នគរបាល​ខណ្ឌ​៧​មក​រា​ឆ្មក់​ចាប់ខ្លួន​ក្រុម​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ផ្លូវ​ច្រក​ឌឿងហែម​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៥ ​បាន​ឆ្មក់​ចាប់ខ្លួន​ក្រុម​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​បាន​២​នាក់​នៅ​តាម​ច្រក​ឌឿងហែម ក្នុង​សង្កាត់​អូរ​ឫស្សី​៣ ព្រម​ទាំង​ដកហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​តូច ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឈ្មោះ ឈៀង ណេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​ម្នាក់​ឈ្មោះ ស៊ុន ហ៊ា​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៤០​អឺ​១​ហ្សិត ផ្លូវ​១៦៤ សង្កាត់​អូរ​ឫស្សី​៣ ខណ្ឌ​៧​មក​រា ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​កាល​ពី​​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៥ តុលា ២០១៥ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ថា នៅ​ចំណុច​ផ្លូវ​ច្រក​ឌឿងហែម​លេខ​១៦៤ កែង​និង​ផ្លូវ​១០៩ ក្នុង​សង្កាត់​អូរ​ឫស្សី​៣ មាន​យុវជន​១​ក្រុម​កំពុង​សេព​គ្រឿងញៀន ។ ពេល​ទទួល​បាន​ព័ត៌មាន​ហើយ កម្លាំង​នគរបាល​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​ភ្លាម និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈៀង ណេ​ង និង​បាន​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ថ្នាំ​ដែល​គេ​បាន​ប្រើប្រាស់​លាក់​ទុក​នៅ​ខ្លួន​នេះ​គឺ​ទិញ​ពី​ឈ្មោះ ស៊ុន ហ៊ា​ង តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ចម្លើយ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឈាន​ទៅ​ឃាត់ខ្លួន​បក្ខពួក​គេ​ម្នាក់​ទៀត​ឈ្មោះ ស៊ុន ហ៊ា​ង ដែល​កំពុង​សម្ងំ​ប្រើប្រាស់​គ្រឿង​ញៀន​នៅផ្ទះ​ក្បែរ​គ្នា​នោះ​ដែរ ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា​បន្ត​ថា ជនសង្ស័យ​បាន​សារភាព​ដូច​គ្នា គឺ​ពួក​គេ​ជា​ក្រុម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដមែន​ គ្រាន់តែ​ជា​រូបភាព​តូចតាច​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