ឈរ​មើល​រថយន្តបុក​គ្នា ត្រូវ​រថយន្ត​ផ្សេង​បុក​ស្លាប់

ខេត្ត​ព្រះសីហនុ​៖ នារី​កម្មករ​រោងចក្រ​ម្នាក់ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​ឈ​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុមហ៊ុន ស៊ិន​ទ្រី និង រថយន្ត​កុង​តៃ​នឺ ហើយ​ត្រូវបាន​រថយន្ត​កុង​តៃ​នឺ​ផ្សេង​មួយទៀត​រេ​ចង្កូត​មក​បុក​ពេញទំហឹង​អូស​ប្រមាណ​ជិត​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​ប្រហែល​៦ និង​៣០​នាទី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១១១-១១២ ស្ថិតនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ០៣.​តុលា​.២០១៥ វេលា​ម៉ោង ១៨:៣០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១១១-១១២ ស្ថិតនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្កដោយ​រថយន្ត​ស៊ិន​ទ្រី អ្នកបើកបរ​រត់គេច​ខ្លួន​ក្រោយពេល​កើតហេតុ និង រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន ឆាយ ដា គ្រោះថ្នាក់​នេះ​បណ្តាលអោយ​រងរបួស​ម​នុស្ស​ស្រាល​ម្នាក់ ។

​បន្ទាប់មក​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​ជិត​កន្លែង​នោះ​បង្កដោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​របស់​ក្រុមហ៊ុន​កើន​ទ្រព្យ បើកបរ​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក្នុងស្ថានភាព​ផ្លូវ​ងងឹត​បាន​បុក​នារី​កម្មករ​រោងចក្រ​ម្នាក់​កំពុង​ឈរ​ក្បែរផ្លូវ​ឈ្មោះ សំ ភ័ស ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​នៅ​កន្លែងកើតហេតុ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

ក្រោយ​កើតហេតុ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ រថយន្ត​ទាំង​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ សមុទ្រ​ខៀវ

KA-04-10-2015-04 KA-04-10-2015-02 KA-04-10-2015-03 KA-04-10-2015-05 KA-04-10-2015-01​ ​