ភីឡុត​ស្លាប់​ពេល​កំពុង​ហោះហើរ តែ​ជំនួយការ​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព

ភីឡុត​ស្លាប់​ពេល​កំពុង​ហោះហើរ តែ​ជំនួយការ​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព

ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង​លើ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក។ អំឡុង​ពេល​ហោះ​ហើរ​ពី​ក្រុង Phoenix ទៅ​ក្រុង Boston ភីឡុត​​បាន​ធ្លាក់​ខ្លួន​ឈឺ​និង​ស្លាប់​នៅ​លើ​អាកាស ប៉ុន្តែ​ជំនួយ​ការ​អាច​បញ្ជា​ការ​ចុះ​ចត​ដោយ​សុវត្ថិភាព។

 

ភីឡុត​ស្លាប់​ពេល​កំពុង​ហោះហើរ តែ​ជំនួយការ​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព
យន្តហោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​អាមេរិក

 

យន្តហោះ​ធុន Airbus A320 កំពុង​ដឹក​អ្នក​ដំណើរ ១៤៧​នាក់ និង​ក្រុម​ការងារ ៥​នាក់ ត្រូវ​ប្ដូរ​ទិសដៅ​ទៅ​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ Syracuse Hancock International Airport រដ្ឋ New York ភ្លាម​ៗ​ បន្ទាប់​ពី​​អាកាសយានិក​បញ្ជា​ការ​ហោះហើរ​ស្លាប់​នៅ​លើ​អាកាស។

 

អ្នក​ដំណើរ​ម្នាក់​ឈ្មោះ Louise Anderson បាន​និយាយ​ថា៖ «យើង​បាន​ចុះ​ចត ហើយ​ក៏​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ដែរ… សន្តិសុខ​នៅ​ព្រលាន​​រង់ចាំ​យើង​រួច​ជា​ស្រេច។ គេ​គ្រាន់​តែ​ប្រាប់​ឲ្យ​យើង​ដឹង​ថា ត្រូវ​ឡើង​យន្តហោះ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ Boston»។

 

អ្នក​ដំណើរ​ស្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា រហូត​ដល់​ឡើង​ជើង​ហោះហើរ​ទី​២ ជាមួយ​ក្រុម​ការងារ​ថ្មី ទើប​គេ​បញ្ជាក់​ប្រាប់​ពី​ការ​ស្លាប់​របស់​ភីឡុត​នៃ​ជើង​ហោះហើរ​ទី​មួយ។ ដូច្នេះ​ហើយ​​ ទើប​នាង​និង​អ្នក​ដំណើរ​ឯទៀត គ្មាន​ការ​ភ័យ​ស្លន់​ស្លោ​អ្វី​បន្តិច​សោះ។ Anderson បាន​បន្ថែម​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​អាមេរិក អាច​គ្រប់​គ្រង​ស្ថានការណ៍​ក្នុង​លក្ខណៈ​អាជីព​ពិតៗ។

 

ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង ក្រុម​ហ៊ុន​អាកាសចរណ៍​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «គួរ​ឲ្យ​សោក​ស្ដាយ​ណាស់… ភីឡុត​របស់​យើង​បាន​ស្លាប់​បាត់​ទៅ​ហើយ។ យើង​មាន​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ហេតុការណ៍​នេះ ហើយ​យើង​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ ព្រម​ទាំង​អ្នក​រួម​ការងារ​ទាំង​អស់​របស់​ភីឡុត»។

 

យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​លម្អិត​ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​​​របស់​អាកាសយានិក​នេះ​នៅ​ឡើយ​ទេ។

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ channelnewsasia