ជីដូន​ចាស់ជរា​រស់នៅ​យ៉ាង​វេទនា​ជាមួយ​ចៅស្រី​ពីរ​នាក់​

Sanofi

​ខ្សែជីវិត​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូចគ្នា​ឡើយ អ្នកខ្លះ​កើតមក​លើ​គំនរ​មាសប្រាក់ ហើយ​អ្នក​ខ្លះទៀត​កើតមក​នៅក្នុង​ត្រកូល​ទីទ័លក្រ ទោះបីជា​ខំ​បញ្ចេញ​កម្លាំង​រកស៊ី​គ្មាន​ពេល​ឈប់ឈរ​យ៉ាងណាក្តី​នៅតែ​មិនអាច​ងើប​ផុតពី​ភាពក្រីក្រ​ទៀត ។ ជាក់ស្តែង​ដូចជា​លោកយាយ ហ៊ុន នេះ​ជាដើម ភាពក្រីក្រ​បាន​តាម​យាយី​រូបគាត់​តាំងពី​វ័យក្មេង​រហូតដល់​វ័យ​ចាស់ជរា ហើយ​អ្វី​ដែលជា​បន្ទុក​សម្រាប់​គាត់​បន្ថែមទៀត​នោះ គឺ​នៅ​មើលថែ​ចៅស្រី​តូចៗ​ចំនួន​ពីរ​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់គាត់​មានការ​លំបាក​វេទនា​យ៉ាងខ្លាំង ។ ជីវិត​រស់នៅ​របស់គាត់​រាល់ថ្ងៃ​បើ​កុំ​តែ​បាន​អ្នក​ក្បែរ​ខាង​ដាក់​ទាន​បាយទឹក​ឲ្យ​ប្រហែលជា​គាត់ និង ចៅស្រី​តូចៗ​ដាច់ពោះ​ស្លាប់​ហើយ ។​

​លោកយាយ​ ហ៊ុន​ មាន​អាយុ ៧២ ឆ្នាំ​ បច្ចុប្បន្ន​លោកយាយ​រស់នៅ​ក្នុងភូមិ​ស្វាយ​កល្ប​ ឃុំ​កកោះ ​ស្រុក​សន្ទុក ​ខេត្តកំពង់ធំ ​។ ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង​លោកយាយ​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែករលីងរលោង​ថា​​រឿង​ជីវភាព​លំបាក​គឺ​វា​លំបាក​ទៅហើយ ធ្វើ​ដូចម្តេច​បើ​យើង​កើត​មកជា​ត្រកូល​អ្នក​ខ្សត់ខ្សោយ​ទៅហើយនោះ ។ ​អ៊ីចឹង​មានតែ​រក​មួយពេល​ចម្អែត​ក្រពះ​មួយពេល ​ធ្វើ​ដូចម្តេច​បើ​វា​ជា​កម្ម​ពៀរ និង ព្រេងវាសនា​របស់​យើង​ចារ​មក​ដូច្នេះ​ ​។​​ពេល​និយាយ​​លោកយាយ​អង្គុយ​ក្នុង​ខ្ទម​ដ៏​ចាស់​ទ្រុឌទ្រោម​មាន​ទំហំ​តូច​ល្មម​លើដី​ចំណី​ថ្នល់​​ជា​ផ្លូវ​ចូលទៅ​តំបន់​រមណីយដ្ឋាន​ទេស​​ចរណ៍​ធម្មជាតិ​ភ្នំ​សន្ទុក​ ​។​ ​ខ្ទម​ដ៏​ចាស់​ដ៏​ជរា​នោះ​មិន​ត្រឹម​តែមាន​ទំហំ​តូច​​នោះទេ ប៉ុន្តែ​ថែមទាំង​មាន​សភាព​រខេករខាក​ដែល​ដំបូល ​និង ជញ្ជាំង​ប្រក់​ស្លឹកត្នោត​ទំនងជា​ប្រក់​យូរ​ឆ្នាំ​មកហើយ​ ។

​តាម​អ្វីដែល​អ្នកយក​ព័ត៌មាន​របស់​យើង​បាន​សង្កេតឃើញ​ផ្ទាល់​​គឺ​នៅក្នុង​កូនខ្ទម​នោះ​មិន​​មាន​សម្ភារ​ប្រើប្រាស់​អ្វី​ច្រើន​នោះទេ ​គឺ​មានតែ​ឆ្នាំង​ពីរ​ចាន​ពីរ​​បី​ និង​ ចង្ក្រាន​មួយ​តែប៉ុណ្ណោះ​ ។​​កាលពីមុន​លោកយាយ​រស់នៅ​ក្នុងភូមិ​ក្រវ៉ា​ ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម​​តែដោយសារ​តែ​ជីវភាព​រស់​នៅឯ​ស្រុកភូមិ​ឯណោះ មានការ​លំបាក​ពេក​ ​ទើប​លោកយាយ​សម្រេចចិត្ត​មក​រស់នៅ​ក្នុងភូមិ​ស្វាយ​កល្ប​នេះ​ រហូតមកដល់​ពេលនេះ​គឺ​បាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ ។ រាល់ថ្ងៃនេះ​បើទោះបីជា​គាត់​មាន​វ័យចាស់​ជរា​ទៅហើយ​ក្តី​​តែ​គាត់​នៅតែ​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​​ដោយ​គាត់​ធ្វើជា​កម្មករ​ដាំដំឡូង​មី​ក្នុង​រដូវ​ដាំ​ដុះ​ហើយ​នៅពេល​រដូវ​ប្រមូល​ផល​ដំឡូង​មី​​គាត់​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ​ដើម្បី​បាន​កម្រៃ​ខ្លះៗ​សម្រាប់​ទ្រទ្រង់​ជីវិត​ប្រចាំថ្ងៃ ​។

