ជនសង្ស័យ​៤​នាក់​ជាប់ចោទ​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន​ត្រូវ​ចាប់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ជាប់​ជាប់ចោទ​រក្សាទុក និង​ចែកចាយ ថ្នាំញៀន ត្រូវបាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុម​៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

លោក​ឧ​ត្ត​មសេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ជនសង្ស័យ​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា​ឆ្នាំ​២០១៥ នៅក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ និង​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៤,៨៨​ក្រាម​។​

លោក​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ទី​១​ឈ្មោះ បាន ជៀន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​២​ឈ្មោះ ណែម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ​,​ទី​៣​ឈ្មោះ សុខ ស្រីអូន ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ទី​៤​ឈ្មោះ វី ប៊ុនធឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​២៤,៨៨​ក្រាម​ប្រភេទ​មេ​តំ​ហ្វា​តា​មីន ជញ្ជីង​ថ្លឹង​ថ្នាំ​១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង​។ បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវបាន​នាំទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​សាកសួរ​មុនពេល​បញ្ជូនទៅ​តុលាការ​ចោទប្រកាន់​តាម​ច្បាប់​៕ សមុទ្រ​ខៀវ

KA-04-10-2015-11 KA-04-10-2015-12 KA-04-10-2015-13​ ​