ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន

ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន

ពហុកីឡដ្ឋាន​ជាតិ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​នឹង​កាន់​តែ​ពិសេស​ប្លែក ពេល​ទទួល​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក ជប៉ុន នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ។ ទីតាំង​​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​​កំពុង​ត្រូវ​បាន​ជួសជុលកែ​លម្អ​ និង​​លាប​ពណ៌​បន្ថែម​ដើម្បី​ឲ្យ​កាន់​តែ​មាន​សោភណភាព ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​​នៅ​​តំបន់​អាស៊ី ពូលE ជើង​ទី​ពីរ។

 

ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន

ពហុកីឡដ្ឋាន​ជាតិ

 

តាម​ទំព័រ​ហ្វេសប៊ុក​របស់​​អគ្គ​នាយកដ្ឋាន​កីឡា​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​បាន​ចុះ​ត្រួត​ពិនិត្យ ប្រគល់​ការ​ជួសជុល​ពង្រីក​បន្ថែម​ជុំវិញ​ទីលាន​បាល់ទាត់ ព្រម​ទាំង​បំពាក់​កៅអី​ជ័រ​នៅ​លើ​វេទិកា​កិត្តិយស ជួស​ជុល​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ភ្លៀង​នៅ​មុខ​វេទិកា​កិត្តិយស។ បន្ទាប់​ពី​ពិនិត្យ​តាម​ទីតាំង​នានា​ដែល​ត្រូវ​ជួសជុល​រួច គណៈកម្មការ​បាន​ពិនិត្យ​ឃើញ​ថា៖

 

១. កៅអី​ជ័រ​បាន​បំពាក់​រួច​រាល់​ហើយ នៅ​សល់​តែ​ការ​បាញ់​លេខ​សម្គាល់​តាម​តំបន់​នីមួយៗ ដែល​ក្រុមហ៊ុន​ត្រូវ​បញ្ចប់​ការងារ​នេះ។

 

២. ចំពោះ​របង និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​នៅ​ខាង​មុខ​វេទិកា​បាន​ធ្វើ​រួចរាល់ និង​អាច​ទទួល​យក​បាន។

 

៣. តំបន់​ពង្រីក​បន្ថែម​ជុំវិញ​ទីលាន​អត្តពលកម្ម​ត្រូវ​លាប​ពណ៌​ខៀវ ចំណែក​ឯ​តំបន់​នៅ​ក្រោយ​បង្គោល​ទី​ខាង​ជើង​ត្រូវ​លាប​ពណ៌​ក្រហម។

 

៤. ក្រុមហ៊ុន​ត្រូវ​បញ្ចប់​ការ​លាប​ពណ៌​ជញ្ជាំង​ផ្លូវ​ដើរ​ផ្នែក​ខាង​ក្នុង​រហូត​ដល់​បន្ទប់​ទឹក និង​ចាក់​បេតុង​នៅ​ផ្លូវ​ចូល​​ទីលាន​ទាំង​សង្ខាង តាម​ការ​ឯកភាព​នៃ​អង្គ​ប្រជុំ​លើក​មុន។

 

កិច្ចការ​នេះ​ត្រូវ​បញ្ចប់​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ជា​ថ្ងៃ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​សាម៉ូរ៉ៃ​ជប៉ុន​ ក្នុង​ជំនួប​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​២០១៨ នៅ​ប្រទេស​រុស្ស៊ី។ កាល​ជើង​ទី​មួយ កម្ពុជា​បាន​ចាញ់​ក្រុម​ខ្លាំង​នេះ ៣-០ នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ប្រមាណ​ជាង ៥​ម៉ឺន​នាក់៕

 

ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន
ពហុកីឡដ្ឋាន​ជាតិ ពេល​ទទួល​ក្រុម​សិង្ហបុរី​ជើង​ទីមួយ

អត្ថបទ៖ គង់ វិសាល