តើ​កម្ពុជា ​និង​មីយ៉ាន់ម៉ា​ជា​គម្រូ​ដើម្បី​ឲ្យ​កូរ៉េខាង​ជើង​បើក​ចំហ​ឬទេ?

តើ​កម្ពុជា ​និង​មីយ៉ាន់ម៉ា​ជា​គម្រូ​ដើម្បី​ឲ្យ​កូរ៉េខាង​ជើង​បើក​ចំហ​ឬទេ?

មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ុន (ស្តាំ) ផ្តល់​ការណែនាំ​ ក្នុង​ពេល​ទស្សនកិច្ច​នៅ​ការដ្ឋាន​សំណង់​មួយ ក្នុង​ទីក្រុង​ព្យុងយ៉ាង។បើ​ទោះបី​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ស្ថានភាព​ខុសគ្នា​ពី​ប្រទេស​ទាំង​ពីរ​នេះ​ក្តី ក៏​អ្នក​ជំនាញ​ខាង​សន្តិសុខ ​និង​អ្នកវិភាគ​នយោបាយ ​និង​សេដ្ឋកិច្ច​យល់​ថា ​ប្រទេស​មួយ​ចំនួន​អាច​ផ្តល់​ជា​មេរៀន​គម្រូ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។​ វ៉ាស៊ីនតោន—

ថ្មីៗ​នេះ​ នៅ​ពេល​ដែល​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ទាក់ទង​ជាមួយ​ចិន ​រុស្ស៊ី ​និង​កូរ៉េ​ខាង​ត្បូង​នោះ​ ​មាន​ចម្ងល់​ ថា​តើ​ប្រទេសកុម្មុយនិស្ត​ដ៏​ឯកោ​មួយ​នេះ​ពិតជា​ស្វែងរក​លទ្ធភាព​ដើម្បី​បើក​ចំហ​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក​មែន ​ឬ​យ៉ាង​ណា?

បើ​សិន​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​ពិត​ជា​ស្វែង​រក​លទ្ធភាព​ដើម្បី​បើក​ចំហ​ប្រទេស​របស់​ខ្លួន​ពិត​មែន​នោះ​ នោះ​ប្រទេស​ពីរ​គឺ​កម្ពុជា ​និង​មីយ៉ាន់ម៉ា​ ឬភូមា​ ​អាច​នឹង​ផ្តល់​ជា​គម្រូ​សម្រាប់​កូរ៉េ​ខាង​ជើង ​ដើម្បី​បញ្ចប់​ទំព័រ​ភាព​ឯកោ ​បញ្ចប់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ ហើយ​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​សេដ្ឋកិច្ច​សេរី។​ ប្រទេស​ទាំងពីរ​នេះ​កំពុង​តែ​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ ក្រោយ​ពី​បាន​បិទ​ទ្វារ​អស់រយៈ​ពេល​ដ៏​យូរ​ដោយ​សារ​តែ​សង្គ្រាម​ក្នុង​ស្រុក ​និង​ការ​គ្រប់គ្រង​បែប​ផ្តាច់​ការ។ ​បើ​ទោះបី​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ស្ថានភាព​ខុសគ្នា​ពី​ប្រទេស​ទាំង​ពីរ​នេះ​ក្តី ក៏​អ្នក​ជំនាញ​ខាង​សន្តិសុខ ​និង​អ្នកវិភាគ​នយោបាយ ​និង​សេដ្ឋកិច្ច​យល់​ថា ​ប្រទេស​មួយ​ចំនួន​អាច​ផ្តល់​ជា​មេរៀន​គម្រូ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង។​

លោក ​Joseph DeTrani ​គឺ​ជា​នាយក​អង្គការ​សម្ព័ន្ធ​សន្តិសុខ​ជាតិ ​និង​ស៊ើប​ការណ៍ ​និង​ជា​អតីត​អ្នក​តំណាង​បេសក​កម្ម​ពិសេស​សម្រាប់​ការ​ចរចា​៦​ភាគី​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ឬ​ភូមា។​

