រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​រំលោភ​បំពាន​ច្បាប់​ចរាចរណ៍​យ៉ាង​គឃ្លើន​

​រថយន្ត​ទំនើប​មួយ​គ្រឿង​​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​ 5.2-175​ ដែល​អ្នកបើកបរ​ទំនើង​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​គឃ្លើន​នោះ​ (​បើកបរ​ខុស​គន្លង​ផ្លូវ​)​ ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ថត​បាន​ និង​យក​មក​ Post​ បង្ហោះ​នា​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ គឺ​រង​នូវ​ការ​រិះគន់​ព្រោងព្រាត​ ដោយ​អ្នក​ Post​ បាន​ដាក់​ចំណងជើង​បែប​ចំអក​ថា​ "​រាជរដ្ឋាភិបាល​ជិះ​ផ្លូវ​ណា​ក៏​បាន​"​ ។​

​អនុលោម​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​ 5.2-175​ នោះ​ អ្នកបើកបរ​បាន​ប្រព្រឹត្ត​នូវ​កំហុស​ពីរ​យ៉ាង​ធំ​ ដូច​ខាងក្រោម​ ៖

១-​ពាក់​ស្លាក​លេខ​ខុសឆ្គង​ ពីព្រោះ​ក្នុង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​មិន​បាន​ចែង​តម្រូវ​ឲ្យ​មាន​ស្លាក​លេខ​ប្រភេទ​រាជរដ្ឋាភិបាល​អ្វី​នោះ​ទេ​ ហើយ​បើជា​យានយន្ត​មាន​ម្ចាស់​គ្រប់គ្រង​ជា​របស់​ក្រសួង​ ស្ថាប័នរដ្ឋ​ សហគ្រាស​សាធារណៈ​ និង​អង្គភាព​ស្វ័​យា​ភិ​បាល​សេដ្ឋកិច្ច​ ត្រូវ​ពាក់​ស្លាក​លេខ​រដ្ឋ​ តាម​លំដាប់​លេខ​រៀង​ពី​០១​ដល់​៦១​ ស្រប​តាម​មាត្រា​៥​ និង​មាត្រា​៩​នៃ​អនុក្រឹត្យ​នេះ​ ។​

២-​បើកបរ​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ (​បើកបរ​ខុស​គន្លង​ផ្លូវ​)​ យ៉ាង​កំរោល​ ។​

​សរុបសេចក្តី​មក​ រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​ 5.2-175​ មួយ​គ្រឿង​ដូច​បាន​លើក​ឡើង​ខាងលើ​ គឺ​អ្នកបើកបរ​បាន​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​គឃ្លើន​ និង​រំលោភ​បំពាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ក្នុង​ន័យ​បំបាក់​មុខមាត់​ និង​បង្អាប់បង្អោន​កិត្យានុភាព​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​យ៉ាង​ទំនើង​បំផុត​ ៕​

រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​មួយ​គ្រឿង​នេះ​ អ្នកបើកបរ​ទំនើង​រំលោភ​បំពាន​ច្បាប់​ចរាចរណ៍​យ៉ាង​គឃ្លើន​