សញ្ញា​គ្រោះថ្នាក់ ​៤ យ៉ាងនៃ​ជំងឺមហារីក​កស្បូន​អ្នក​មិន​គួរមើល​រំលង​

មហារីក​កស្បូន​ គឺជា​ជំងឺ​មហារីក​ដ៏សាមញ្ញ​មួយ​ប្រភេទ ​ដែល​តែង​កើត​មាន​ចំពោះ​ស្រ្ដី​ទូទាំង​ពិភព​លោក​។ ជំងឺ​នេះ ​វាកើត​ឡើង​ត្រង់​កោសិកា​នៃស្បូន ​ផ្នែកខាង​ក្រោម​នៃតួស្បួន​ ដែល​មាន​តំណភ្ជាប់​ទៅកាន់​ទ្វារមាស​។ សមាគម​ជំងឺ​មហារីក​អាមេរិក​បានធ្វើ​ការប៉ាន់​ប្រមាណថា​ ករណីថ្មីៗ​នៃជំងឺ​មហារីក​កស្បូន​ប្រណមា​ប្រហែល ​១២៩០០ នឹង​ត្រូវ​បាន​ធ្វើរោគ​វិនិច្ឆ័យ​  ហើយស្រ្ដី​ចំនួន​ប្រហែល​ ៤១០០នាក់​នឹងស្លាប់​បាត់បង់​ជីវិត​ដោយ​សារជំងឺ​នេះ​នៅក្នុង​ឆ្នាំ ​២០១៥នេះ ​។ ការប៉ាន់​ប្រមាណ​នេះ ​ស្ដាប់​ទៅ​ហាក់​ដូចជា ​គួរឱ្យ​តក់​ស្លុត​ណាស់​ ប៉ុន្ដែវា​ជាការពិត​។ ភាគ​ច្រើន​ ករណី​នៃជំងឺ​មហារីក​ទាំងនេះ​ ត្រូវ​បាន​បង្ក​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះថា​ HPV។ ស្រ្ដី​គ្រប់​វ័យ​ទាំងអស់​មាន​ការ​ប្រឈម​ខ្ពស់​នឹងគ្រោះ​ថ្នាក់ ​នៃការវិវឌ្ឍន៍​ជំងឺ​មហារីក ​ក្រោយ​ពេល​ពួកគេ​ប្រឡូក​ក្នុង​ការ​រួមភេទ​។  ខាង​ក្រោម​នេះ ​គឺសញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ នៃ​ការកើត​ជំងឺ​មហារីក​កស្បូន​ ដែល​អ្នក​មិនគួរ​មើល​រំលង៖ ​
សញ្ញា​គ្រោះថ្នាក់ ​៤ យ៉ាងនៃ​ជំងឺមហារីក​កស្បូន​អ្នក​មិន​គួរមើល​រំលង​

១. ធ្លាក់​ឈាម​តាមទ្វារ​មាស​ខុសពី​ធម្មតា៖ ​ស្រ្ដីភាគ​ច្រើន​ ដែល​ត្រូវ​បាន​អ្នក​ឯកទេស​ធ្វើរោគ​វិនិច្ឆ័យ​រកឃើញ​ថាកើត​ជំងឺ​មហារីក​កស្បូន​ តែង​តែជួប​ប្រទះ​នូ​វអាការៈ​ហូរ​ឈាម​តាម​ទ្វារ​មាស​ខុសពី​ធម្មតា​។ សភាព​ខុសពី​ធម្មតា​ នៃការ​ហូរ​ឈាម​តាមទ្វារ​មាស​ ដែល​កើត​មាន​ឡើង​មិនឈប់​អាច​ជាសញ្ញា​បញ្ជាក់ ​នៃជំងឺ​មហារីក​កស្បូន​។ ប៉ុន្ដែ​វាក៏​អាច​បណ្ដាល​មកពី​បញ្ហា​វេជ្ជ​សាស្រ្ដ​មួយ​ចំនួន​ដូចជា​ អតុល្យភាព​អ័ក​ម៉ូន​ ជំងឺ​រលាក​ត្រគាក​ ឬជំងឺ​ឆ្លង​នៅក្នុង​សរីរាង្គ​ត្រគាក​ជាដើម​។ ដោយ​សារជំងឺ​មហារីក​រីក​រាល​ដាល​ទៅកាន់​ចំណុច​ក្បែរ​ជាលិកា​ ទើបវា​អាច​បង្កើត​សរសៃ​ឈាម​តូចៗថ្មី​ខុស​ពីធម្មតា ​ដែល​ធ្វើឱ្យ​ដាច់​រយះ​ជាលិកា​យ៉ាង​ងាយ​ស្រួល​ និងបណ្ដាល​ឱ្យហូរ​ឈាម។ ​ការហូរ​ឈាម​បែប​នេះអាច​កើតឡើង​ត្រង់​ចន្លោះ​ពេល​ នៃការ​មក​រដូវ​ ក្រោយ​ការ​រួមភេទ ​ក្រោយ​អស់​រដូវ​ ឬសូម្បី​តែក្រោយ​ការធ្វើ​តេស្ដ​ពិសោធន៍​វេជ្ជ​សាស្រ្ដ​ត្រង់​ត្រគាក​។ សូមធ្វើ​ការប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ​ប្រសិន​បើអ្នក​ជួប​ប្រទះ​នូវ​អាការៈ​ហូរ​ឈាម​នៅចន្លោះ​វដ្ដនៃ​ការមក​រដូវ ​ឬក្រោយ​ការួម​ភេទ។​​​

