អ្នក​ភ្នំពេញ បារម្ភ​ពី​សុវត្ថិភាព ពិសេស​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​!

ភ្នំពេញ: ​អ្នកធ្វើដំណើរ​តាមផ្លូវ នៅ​ភ្នំពេញ គឺ "​ភ្នែក​នៅ​កញ្ចឹងក​"​។ ពោលគឺ អ្នកធ្វើដំណើរ ពិសេស​អ្នកជិះ​ម៉ូតូ ខ្លាច​បំផុត ចោរឆក់​។ ទូរស័ព្ទ គឺ​មិន​ហ៊ាន​លើក​និយាយ​ឡើយ ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ​។ រីឯ​កាបូប និង​ខ្សែក ក្រវិល ក៏​មិន​ហ៊ាន​ស្ពាយ និង​មិន​ហ៊ាន​ពាក់​ឡើយ នៅពេល​ជិះ​ម៉ូតូ​តាមផ្លូវ​។ ជាង​នេះ ទៅទៀត នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ អ្នករស់នៅ​ភ្នំពេញ មិន​ហ៊ាន​បិទទ្វារ​ផ្ទះ ចាក់​ចោរ​ចោល ហើយ​នាំគ្នា​ទៅលេង​ស្រុកកំណើត​នោះទេ ព្រោះ​ខ្លាច​ចោរ ចូល​គាស់​ផ្ទះ បើ​ទៅ​ក៏ត្រូវ​វិល​ល្ងាច មក​ដេក​ចាំផ្ទះ​វិញ​ដែរ​។​

​ដំណឹង​ចោរឆក់​តាមផ្លូវ ត្រូវបាន​កាសែត វិទ្យុ​ចេញផ្សាយ​មិន​លោះ​ថ្ងៃ​ទេ​។ រីឯ​ចោរលួច ចោរ​គាស់​ផ្ទះ ក៏​កើតឡើង មិន​លោះ​ថ្ងៃ​នោះដែរ​។ ចោរ​កើត​ច្រើន ត្រូវបាន​គេ​បន្ទោស​លើ​សង្គម​កម្ពុជា សព្វថ្ងៃ ដែល​កើតមាន​ល្បែងស៊ីសង​ច្រើន ដូចជា ល្បែងភ្នាល់​បាល់ បៀរ​អាប៉ោង កន្ទុយលេខ ហើយ​ពិសេស​យុវជន ដែលជា​ចោរ​ទាំងនោះ ជា​អ្នកញៀន​ថ្នាំញៀន ថែមទៀត​។​

​ដូច្នេះ ដើម្បី​កាត់បន្ថយ​បញ្ហា​ចោរឆក់ និង​ចោរលួច​គាស់​ផ្ទះ ក្នុងពេល​ម្ចាស់ផ្ទះ​ចាក់សោ ទៅលេង​ស្រុក​ពេល​បុណ្យ​ភ្ជុំបិណ្ឌ កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលហេតុ គួរតែ​បង្កើន​កម្លាំង​យាមកាម​ថែមទៀត ពិសេស​កងកម្លាំង​សន្តិសុខ​ប្រចាំ​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ ក៏​ត្រូវតែ​សហការ​ជាមួយ​ប្រជា​ការពារ និង​កម្លាំង​ប៉ូលិស​មូលដ្ឋាន ចុះ​ល្បាត និង​ពង្រាយ​កម្លាំង​តាមផ្លូវ​ឲ្យ​ច្រើនជាង​មុន​។

​ម្យ៉ាងទៀត នៅពេល​ចាប់ចោរ​បាន អាជ្ញាធរ​សមត្ថកិច្ច ពិសេស​តុលាការ ក៏​មិនត្រូវ​ដោះលែង​ចោរ ជា​ថ្នូរ​នឹង​ប្រាក់​សំណូក ដូច​គេ​លើកឡើង​ជាទូទៅ​កន្លងមក​ថា "​ចោរ និង​ប៉ូលិស តែមួយ គឺ​រកស៊ី​ជាមួយគ្នា​" នោះទេ​។​

​បើសិនជា​ច្បាប់ ត្រូវបាន​អនុវត្ត​តឹងរឹង ហើយ​ប្រជា​ការពារ និង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន សហការគ្នា នោះ​បញ្ហា​ចោរកម្ម តាមផ្លូវ និង​តាម​មូលដ្ឋាន ពិតជា​កាត់បន្ថយ ហើយ​ប្រជាពលរដ្ឋ​អ្នក​ភ្នំពេញ នឹង​លែង​បារម្ភ​ដូច​ពេលនេះ​ទៀតហើយ​៕​

អ្នក​ភ្នំពេញ បារម្ភ​ពី​សុវត្ថិភាព ពិសេស​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​!