តុលាការ​ខេត្ត​សៀមរាប​នៅ​បន្ត​សាកសួរ​យុវជន​គំរាម​សម្លាប់​លោក ស ខេង

តុលាការ​ខេត្ត​សៀមរាប​នៅ​បន្ត​សាកសួរ យុវជន​ម្នាក់​ដែលបានគំរាម​សម្លាប់រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង តាម​បណ្ដាញ​សង្គមហ្វេសប៊ុក (Facebook) បើ​ទោះបី​ជា​យុវជន​រូប​នេះ បាន​សរសេរ​លិខិត​សុំ​លើកលែង​ទោស​យ៉ាងណាក្ដី។

ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សួន សុបញ្ញា អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៥ តុលា ចៅក្រម​ស៊ើបសួរ នៅ​បន្ត​នីតិវិធី​ស៊ើបអង្កេត លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ។

យុវជន​ដែល​គំរាម​សម្លាប់​លោក ស ខេង តាម​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ពី​បទ​ប៉ុនប៉ង​គប់​គ្រាប់​បែក។

នៅ​ថ្ងៃ​ទី​៥ តុលា​នេះ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​លិខិត​របស់​យុវជន តៅ សាវឿន ដែល​សរសេរ​ផ្ទាល់​ពី​ក្នុង​ពន្ធនាគារ ជា​ការ​ស្នើ​ដល់​លោក ស ខេង សុំ​ឲ្យ​អភ័យទោស និង​លើកលែង​ទោស​ដល់​រូបគេ។

លិខិត​ដដែល​នោះ​បន្ត​ថា រូបគេ​ពិត​ជា​បាន​យក​គណនី​ផ្ទាល់​ខ្លួន​ទៅ​បញ្ចេញមតិ (Comment) លើ​សេចក្ដី​ជូន​ដំណឹង ស្ដីពី​ការ​ចែក​សញ្ញាបត្រ​របស់​សាកល​វិទ្យាល័យ (South-East Asia) ខេត្ត​សៀមរាប ពិត​ប្រាកដ​មែន។ ប៉ុន្តែ​យុវជន​នេះ​បាន​ចាត់​ទុក​ទង្វើ​របស់​ខ្លួន​ថា ជា​ទង្វើ​ខ្វះ​ការ​ពិចារណា និង​ភាព​ឆេវឆាវ ដោយ​រូបគេ​អះអាង​ថា គ្មាន​ចេតនា​ប្រព្រឹត្តិ​ដូច​ការ​សរសេរ​របស់​ខ្លួន​នោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។