លោក​យល់​ថា ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​«‍ដំណាក់​កាល​ដ៏​ជូរចត់​មួយ»​នៃ​របប​កម្មុយនិស្ត​ខ្មែរ​ក្រហម ​និង​សង្គ្រាម​ក្នុង​ប្រទេស។ ​ក៏​ប៉ុន្តែ​ បច្ចុប្បន្ន​នេះ ​កម្ពុជា​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។ ​ចំណែក​ឯ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ក៏​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​គ្នា​ ដែល​ប្រទេស​នេះ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្របគ្រង​របស់​រដ្ឋាភិបាលយោធា​ផ្តាច់ការ។ ​ក៏​ប៉ុន្តែ​របប​យោធា​នេះ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១០ ​ហើយ​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នឹង​កើត​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​

«‍ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​អាក្រក់ ​ហើយ​ឥឡូវ​នេះ​កំពុង​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​ហើយ​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ ​ហើយ​ប្រទេស​មីយ៉ាន់​ម៉ា​ក៏​ដូច​គ្នា។ ​ការ​គ្រប់គ្រង​ដោយ​ពួក​យោធា​ត្រូវបាន​លុប​បំបាត់ ​ហើយ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ​ហើយ​ប្រទេស​នេះ​កំពុង​បើក​ចំហ​ដូច​កម្ពុជា​ដែរ។ ​ដូច្នេះ ​ប្រទេស​ទាំង​ពីរ​នេះ​គឺជា​គម្រូ​ដ៏​ល្អ»។​

លោក​ DeTrani​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​កូរ៉េ​ខាង​ជើង​បាន​ទាក់ទង​ទៅ​ចិន​ក្នុង​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ តែ​ទំនាក់​ទំនង​នេះ​នៅ​មាន​ស្ថាន​ភាព​តានតឹង​មួយ​កម្រិត​ដែរ។​ ក៏​ប៉ុន្តែ ​កម្ពុជា ​និង​មីយ៉ាន់ម៉ា​មាន​ទំនាក់​ទំនង​វិជ្ជមាន ​និង​ល្អ​គួរ​សម​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។​

«‍កូរ៉េ​ខាង​ជើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​កម្ពុជា​ ហើយ​ក៏​កំពុង​តែ​ចាប់​ផ្តើម​កសាង​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា។​ ដូច្នេះ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កូរ៉េ​ខាង​ជើង»។​

កម្ពុជា​អាច​ជា​គម្រូ​មួយ​ដ៏​ល្អ​ក្នុង​ការ​សម្រេច​បាន​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​ប្រទេស​ ក្រោម​ការ​គ្រប់គ្រង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​បើក​ចំហ​ទៅ​កាន់​ពិភព​លោក។ ​នេះ​បើ​យោង​តាម​លោក​ចាន់ សុផល ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​ឯករាជ្យ​មួយ​នៅ​កម្ពុជា។​

«‍ការ​បើក​ទូលាយ​សេដ្ឋកិច្ច ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សេដ្ឋកិច្ច​បែប​ទីផ្សារ​សេរី​ផង​ មាន​ន័យ​ថា ​យើង​មាន​កា​រអភិវឌ្ឍ​បាន​ច្រើន»។​

លោក​ចាន់ សុផល​យល់​ថា ​ការ​បើក​ចំហ​នេះ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​ធំ​ឡើង។​

«‍ហើយ​យើង​ក៏​បាន​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន ​និង​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក ​WTO ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ច្រក​ទៅ​កាន់​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​នូវ​ផលិតផល​នៃ​ក្រុមហ៊ុន​វិនិយោគ​ផលិត ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​យើង​ផ្ទាល់​ជា​អ្នក​ផលិត»។​

សម្រាប់​ប្រទេស​មីយ៉ាន់​ម៉ា​វិញ ​ក្រោយ​ពី​របប​យោធា​ផ្តាច់ការ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១១​មក​ ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹក​នាំ​ដោយ​លោក ​Thein Sein ​បាន​ធ្វើ​កំណែ​ទម្រង់​ប្រទេស​មីយ៉ាន់ម៉ា​ទាំង​ផ្នែក​នយោបាយ ​និង​សេដ្ឋកិច្ច។​

