Chelsea បញ្ជាក់ថា លោក Mourinho នៅតែទទួលបានការគាំទ្រពេញលេញពីក្លិប

លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្លិប Chelsea នៅ​តែ​បន្ត​ទទួល​បាន​ការ​គាំ​ទ្រ «យ៉ាង​ពេញ​ទំ​ហឹង​» ពី​សំណាក់​ក្លិបនេះ បើ​ទោះ​​បី​ជួប​ការ​ចាប់​ផ្តើម​​យ៉ាង​​ខក​ចិត្ត​​ក្នុង​រដូវកាលនេះក៏​ដោយ​​។ នេះ​បើ​យោងទៅ​តាម​ការ​​ប្រកាស​របស់​​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយនេះ​កាលពី​ថ្ងៃ​ចន្ទ​។ Chelsea បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅលើ​គេហ​ទំព័រ​របស់​ពួក​គេ​ថា៖ «ក្លិប​នេះ​​ចង់​ធ្វើ​ការ​បញ្ជាក់​ឲ្យ​​ច្បាស់​ថា លោក Jose នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​លេញ​»​។
1
ក្លិប Chelsea ​បន្ថែម​ទៀត​ថា៖ «ដូច​ដែល​លោក Jose បាន​និយាយ​អ៊ី​ចឹង លទ្ធ​ផល​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ឡើយ ហើយ​ការ​បង្ហាញពី​ទម្រង់​លេង​របស់​ក្រុម​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា យើង​​ជឿ​ជាក់​ថា យើងមាន​អ្នក​ចាត់​ការ​ទូទៅ​ដ៏​​ត្រឹម​ត្រូវ​ក្នុង​ការ​​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរក្នុង​រដូវ​កាលនេះ និង​​ជឿ​ថា លោក​មាន​ក្រុម​ដែលមាន​សមត្ថ​ភាព​គ្រប់​គ្រាន់​»​។ Chelsea បច្ចុប្បន្ន កំពុង​​តែមាន​ចំណាត់​ថ្នាក់​​ពីរ​លេខ​លើ​ក្រុម​ស្ថិត​ក្នុង​​តំបន់​កាត់​ចោលនៃក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​​បាន​រង​បរា​ជ័យ​​៤​លើក និង​ឈ្នះ​​តែ​២​លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៨​លើក​ដំ​បូង​របស់​ពួក​គេ​។ ក្រោយ​​ពីការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-១ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Southampton លោក Mourinho បាន​​ធ្វើការ​ពិភាក្សា​ដោយ​បើក​ចំ​ហរ​ពី​ការ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ ប៉ុន្តែ បាន​និយាយ​ថា លោក​មិន​មាន​បំណង​ក្នុង​ការ​ដើរ​ចេញ​ឆ្ងាយពី​ក្លិប​នេះ​ឡើយ​៕

ប្រភព​ព័ត៌មាន៖ BBC