អតីត​មេដឹកនាំ​ហុងកុង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ

អតីត​មេដឹកនាំ​ហុងកុង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ

លោក​ Donald Tsang (កណ្តាល) អតីត​មេដឹកនាំ​នៃ​ទីក្រុង​ហុងកុង និង​ប្រពន្ធ​របស់​លោក​គឺ​អ្នក​ស្រី Selina អញ្ជើញ​មក​ដល់​តុលាការ​ក្នុង​ទីក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៥ ខែ​តុលា​ ឆ្នាំ​២០១៥។​​

លោក Donald Tsang អតីត​ប្រធាន​ប្រតិបត្តិ​នៃ​ដែនដី​ហុងកុង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំនួន​ពីរ ហើយ​លោក​បាន​ក្លាយ​ទៅ​ជា​មន្ត្រី​រដ្ឋាភិបាល​ហុងកុង​មាន​ឋានៈ​ខ្ពស់​បំផុត​ដែល​ប្រឈម​មុខ​នឹង​រឿង​អាស្រូវ​ពុក​រលួយ។

គណៈកម្មការ​ឯករាជ្យ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​មាន​រៀបរាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ប្រឆាំង​នឹង​លោក​ Tsang អាយុ​៧០ឆ្នាំ ​ដែល​បាន​បម្រើការ​ជា​មេដឹកនាំ​ដែនដី​ហុងកុង​ពី​ឆ្នាំ​២០០៥ ​ដល់​ឆ្នាំ២០១២។

​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា លោក​មិន​បាន​បង្ហាញ​ពី​ការ​ជួល​ផ្ទះ​ Apartment ប្រណីត​មួយ​នៅ​ក្នុង​ទីក្រុង​ Shenzen នៃ​ប្រទេស​ចិន ​ពី​អ្នក​បណ្តាក់​ទុន​ម្នាក់​ដែល​បាន​ស្វះស្វែង​សុំ​អាជ្ញាបណ្ណ​ពី​រដ្ឋាភិបាល​ហុងកុង។​

គណៈកម្មការ​នេះ​ក៏​បាន​ចោទ​ប្រកាន់​លោក​ Tsang ថា​ លោក​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​លោក​បាន​ស្នើ​ការផ្តល់​រង្វាន់​មួយ​ពី​រដ្ឋាភិបាល​ឱ្យ​ស្ថាបត្យករ​ម្នាក់​ដែល​លោក​បាន​ជួល​ឱ្យ​តុបតែង​ផ្ទះ Apartment នោះ។

លោក Tsang ត្រូវ​បាន​ដោះលែង​ដោយ​មាន​ការ​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​លោក​បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ប្រឈម​មុខ​នឹង​ការចោទប្រកាន់។​

លោក​បាន​ប្រកាស​អំពី​ភាព​គ្មាន​ទោស​ពៃរ៍​របស់​លោក​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​កាសែតSouth China Morning Post ​ដោយ​លោក​បាន​និយាយ​ថា​ សតិសម្បជញ្ញៈ​លោក​មាន​ភាពច្បាស់លាស់។​ លោក​បាន​សរសេរ​ថា​ «លោក​មាន​ការ​ទុកចិត្តថា​ តុលាការ​នឹង​សម្រេច​ឱ្យ​ខ្ញុំ​រួច​ទោស​នៅ​ក្រោយ​ការ​កាត់​ក្តី»៕