លោកស្រី ​Chaw Chaw Sein ​ប្រធាន​ដេប៉ាតឺម៉ង់​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ Yangon ​ឲ្យ​ដឹង​ថា ​កូរ៉េ​ខាង​ជើង​អាច​រៀន​សូត្រ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងការ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​មហា​អំណាច។​

«‍កូរ៉េ​ខាង​ជើង​គួរ​តែ​រៀន​សូត្រ​ពី​យើង ​ដែល​យើង​បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ និង​ប្រាស្រ័យ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ។​ ហើយ​ការ​ផ្លាស់ប្តូរ​ទៅ​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​គឺ​កើត​ចេញ​ពី​ថ្នាក់​លើ ​មិន​មែន​ពី​អំណាច​ប្រជា​ពលរដ្ឋ​ទេ»។​

ក៏​ប៉ុន្តែ ​រាល់​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​នីមួយៗ​មិន​អាច​កើត​ឡើង​បាន​ទេ ​បើ​គ្មាន​ឆន្ទៈ​នយោបាយ​ពី​មេ​ដឹកនាំ​របស់​ប្រទេស​នោះ។ ​នេះ​បើ​យោង​តាម​លោក​ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល​វិទ្យាល័យ ​Leeds ចក្រភព​អង់គ្លេស។​

«‍តួនាទី​របស់​សហគមន៍​អន្តរជាតិ​គឺ​សំខាន់ ​ក៏​ប៉ុន្តែ​វា​ផ្តើម​ចេញ​ពី​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​ដែរ។ ​បើ​លោក ​Thein Sein​ មិន​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បើក​ចំហ ​និង​កំណែ​ទម្រង់​ ក៏​វា​មិន​ទៅ​រួច​ដែរ»។​

ក៏​ប៉ុន្តែ​ លោក​យល់​ថា ​ឆន្ទៈ​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ផ្លាស់ប្តូរ​ ដូច​ជា​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ ​បើ​ទោះ​បី​ជា​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក្តី។​

«‍បើ​យើង​ក្រឡេក​មើល​បរិបទ​នៅ​កូរ៉េ​ខាង​ជើង​វិញ ​សូម្បី​តែ​មាន​សម្ពាធ​ពី​បរទេស​ សហគមន៍​អន្តរជាតិ ​អង្គការ​សហ​ប្រជាជាតិ ​និង​ប្រទេស​នៅ​ក្នុង​តំបន់​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប៉ុន្តែ​បើ​ថ្នាក់​ដឹក​នាំ​មិន​មាន​ឆន្ទៈ​នយោបាយ​ទេ ​នោះ​វា​ពិបាក​នឹង​ទៅ​រួច»។​

ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ​សហ​រដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង ​ចិន ​និង​រុស្ស៊ី​មិន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​ផលិត​អាវុធ​នុយក្លេអ៊ែរទេ​ ដោយ​បាន​បង្កើត​កិច្ច​ចរចា​៦​ភាគី​ស្តី​កម្មវិធី​នុយក្លេអ៊ែ​របស់​ប្រទេស​កុម្មុយនិស្ត​នេះ។​

ក៏​ប៉ុន្តែ ​លោក ​DeTrani ​បាន​ឲ្យ​ដឹង​ថា ​ការ​ចរចា​ជា​បន្ត​បន្ទាប់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​ ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក។ ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ចាប់​ផ្តើម​ការ​ចរចា​សារជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។ ​លោក​យល់​ថា​ កូរ៉េ​ខាង​ត្បូង​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សះផ្សា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។​

«‍ខ្ញុំ​យល់​ថា ​កូរ៉េ​ខាង​ត្បូង​ចង់​ផ្សះផ្សា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ​ហើយ​ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​កំពុង​រង់​ចាំ​ការ​ចង់​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​របស់​កូរ៉េ​ខាង​ជើង»។​