២. ធ្លាក់​សតាម​ទ្វារមាស​ខុស​ពីធម្មតា​៖ ការធ្លាក់​សតាម​ទ្វារ​មាស​តិច​ មិន​មាន​ក្លិន​ និងមាន​លក្ខណៈ​ថ្លាគឺជា​រឿង​ធម្មតា​នោះទេ​។ ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ ប្រសិន​បើការ​ធ្លាក់​សតាម​ទ្វារមាស​មាន​ការកើន​ឡើង ​មានក្លិន​ឆ្អាប​ ឬមាន​ពណ៌​ខុស​ពីធម្មតា​ វាអាច​ជាសញ្ញា​នៃការ​ឆ្លង​រោគ ​ឬជំងឺ​មហារីក​កស្បូន​ ឬជំងឺ​មហារីក​ស្រទាប់​ខាង​ក្នុងនៃ​ស្បូន។​ នៅពេល​រងវិបត្ដិ​ដោយ​សារជំងឺ​មហារីក ​ការធ្លាក់​សតាម​ទ្វារ​មាស​អាច​មក​ច្រើន​ មានពណ៌​ស្រាល ​ទឹក​ពណ៌​ត្នោត​ ឬធ្លាក់​ព្រម​ជាមួយ​ឈាម​។ ប្រសិន​បើអ្នក​ជួប​នឹងអាការៈ​ដូច្នេះ ​សូមរាយ​ការណ៍​ទៅវេជ្ជ​បណ្ឌិត​ជំនាញ​ជាបន្ទាន់​ ដើម្បី​ទទួល​យក​ការព្យាបាល​ឱ្យទាន់​ពេល​វេលា។​
៣. ឈឺចាប់​អំឡុង​ពេល​រួមភេទ​៖ ការឈឺ​ចាប់អំឡុង​ពេល​រួមភេទ ​គឺជាសញ្ញា​គ្រោះ​ថ្នាក់​ដ៏សំខាន់​មួយ​ទៀត ​នៃជំងឺ​មហារីក​កស្បូន​។  រោគ​សញ្ញា​ទាំងនេះ​អាច​បញ្ជាក់ពី​ជំងឺ​មហារីក​កស្បូន​ដំណាក់​កាលធ្ងន់ធ្ងរ ​ដែល​មានន័យថា ​ជំងឺ​មហារីក​បានរីក​រាល​ដាល​ពាស​ពេញ​ជាលិកា​ និងសរីរាង្គ​បន្ដពូជ​។ ក្រៅពី​ការ​ឈឺចាប់​ អ្នកអាច​មាន​អាការៈ​ដទៃ​ទៀត​ ដូចជា​ ការធ្លាក់​សតាមទ្វារ​មាស​មាន​ក្លិនឆ្អាប​ និងខាប់​។  ការឈឺ​ចាប់នេះ ​ក៏អាច​កើត​មាន​ឡើង​ដោយ​មូល​ហេតុ​ដទៃទៀត​ដែរ​ដូចជា​ ការរលាក ​ឬជំងឺកាម​រោគជា​ដើម។​ សូមកុំមើល​រំលង​នូវ​អាការៈ​នេះ​។ ត្រូវ​ទៅប្រឹក្សា ​និងពិនិត្យ​កស្បូន​របស់​អ្នក​ជាមួយ​នឹងវេជ្ជ​បណ្ឌិត​ជំនាញ។​​

៤. ឈឺចាប់​ត្រគាក៖ ​ការឈឺ​ចាប់ត្រង់​ត្រគាក​ តែងកើត​មានចំពោះ​ស្រ្ដី​។ ការរមួល​សាច់​ដុំជុំវិញ​ស្បូន ​និង​ការឈឺ​ចាប់ គឺ​ជាផ្នែក​ដ៏សាមញ្ញ​មួយ​ នៃវដ្ដរដូវ ​ហើយ​វាមិន​មែន​បញ្ជាក់​ពីវត្ដ​មាន​នៃជំងឺ​មហារីក ​ឬជំងឺ​ធ្ងន់ធ្ងរ​ឯណា​នីមូយ​នោះទេ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ​ការឈឺចាប់ ​ដែលកើត​មាន​ក្នុង​រយៈ​ពេលយូរ​ ហើយកើត​ឡើង​ជាញឹកញាប់​អាច​ជាសញ្ញា​នៃជំងឺ​មហារីក​កស្បូន។​ ប្រសិន​បើរង​វិបត្ដិ​ពីជំងឺ​មហារីកក​ស្បូន​ អ្នកអាច​មាន​អារម្មណ៍​ឈឺចាប់​ត្រគាក​នៅពេល​វេលា​ខុសពី​ធម្មតា​ ហើយ​ការឈឺ​ចាប់អាច​ចាប់​ផ្ដើមកើត​ឡើង​ភ្លាមៗ​នៅពេល​ណាមួយ​ក្នុងរយៈ​ពេល​មួយខែ​។ លើសពី​នេះទៀត ​ការឈឺចាប់​បែប​នេះវាមិន​កើត​ឡើង​នោះទេ​ ដរាបណា​ជំងឺ​មហារីក​វាមិន​ស្ថិតនៅ​ក្នុងដំណាក់​កាលធ្ងន់​ធ្ងរ។ ​ប្រសិន​បើអ្នក ​មានអារម្មណ៍​ឈឺចាប់​ត្រង់​ត្រគាក ​ឬមាន​សម្ពាធ​ត្រង់ត្រគាក​ សូម​ធ្វើការ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ​ដើម្បី​រកឱ្យ​ឃើញ​មូល​ហេតុពិត​ប្រាកដ ​និងច្រាន​ចោល​ជំងឺមហារីក ​ដែលអាច​កើតមាន៕ ​
អត្ថបទ៖ ដេវីដ
Source: top10homeremedies