ្វើ​អធិការកិច្ច​ចំនួន ៤​ដង​រួច​មក​ហើយ ដែល​ជា​ការ​ឆ្លើយ​តប​កិច្ច​អន្តរាគមន៍​ពី​ក្រុម​យោធា នៃ​កង​ពល​តូច​លេខ​៣០១ នេះ។ រយៈពេល ២​ខែ​បន្ទាប់​ពី​ធ្វើ​អធិការកិច្ច​រួច​លើក​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា គឺ​អគ្គ​បញ្ជាការ​ជើង​គោក បាន​ចេញ​លិខិត​ផ្ទេរ​តួនាទី លោក អេង ឃាង ចេញ​ពី​មុខ​តំណែង​រួច​ហើយ ក៏ប៉ុន្តែ​ក្រុម​យោធា​អះអាង​ថា លោក អេង ឃាង បាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រុម​គណៈកម្មការ​ចម្រុះ​ក្នុង​ពេល​កន្លង​ទៅ​នេះ ដែល​ចាយ​លុយ​របស់​ក្រសួង​អស់​ប្រមាណ ២​ពាន់​ដុល្លារ​នោះ ក្លាយ​ជា​មោឃៈ ឬ​គ្មាន​ន័យ​អ្វី​ទាំងអស់។

មេ​បញ្ជាការ​នៃ​កង​អង្គភាព​ប្រតិបត្តិការ​សឹក​រង ៣០១ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៣ លោក អេង ឃាង ចាត់​ទុក​ការ​តវ៉ា​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​របស់​ខ្លួន​ថា ព្រោះ​តែ​ច្រណែន​ឈ្នានីស​ចំពោះ​រូប​លោក​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត លោក​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​សូកប៉ាន់ ឬ​បទល្មើស​នានា ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក អេង ឃាង អះអាង​ថា លោក​មាន​តែ​ព្យាយាម​ធ្វើ​ឲ្យ​អង្គភាព​មាន​ភាព​ជឿនលឿន និង​អនុវត្ត​ដោយ​តម្លាភាព​បំផុត ហើយ​ស្ថាប័ន​ពុំ​មាន​លុយ​រាប់​ពាន់​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ប្រាក់​ខែ​គេ​បើក​ឲ្យ​ទៅ​ទាហាន បាត់​តែ​មួយ​រៀល​មិន​បាន​ផង។ តែ​ប្រាំ​រយ​មិន​បាន​ផង ហិរញ្ញវត្ថុ​គេ​បើក ហើយ​ទៅ​ពុក​រលួយ​រឿង​អង្ករ អង្ករ​ម៉េច​បានៗ។ អង្ករ​ម្នាក់ ២០​គីឡូ​ប៉ុន្មាន​ខាំ គឺ ២០​គីឡូ​ប៉ុន្មាន​ខាំ​ហ្នឹង​ហើយ។ វា​ប្ដឹង​នេះ​ដូច​ថា​ភាព​អសកម្ម​ការងារ ខ្ញុំ​ស្ដីបន្ទោស​ណែនាំ​អប់រំ​ទៅ វា​ខឹង​វា​អី​ទៅ»

ចំណែក​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ប្រសិន​បើ​វិវាទ​នេះ​ដោះស្រាយ​មិន​មាន​តម្លាភាព​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​កងទ័ព ជាពិសេស​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ខាង​វិស័យ​ការពារ​ជាតិ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថែម​ទៀត។

បើ​ទោះ​ជា​បែប​ណា ក្រុម​យោធា​នៃ​កង​វរ​សេនា​តូច​តំបន់​ប្រតិបត្តិការ​សឹក​រង ៣០១ នៅ​តែ​ប្រកាន់​ជំហរ​ថា ប្រសិន​បើ​វិវាទ​នេះ​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ទេ ពួក​គេ​នឹង​ឡើង​មក​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។