ទាក់​ទង​នឹង​ការ​ផ្សះផ្សា​រវាង​កូរ៉េ​ខាង​ជើង ​និង​កូរ៉េ​ខាង​ត្បូង​នេះ ​លោក​ឈាង វណ្ណារិទ្ធ​ យល់​ថា ​លោក​ស្រី Park Geun-hye ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ។​

«‍យើង​ឃើញ​ថា ​គោល​នយោបាយ​របស់​លោក​ស្រី Pak Geun-hye ​គឺ​មាន​គោល​នយោបាយ​ដើម្បី​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ​ បើ​ប្រៀប​ធៀប​នឹង​ថ្នាក់​ដឹកនាំ​មុនៗ»។​

ក៏​ប៉ុន្តែ ​បើ​ប្រៀប​ធៀប​ឥទ្ធិពល​ចិន ​និង​សហ​រដ្ឋ​អាមេរិក​មក​លើ​កូរ៉េ​ខាង​ជើង​វិញ ​លោក​ជឿ​ថា​ កូរ៉េ​ខាងជើង​អាច​ទទួល​យក​ការ​ចរចា​ពី​ចិន​ជា​ជាង​ពី​សហ​រដ្ឋ​អាមេរិក។​

«‍ខ្ញុំ​គិត​ថា ​និយាយ​ឲ្យ​ចំ​ទៅ ​បើ​អាមេរិក​និយាយ​ទៅ ​កូរ៉េ​ខាង​ជើង​មិន​ស្តាប់​ទេ ​ពីព្រោះ​វា​មិន​មាន​ជំនឿ​ទុក​ចិត្ត​គ្នា។​ យើង​ឃើញ​ថា ​ប្រទេស​ចិន​ក៏​កំពុង​ដាក់​សម្ពាធ​ខ្លះៗ។ ​វា​មិន​ច្រើន​ទេ ​គឺ​ថា ​សម្ពាធ​នៅ​មាន​កម្រិត​មួយ​ ទៅ​ដល់​កូរ៉េ​ខាង​ជើង​ដែរ​ ដើម្បី​កុំ​ឲ្យ​កូរ៉េ​ខាង​ជើង​ហ្នឹង​មាន​អាវុធ​នុយក្លេអ៊ែរ​ជា​ដើម»។​

ថ្មីៗ​នេះ ​លោក Kim Jong Un ​មេដឹ​កនាំ​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​ទាក់ទង​ប្រទេស​ចិន​ រុស្ស៊ី ​អឺរ៉ុប ​និង​សមាគម​អាស៊ាន។ ​ហើយ​ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៤​មក​ រដ្ឋាភិបាល​ក្រុង​ព្យុងយាំង​បាន​អនុវត្ត​កំណែ​ទម្រង់​សេដ្ឋកិច្ច ​ដោយ​អនុញ្ញាត​ឲ្យ​កសិករ​មាន​សិទ្ធិ​រក្សា​ទុក​ទិន្នផល​ស្រូវ​របស់​ខ្លួន ​ហើយ​និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម។​

លោក ​DeTrani ​យល់​ថា ​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​កំពុង​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ការ​បើក​ចំហ​ទីផ្សារ​សេដ្ឋកិច្ច​របស់​ខ្លួន។​

«‍លោក ​Kim Jong Un ​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច ​បង្កើត​តំបន់​សេដ្ឋកិច្ច ​ហើយ​ក៏​បាន​ទាក់​ទង​ទៅ​ចិន​ជា​រឿយៗ ​និង​ទៅ​ខាង​អឺរ៉ុប ​និង​អាស៊ាន​ផង​ដែរ»។​

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី ​ក៏​កូរ៉េ​ខាង​ជើង​ទំនង​ជា​នឹង​មិន​បោះបង់​ចោល​គម្រោង​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​ទេ ​ហើយ​លោក ​DeTrani ​យល់​ថា ​សហ​រដ្ឋ​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន​មិន​ទទួល​យក​បាន​ទេ ​ហើយ​ចិន ​និង​រុស្ស៊ី​ក៏​ទំនង​ជា​មិន​អាច​ទទួល​យក​ដែរ៕​