បញ្ហា​ឧទ្ទាម និង សង្ឃ​ជ្រុលនិយម កំពុង​បង្កើតជា​ភាព​តានតឹង​មុន​ការ​បើ​បោះឆ្នោត​មី​យ៉ាន់​ម៉ា

ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់ គណបក្សនយោបាយនីមួយៗ បាន​ព្យាយាម​បញ្ច​ញ​គោលនយោបាយផ្សេងៗដើម្បី​ទាក់ទាញ​ការគាំទ្រ។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ព្យាយាម​ព​ន្លឿ​ន​លើ​ការងារផ្សេងៗដើម្បី​ទុកជា​សមិទ្ធផល​និង​ដើម្បី​ជា​ឈ្នាន់​មួយ​សម្រាប់​ទាញ​សន្លឹកឆ្នោត​អាណត្តិ​បន្ទាប់។អ្វី​គួរកត់សម្គាល់ បញ្ហា​ឧទ្ទាម និង ក្រុម​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ជ្រុលនិយម នៅតែ​បន្ត​គំរាមកំហែង និង ជា​បញ្ហា​ចម្រូងចម្រាស​ដែល​រដ្ឋាភិបាល​មិនទាន់​ដោះស្រាយ។

សូមស្ដាប់ព័ត៌មានលម្អិត៖

សល់​តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​សកល ឬ បោះឆ្នោត​តំណាងរាស្ត្រ​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ បាន​គេ​រំពឹងថា​ជាការ​បោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ​ដំបូងបង្អស់​ក្នង​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ចាប់ផ្តើម។ យ៉ាងណាមិញ បញ្ហា​ពីរ រួមមាន​ឧទ្ទាម​ផ្តាច់ខ្លួន និង ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា​ជ្រុលនិយម​នៅតែ​ជា​ចំណោទបញ្ហា​ហើយ​វា​គឺជា​ការគំរាមកំហែង​មួយ​សម្រាប់​ការបោះឆ្នោត។

១. ឧទ្ទាមធំៗមិន​ត្រូវបាន​ចាប់អារម្មណ៍​ពី​រដ្ឋាភិបាល
យោងតាម​ការអះអាងរ​បស់​មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី១៥ ខែតុលា​ខាងមុខនេះ រដ្ឋាភិបាល    មី​យ៉ាន់​ម៉ា នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តី​បទ​ពី​ឈប់​បាញ់​ថ្នាក់ជាតិ​ជាមួយនឹង​តំណាង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច៨ក្រុម។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បរាជ័យ​ក្នុង​ការចរចា ជាមួយនឹង​តំណាង​ឧទ្ទាម​ទាំង១៥កាលពីថ្មីៗនេះ។ កិច្ចព្រមព្រៀង​នេះ នឹង​ក្លាយជា​សមិទ្ធផល​មួយ​របស់លោក​ប្រធានាធិបតី​ថេ​ន​សេន ដែល​អាច​ឲ្យ​លោក​ទាញយក​សំឡេងគាំទ្រ​ពី​ប្រជាជន​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ។

យ៉ាងណាក៏ដោយ អវត្តមាន​នៃ​ការចូលរួម​របស់​ឧទ្ទាម៧ក្រុម​ផ្សេងទៀត​ដែលមាន​ក្រុម​កា​ឈិន និង​ឧទ្ទាម​កូ​កាង ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​បដិសេធ​ចរចា​ជាមួយ ដ្បិត​ពួកគេ​ធ្លាប់​ប្រយុទ្ធ​ជាមួយ​កាលពី​កន្លងមក នឹង​ក្លាយជា​បញ្ហា​មួយ​ថ្មី។ បញ្ហា​នោះ​គឺ ពួកគេ​នឹង​ក្លាយជា​ការគំរាមកំហែង​មួយ​សម្រាប់​ការបោះឆ្នោត ពោលគឺ​បរាជ័យ​នៃ​ការចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​ទ័ព​ឯករាជ្យ នឹងធ្វើ​ឲ្យ​ការប្រយុទ្ធ​គ្នា​អាច​កើតឡើង​គ្រ់ប​ពេលវេលា។

