ពលរដ្ឋ​១២​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​អាស្រ័យ​ផល

ទាញ​យក​កម្មវីធី

ពលរដ្ឋ ១២​គ្រួសារ​រស់នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បារម្ភ​ពី​ការ​រំលោភ​ដីធ្លី​អាស្រ័យ​ផល​ដោយ​មនុស្ស​មួយ​ក្រុម ដែល​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។ ការ​បារម្ភ​នេះ កើត​ឡើង​ស្រប​ពេល​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ​ចំនួន ១២​គ្រួសារ ធ្លាប់​គ្រប់គ្រង​ជាច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​អ្នក​មាន​អំណាច​មក​ដាំ​ដំណាំ និង​បាញ់​ថ្នាំ​កំណត់​ព្រំ​ដី ដោយ​សំអាង​ថា ជា​ដី​របស់​ខ្លួន។

ពលរដ្ឋ​រស់នៅ​ភូមិ​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ករណី​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ពួក​គាត់ ១២​គ្រួសារ។

តំណាង​ពលរដ្ឋ លោក ទេស ឆុន ចោទ​ប្រកាន់​ថា បុរស​ឈ្មោះ រស់ ថា មាន​មហិច្ឆតា​រំលោភ​យក​ដីធ្លី​អាស្រ័យ​ផល​ពលរដ្ឋ​ចំនួន ៣៩​ហិកតារ ឋិត​នៅ​ភូមិ​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល។ លោក​ថា បុរស​ឈ្មោះ រស់ ថា ព្រម​ទាំង​បក្ខពួក​មួយ​ចំនួន​ទៀត មាន​ខ្នង​បង្អែក​ងារ​ជា​ឯកឧត្តម​ឈ្មោះ វ៉ា សារឿន នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​បាន​លួច​ដាំ​ដំណាំ​លើ​ដី​ពលរដ្ឋ និង​បាញ់​ថ្នាំ​ក្រហម​កំណត់​ព្រំ​ដី​ជាក់ស្តែង ថា​ជា​ដី​របស់​ខ្លួន។ លោក​បញ្ជាក់​ថា បុរស​ឈ្មោះ រស់ ថា ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ដោយ​ចោទ​ពលរដ្ឋ​វិញ​ថា មក​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​ទៅ​វិញ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ លោក​កត់​សម្គាល់​ថា ដីធ្លី​អាស្រ័យ​ផល​ប្រភេទ​ជា​ដី​ចម្ការ ដែល​ពលរដ្ឋ​ចំនួន ១២​គ្រួសារ ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០០២ ព្រម​ទាំង​មាន​លិខិត​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ៖ «ដៃ​ស្តាំ​របស់ វ៉ា សារឿន ហ្នឹង រស់ ថា គេ​ថា​ឯកឧត្តម​ផ្កាយ​ពីរ។ គាត់​ចង់​បាន​ដី​ចម្ការ​ប្រជាជន​ទាំងអស់​ហ្នឹង។ យក​អំណាច​មក​គាប​សង្កត់​រំលោភ​យក​របស់​ប្រជាជន​ទាំងអស់ អយុត្តិធម៌​អត់​ត្រឹមត្រូវ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក រស់ ថា និង​លោក វ៉ា សារឿន ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ តុលា។

ចំណែក​អាជ្ញាធរ​ភូមិ​សំបួរ ឲ្យ​ដឹង​ថា កាល​ពី​ដើម​ឆ្នាំ​២០១៥ អាជ្ញាធរ​ស្រុក​ធ្លាប់​មក​ដោះស្រាយ​សម្រប​សម្រួល​តម្រូវ​កាត់​ដី​ពលរដ្ឋ​ចំនួន ៣​គ្រួសារ ទំហំ​ជាង ២​ហិកតារ ឲ្យ​ទៅ លោក រស់ ថា និង​បក្ខពួក ដើម្បី​បញ្ចប់​ជម្លោះ ហើយ​ភាគី​ទាំង​សង​ខាង ក៏​យល់ព្រម​ចំពោះ​ការ​សម្រប​សម្រួល​នោះ ក៏ប៉ុន្តែ​រហូត​មក​ដល់​ខែ​មេសា ឆ្នាំ​២០១៥ បុរស​ឈ្មោះ រស់ ថា ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ទាំង ១២​គ្រួសារ​ទៀត​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដោយ​ចោទ​ពលរដ្ឋ​ថា បាន​រំលោភ​យក​ដី​របស់​ខ្លួន។

