តួកគី ចោទយន្តហោះ រុស្ស៊ីថាបាន រំលោភដែនអាកាស របស់ខ្លួន អំឡុងពេលធ្វើ ប្រតិបត្តិការនៅស៊ីរី

អង់ការ៉ា៖ ប្រទេសតួកគី បានបញ្ជាក់នៅថ្ងៃចន្ទ នេះថា យន្តហោះច្បាំងរបស់ ប្រទេសរុស្ស៊ី បានហោះរំលោភមក លើដែនអាកាសរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ស្ថិតនៅតំបន់ យ៉ាយឡាដាហ្គី នៃខេត្ត ហាថាយ ភាគខាងត្បូងប្រទេស ជាប់ព្រំដែនជាមួយនឹង ប្រទេសស៊ីរី នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសតួកគី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៥ នេះទៀតថា “យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះចេញពីដែនអាកាសតួកគីវិញ បន្ទាប់ពីត្រូវ បាន យន្តហោះចម្បាំងប្រភេទ F16s របស់តួកគីប្រដេញតាម ស្របពេលដែលខ្លួនកំពុងតែហោះល្បាតស្រាប់។”

រដ្ឋាភិបាលតួកី តាមរយៈក្រសួងការបរទេស បានសម្តែងការតវ៉ាយ៉ាងខ្លាំង ទៅកាន់ស្ថានទូតរុស្ស៊ី ស្ថិតនៅទីក្រុង អង់ការ៉ា។ តួកគី បានគម្រាមរុស្ស៊ីថាប្រសិនបើ មានការរំលោភបំពានបែបនេះកើតឡើងម្តងទៀត ខ្លួនមិនហ៊ាន ធានាថា នឹងមានរឿងអ្វីកើតឡើងនោះឡើយ។

ក្រៅពីការតវ៉ា និង ព្រមានចំពោះរុស្ស៊ីនោះ លោករដ្ឋមន្ត្រីការបរទេសតួកគី ហ្វឺរីដាន់ ស៊ីណឺលីអូគ្លូ ក៏បានទូរស័ព្ទ ទៅកាន់សមភាគី អាមេរិក បារាំង អ៊ីតាលី និង ចក្រភពអង់គ្លេស ដើម្បីប្រាប់ពីអ្វីដែលបានកើតឡើង ជាពិសេស ខ្លួនក៏បានជម្រាបបញ្ហានេះ ទៅកាន់ប្រធានអង្គការណាតូ លោក ហ្សង់ ស្តូលធិនប៊ឺក និង រដ្ឋមន្ត្រីការបរទេស របស់សហព័ន្ធអាល្លឺម៉ង់ ថែមទៀត៕

តួកគី ចោទយន្តហោះ រុស្ស៊ីថាបាន រំលោភដែនអាកាស របស់ខ្លួន អំឡុងពេលធ្វើ ប្រតិបត្តិការនៅស៊ីរី