សូម​រមឹ្ល​ក​ផងដែរ ក្នុងឱកាស​នៃ​បុណ្យជាតិ​មី​យ៉ាន់​ម៉ា កាលពីពេល​កន្លងទៅនេះ ក្រុម​ឧទ្ទាម​កូ​កាង និង កា​ឈិន បាន​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​នៅ​ភាគ​ខាងជើង។ ហើយ​តំបន់ ទាំងនោះ បច្ចុប្បន្ន កំពុងស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​ច្បាប់អាជ្ញាសឹក​នៅឡើយ​នោះទេ។ ហើយ ការបោះឆ្នោត​ខាងមុខ ក៏​អាច​នឹង​ជា​ពេល​មួយ ដែល​ក្រុម​ឧទ្ទាម​ទាំងនេះ យក​ឱកាស​ប្រឆាំងនឹង​រដ្ឋា​ភិ បាល​មី​យ៉ាន់​ម៉ា​ផងដែរ។

២. សង្ឃ​ជ្រុលនិយម​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ដើម្បី​សាទរ​ច្បាប់​ថ្មី​ដែល​ធ្វើការ​រើសអើង​ជាតិ​សាសន៍
ងាក​មក​ចាប់អារម្មណ៍​បញ្ហា​ចម្រូងចម្រាស​មួយទៀត នោះ​គឺ​វត្តមាន​ព្រះសង្ឃ​ជ្រុលនិយម​ក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា។ កាលពី​ម្សិលមិញ​នេះ មាន​ព្រះសង្ឃ​ពុទ្ធសាសនា និង អ្នកគាំទ្រ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​ទ្រង់ទ្រាយ​ធំ​ដើម្បី​សាទរ​ចំពោះ​ច្បាប់​ថ្មី​ដែល​សង្ឃ​ទាំង​នោះបាន​ជុំរុញ​ឲ្យ​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា​អនុម័ត។

ច្បាប់​នេះ​ចងក្រង​ឡើង​ស្ថិតក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​ក្រុម​ចលនា​សង្ឃ​ជ្រុលនិយម​ដែលមាន​ឥទ្ធិពល​លើ​នយោបាយ​មី​យ៉ាន់​ម៉ា​តែម្តង។ ច្បាប់​មួយ​ក្នុងចំណោម​បួន ហាមប្រាម​ការរៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ជាមួយ​អ្នក​កាន់សាសនា​ផ្សេងទៀត។ ហើយ​ច្បាប់​មួយទៀត​កំណត់​គម្លៀត​នៃ​ការ​មានកូន​របស់​ស្ត្រី​រយៈពេល៣ឆ្នាំ ហើយ​ច្បាប់​ផ្សេងទៀត​ហាម​មិន​ឲ្យ​មានការ​ផ្លាស់ប្តូរ​សាសនា​និង​ការកំណត់​ចំនួន​ភរិយា​របស់​បុរស​ផង។ ទោះជា​មិន​បញ្ជាក់ថា​ច្បាប់​នេះ​បង្កើត​ដើម្បី​កំហិត​សិទ្ធិ​ជនជាតិភាគតិច​ឥស្លាម​ក៏ដោយ គ្រប់គ្នា​និង​សហគមន៍​អន្តរជាតិ​ដឹង​ច្បាស់​ថា ជនជាតិភាគតិច​ឥស្លាម​នឹង​ក្លាយជា​គោលដៅ​នៃ​ការអនុវត្ត​ច្បាប់។  ជារួម ច្បាប់​ថ្មី​ទាំងនោះ នឹងធ្វើ​ឲ្យ​មានការ រើសអើង និង បែក​ចែង​សាសនា និង ជនជាតិភាគតិច​នៅ​មី​យ៉ាន់​ម៉ា។

អ្វី​គួរកត់សម្គាល់​នោះ ក្នុងឱកាស​នៃ​ការប្រមូលផ្តុំ​គ្នា​នោះ ចលនា​សង្ឃ Ma Ba Tha ក៏បាន​ឆ្លៀត​រិះគន់ មេដឹកនាំ​បក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​លោកស្រី​អង់​សាន ស៊ូ​ជី ជុំវិញ​ការជំទាស់​របស់​ស្រី​លើ​ការអនុម័ត​ច្បាប់​ទាំងនោះ។ ហើយ​អ្វីដែល​គេ​ព្រួយបារម្ភ​នោះ គឺថា​ក្រុម​សង្ឃ​ទាំងនេះ នឹងធ្វើ​អ្វី​បន្ទាប់ ប្រសិនបើ បក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​ដែល​ត្រូវធ្វើឡើង​នាពេលឆាប់ៗខាងមុខនេះ ដ្បិត​ភាគី​ទាំងពីរ មាន​គោល​គំនិត​ផ្សេងគ្នា​ទៅហើយនោះ៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម