លោក អ៊ុក គឹមសេង៖ លោក ខៀវ កាញារីទ្ធ លាឈប់ពីតំណែង នៅអាណត្តិក្រោយ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ដែលទទួលបានការគោរពស្រឡាញ់ខ្លាំង ពីអ្នកព័ត៌មាន  បានប្រកាសប្រាប់មន្រ្តីក្រសួង ព័ត៌មាននាព្រឹកមិញថា នឹងលាឈប់ពីតំណែងរដ្ឋមន្រ្តី ក្រសួងព័ត៌មាននៅអាណត្តិ ក្រោយ ដើម្បីទុកឱកាសដល់មនុស្សជំនាន់ក្រោយដែលសុទ្ធតែមានសមត្ថភាព ទទួលបានឱកាសកាន់តែច្រើនក្នុង ការដឹកនាំ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក អ៊ុក គឹមសេង នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥។

លោក អ៊ុក គឹមសេង បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានលើកឡើងបែបនេះ នៅក្នុង កិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការឆ្លើយឆ្លងព័ត៌មានតាមទូរទស្សន៍ឆ្នាំ២០១៥ នៅក្រសួងព័ត៌មាន។ លោក អ៊ុក គឹមសេង  បានថ្លែងថា «ព្រឹកមិញ គាត់ (ខៀវ កាញារីទ្ធ) នៅក្នុងអាណត្តិនេះ គាត់សុំឈប់ហើយ ពេលចប់អាណត្តិនោះ ទោះ  បីមានតម្រូវការយ៉ាងម៉េចក៏ដោយ គាត់ថាលែងនៅក្នុងក្រសួងព័ត៌មានទៀតហើយ គាត់បានផ្តាំឱ្យបងប្អូនទាំងអស់ គ្នារៀនសូត្រ អំពីកិច្ចការព័ត៌មាន ព្រោះអីគាត់បានគាត់បានប្រាប់ជីវិត ដែលគាត់បានឆ្លងកាត់អ្នកសារព័ត៌មាន  ហើយគាត់បានផ្តាំទៅមន្រ្តីទាំងអស់ថា ត្រូវតែធ្វើជាមិត្តភ័ក្តិអ្នកសារព័ត៌មាន ហើយមិនត្រូវយកអ្នកព័ត៌មានជាសត្រូវ ទេ»។

លោកបានបន្ថែមថា ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានមិន បញ្ជាក់ថា លោកនៅតែបន្តកាន់តំណែងអ្វីផ្សេង ឬយ៉ាងណានោះដែរ។

លោក ខៀវ កាញារីទ្ធ មានវ័យប្រមាណ៦៤ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ៣អាណត្តិចុងក្រោយនេះ។ លោកជារដ្ឋ  មន្រ្តី ដែលទទួលបានគោរព ពីអ្នកព័ត៌មានមកពីគ្រប់ប្រភពទាំងអស់ មិនថា អ្នកព័ត៌មាននោះ មាននិន្នាការយ៉ាង ណានោះឡើយ ពោលរូបលោក ជារដ្ឋមន្រ្តី ដែលយល់ចិត្ត និងដឹងពីសុខទុក្ខរបស់អ្នកព័ត៌មានបំផុត។

លោក ខៀវ កាញ្ញារីទ្ធ ជាអតីតអ្នកកាសែតជើងចាស់មួយរូប ជានិពន្ធនាយកកាសែតកម្ពុជា ក្នុងសម័យរដ្ឋកម្ពុជា។  បច្ចុប្បន្នក្រៅតែពីមានតួនាទីជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកក៏ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕

លោក អ៊ុក គឹមសេង៖ លោក ខៀវ កាញារីទ្ធ លាឈប់ពីតំណែង នៅអាណត្តិក្រោយ