លោកយាយ ​ហ៊ុន ​បាន​រៀបរាប់​បន្តទៀតថា​បើសិន​ជាមាន​គេ​ដាំ​កៅស៊ូ​គាត់​ក៏​ក្លាយជា​កម្មករ​ដាំ​កូន​កៅស៊ូ​ដែរ​ ដែល​ការងារ​នេះ​អាចជួយ​សម្រាល​ជីវភាព​របស់គាត់​បាន​ខ្លះៗ​ ​។​ក្រៅពីនេះ​គាត់​មិន​ត្រឹមតែ​ធ្វើជា​កម្មករ​ក្នុង​ខេត្តកំពង់ធំ​នោះទេ​ ប្រសិនបើ​មាន​ការងារ​បានទទួល​កម្រៃ​សមរម្យ​គាត់​ក៏ត្រូវ​ធ្វើដំណើរ​ទៅធ្វើ​ការ​ជា​កម្មករ​នៅ​ខេត្ត​ដទៃទៀត​ផងដែរ ​ដូចជា​ធ្វើការ​ជា​កម្មករ​ប្រមូល​ផល​ម្រេច​នៅឯ​ខេត្តក្រចេះ​ក៏មានដែរ​ បើសិន​ជាមាន​បងប្អូន​ហៅ​គាត់​ទៅ ​។អ្វី​ដែលជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គាត់​បន្ថែមទៀត​នោះ​ គឺ​គាត់​នៅ​មើលថែ​ចិញ្ចឹម​ចៅស្រី​ចំនួន​ពីរ​នាក់​ទៀត​​ដែល​ឪពុកម្តាយ​របស់គេ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ទុក​ឲ្យ​គាត់​ជា​ម្តាយ​ជា​អ្នក​មើលថែ​ចៅៗ​ទៅវិញ​ ។​ លោកយាយ​បាន​បន្តទៀតថា​ចាប់តាំងពី​កូន​របស់គាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​​គេ​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​កូន​របស់គេ​ខ្លះៗ​ដែរ តែ​ប្រាក់​ទាំងនោះ​មិនអាច​យកមក​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​បានឡើយ​ ។​

ដូច្នេះ​តម្រូវ​ឲ្យ​គាត់​ជា​ជីដូន​ទៅ​ស៊ីឈ្នួល​ល​ធ្វើ​ការងារ​ឲ្យ​គេ ដើម្បី​យកប្រាក់​មក​ចិញ្ចឹម​ចៅៗ​​នៅពេល​ខ្លះ​មិនមាន​ការងារ​ធ្វើ​នោះ​បីនាក់​ចៅ និង ​ជីដូន​​ប្រាកដជា​ដេក​អត់បាយ​ហើយ ​។និយាយ​តាម​ត្រង់​ទៅ​ចុះ​​រាល់ថ្ងៃនេះ​បើ​កុំ​តែ​បាន​អ្នកជិតខាង​ហុច​បាយទឹក​ព្រឹកល្ងាច​នោះ​គាត់ ​និង ​ចៅ​​ប្រហែលជា​ដាច់បាយ​ស្លាប់​ហើយ​ ។​ ​លោក​ សុខ​ ​វី​ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភូមិ​នោះដែរ​បាន​និយាយថា​«​ជីវិត​លោកយាយ​ ហ៊ុន​ ​រាល់ថ្ងៃនេះ​លំបាក​ខ្លាំងណាស់​​គាត់​មាន​អាយុ​ជាង​ ៧០ ​ឆ្នាំ​ទៅហើយ​ ​តែ​គាត់​នៅតែ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ងារ​ឲ្យ​គេ​ទៀត​ដើម្បី​យកប្រាក់​កម្រៃ​មក​ចិញ្ចឹម​ចៅៗ​ដែល​ឪពុកម្តាយ​របស់គេ​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ឯណោះ ​។ ​តាម​អ្វីដែល​គាត់​បានដឹង​​ចាប់តាំងពី​ឪពុកម្តាយ​របស់គេ​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​គឺ​មិនដែល​ឃើញ​ឪពុកម្តាយ​របស់​​គេ​មក​អើត​ឈ្ងោក​កូន​ឡើយ​ ​ដោយ​ទុក​ឲ្យ​ម្តាយ​ចាស់ជរា​ជា​អ្នក​មើលថែ​យ៉ាង​លំបាក​វេទនា ​។ ​រាល់ថ្ងៃនេះ​ទាំង​ខ្ញុំ ​និង ​អ្នកភូមិ​នៅក្បែរៗ​នេះ​តែងតែ​ហុច​បាយទឹក​ដល់​លោកយាយ ហ៊ុន​ ម្តងម្កាល​ដែរ ​ព្រោះ​មើលទៅ​ជីវិត​របស់គាត់​វេទនា​ខ្លាំងណាស់​» ៕​តុលា​








Related