មេ​ភូមិ​សំបួរ លោក ប៉ិន វូ កត់​សម្គាល់​ថា លោក រស់ ថា និង​បក្ខពួក បាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ភូមិ​មិន​ឲ្យ​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន ដោយ​អាង​អ្នក​មាន​អំណាច​មាន​ងារ​ជា​ឯកឧត្តម ឈ្មោះ វ៉ា សារឿន ជា​អ្នក​កាង​នៅ​ពី​ក្រោយ​ខ្នង នៃ​សកម្មភាព​រំលោភ​យក​ដី​នេះ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ករណី​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ដោយ​អ្នក​មាន​អំណាច៖ «ឲ្យ​គេ​គគោក​ហើយ ចង់​បាន​តែ​ទាំងអស់ គ្នា​បាន​អី! ហើយ​ដំណាំ​គ្នា​មាន​ស្វាយ​មាន​ខ្នុរ​ហើយ មិន​មែន​ទេ គាត់​នោះ​ជា​ខ្នង បើ​តាម​ខ្ញុំ​មើល​ទៅ»

ទាក់ទង​ករណី​នេះ មេ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល លោក វ៉ាន់ វេត ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​ដោះស្រាយ​បញ្ហា​នេះ​ដែរ តែ​នៅ​តែ​មិន​អាច​បញ្ចប់​ជម្លោះ​បាន ក៏​ប្រគល់​ឲ្យ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បន្ត។ យ៉ាង​ណា​លោក​ថា ប្រសិន​បើ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ពលរដ្ឋ​ពិត​មែន គឺ​ជា​អំពើ​ល្មើស​ច្បាប់ និង​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ៖ «លោក វ៉ា សារឿន ទើប​មក​ក្រោយ​ទេ ហើយ​ចង់​វាត​ទី​បាន​ដី ពិបាក​ថា​ដែរ​ខ្ញុំ»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ ដែល​បាន​ចុះ​អង្កេត​ករណី​នេះ លោក ឌិន ខន្នី កត់​សម្គាល់​ថា លិខិត​កាន់​កាប់​ដីធ្លី​របស់​លោក រស់ ថា មិន​ឋិត​នៅ​ទីតាំង​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ ពោល​គឺ​នៅ​តំបន់​ផ្សេង​គ្នា។ លោក​យល់​ថា អាជ្ញាធរ​ខេត្ត​មិន​មាន​អ្វី​លំបាក​នឹង​ដោះស្រាយ​ជម្លោះ​នេះ​ឡើយ ប្រសិន​បើ​មាន​ឆន្ទៈ​ដោះស្រាយ។ លោក​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ចុះ​ស៊ើប​អង្កេត​ករណី​នេះ និង​ពន្លឿន​ការ​ដោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ៖ «ជា​ការ​រំលោភ​យក​តែ​ម្តង វា​អត់​មាន​ដី​ពាក់ព័ន្ធ​គ្នា ដី​ផ្សេង​គ្នា​ស្រឡះ​តែ​ម្តង។ ខ្ញុំ​យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តែ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ ១២​គ្រួសារ​ទៅ ដើម្បី​បញ្ចប់​ទំនាស់ ហើយ​នឹង​ចៀសវាង​ការ​កើត​ហិង្សា​នៅ​ថ្ងៃ​ណា​មួយ»

សមាគម​អាដហុក រក​ឃើញ​ថា លិខិត​កាន់​កាប់​ដីធ្លី​របស់ លោក រស់ ថា មិន​មែន​ជា​លិខិត​គតិយុត្តិ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​នោះ​ទេ គឺ​ទទួល​ស្គាល់​ត្រឹម​តែ​មេ​ភូមិ ហើយ​ខ្លឹមសារ​ក្នុង​លិខិត​ចែង​ថា ទីតាំង​ដី​របស់ លោក រស់ ថា គឺ​មិន​ឋិត​ក្នុង​តំបន់​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។