កាប់​ប្រពន្ធ​មួយ​កាំបិត​ផ្គាក់​ ព្រោះ​សុំ​រួមរ័ក​មិន​បាន​សម្រេច​ដូច​បំណង​កាមកិលេស​

​បុរស​ជា​ប្តី​ដៃ​ឆៅ​ ចិត្ត​ស្លុយ​ម្នាក់​ បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ ដោយ​កាប់​មួយ​កាំបិត​ផ្គាក់​ បណ្តាល​ឲ្យ​ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ​ កាលពី​វេលា​ម៉ោង​២២​រាត្រី​ ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៥​ ឋិត​នៅ​ភូមិ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដោយសារ​តែ​កេះ​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន​សម្រេច​ដូច​បំណង​កាមកិលេស​ ក៏​ផ្ទុះ​កំហឹង​ក្រេវក្រោធ​ដល់​កម្រិត​ហ៊ាន​កាប់​ប្រពន្ធ​របស់​ខ្លួន​តែ​ម្តង​ រួច​ហើយ​រត់គេច​ខ្លួន​ទៅ​ពួន​ក្នុង​ព្រៃ​អស់​រយៈពេល​១​យប់​ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​កាប់​មួយ​កាំបិត​ផ្គាក់​រង​របួសធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ​ មានឈ្មោះ​ វ៉ា​ក់​ មូ​ អាយុ​៥៧​ឆ្នាំ​ និង​បុរស​ជនសង្ស័យ​ជា​ប្តី​ដៃ​ឆៅ​មានឈ្មោះ​ ស្រឿង​ ម៉ៅ​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​ជា​កសិករ​ រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា​ ។​

​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ បុរស​ជនសង្ស័យ​ជា​ប្តី​បាន​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ ខណៈ​ជនសង្ស័យ​ដាស់​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន​សម្រេច​ដូច​បំណង​ ដោយ​ប្រពន្ធ​ប្រាប់​ថា​ មិន​ស្រួលខ្លួន​ គ្មាន​កម្លាំងកំហែង​ផង​ បែរជា​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ និង​មានចិត្ត​ប្រចណ្ឌ​ប្រពន្ធ​ព្រោះ​សុំ​រួមរ័ក​មិន​បាន​ ក៏​ទាញ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង​ ។​ ក្រោយ​កាប់​ប្រពន្ធ​រួច​ហើយ​ ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​ទៅ​ពួន​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ​កង​វ៉ា​អស់​រយៈពេល​១​យប់​ ទើប​ឈាន​ចូល​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​ ព្រមទាំង​វត្ថុ​តាង​ទៅ​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ នា​រសៀល​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ជា​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​កាប់​ប្រពន្ធ​១​កាំបិត​ផ្គាក់​មែន​ ព្រោះតែ​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន​ ។​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ​ ហិង្សា​លើ​សហ​ព័ទ្ធ​ ៕​

កាប់​ប្រពន្ធ​មួយ​កាំបិត​ផ្គាក់​ ព្រោះ​សុំ​រួមរ័ក​មិន​បាន​សម្រេច​ដូច​បំណង​កាមកិលេស​