លោករដ្ឋមន្រ្តី ក្រសួងធនធានទឹក៖ ៥០ឆ្នាំហើយដែល ទឹកទន្លេមេគង្គមាន កម្ពស់ទាប

 ភ្នំពេញ៖ នេះជាឆ្នាំទី៥០ហើយដែល ទឹកទន្លេមេគង្គមានកម្ពស់ ទាបជាងរាល់ឆ្នាំដោយសារ មិនហូរចូលស្រែក ព្រែក បឹងបួរ សម្រាប់ទុកឲ្យ ប្រជាពលរដ្ឋបង្កបង្កើនផលស្រូវ ក្នុងរដូវវស្សានៅឆ្នាំឆ្នាំ២០១៥។

លោករដ្ឋមន្រ្តី លឹម គានហោ មានប្រសាសន៍ថា ទឹកជំនន់ឆ្នាំនេះ មិនហូរជនខ្លាំងខុសប្លែកពីបណ្តាឆ្នាំមុន ព្រោះទឹកទន្លេមេគង្គមានកម្ពស់ទាប។ លោកថា ក្នុងពិភពលោកកំពុងតែទទួលរង ឥទ្ធិពលអេមីញ៉ូដែលមានភាពក្តៅ ជាហេតុធ្វើឲ្យ រាំងស្ងួតច្រើន ស្ទើរតែមួយភាគបីនៃពិភពលោក ដែលបានជួបប្រទះនូវភាពរាំងស្ងួតនេះ។ សម្រាប់កម្ពុជាការអំណោយផល នូវទឹកនេះមិនសូវល្អទេ ប៉ុន្តែអាចបង្កបង្កើនផលស្រូវបាន។

លោកបញ្ជាក់ថា “យើងមានភ្លៀងក្នុងប្រទេស តែដោយសារក្នុងអាង ទន្លេមេគង្គអត់មានភ្លៀង ចឹងធ្វើឲ្យទឹកទន្លេមេគង្គរបស់យើង មានកម្រិតទាប ហើយទាបនេះមិនដែលមានទេក្នុងរយៈពេល៥០ឆ្នាំកន្លងមក មិនដែលទាបចឹងទេ”។ ក្នុងរយៈពេល៣សប្តាហ៍កន្លងមក ទឹកទន្លេនៅមាន ស្ថានភាពស្រកចុះៗ ដោយសារទឹកភ្លៀងធ្លាក់តិចតួចក្នុងអាងទន្លេមេគង្គ និងនៅតាមព្រំប្រទល់ខេត្តស្ទឹងត្រែង នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តីបន្ត៕