ថ្ងៃ​៨​តុលា ប្រជុំ​ជាថ្មី ដើម្បី​ចុះថ្លៃ​ប្រេងសាំង

ភ្នំពេញ: អន្តរក្រសួង ដែល​រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល បានកំណត់​ជាថ្មី​ថា នៅ​ព្រឹក​ថ្ងៃទី​៨​តុលា នឹង​ជួបប្រជុំ​ម្តងទៀត ជាមួយនឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ដើម្បី​និយាយ​ពី​ការ​ចុះថ្លៃ​ប្រេង​។ ថ្លៃ​ប្រេងឥន្ធនៈ ដែល​នៅលើ​ពិភពលោក បាន​ចុះថ្លៃ​យូរហើយ តែ​នៅ​កម្ពុជា មិន​ព្រម​ចុះថ្លៃ​សោះ​។​

​ការសម្រេច​កំណត់​យក​ថ្ងៃទី​៨​តុលា ដើម្បី​បើក​កិច្ចប្រជុំ​និយាយ​ពី​ការ​ចុះថ្លៃ​ប្រេង​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​កិច្ចប្រជុំ​អន្តរក្រសួង រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ​លើ​ការឆ្លើយតប​ពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំង ៨ ដែល​កំពុង​ចែកចាយ​ប្រេងឥន្ធនៈ នៅក្នុង​ប្រទេស​កម្ពុជា​។

​ការឆ្លើយតប​របស់​ក្រុមហ៊ុន​ទាំងនោះ ពាក់ព័ន្ធ​នឹង​ការចំណាយ​នានា​របស់​ក្រុមហ៊ុន​លក់​ប្រេង ដូចជា ថ្លៃដើម​ប៉ុន្មាន​? ហើយ​ចំណាយ​លើ​អ្វីខ្លះ​? ដើម្បី​ក្រសួង​ទាំងបី ពិនិត្យ និង​ស្វែងរក​មធ្យោបាយ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​។​

​លោក កែន រដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​៥​តុលា​ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទាំងបី ( ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ) កាលពី​ព្រឹក​ថ្ងៃទី​៥​តុលា គឺ​មិនទាន់​សម្រេច​បែបណា​ទេ ដោយ​កិច្ចប្រជុំ​នោះ គ្រាន់តែ​ពិនិត្យ​លើ​ការឆ្លើយតប​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំង ៨ ដែល​អន្តរក្រសួង បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឆ្លើយតប​ឲ្យ​បានច្បាស់លាស់​ពី​ថ្លៃដើម និង​ការចំណាយ​នានា ពាក់ព័ន្ធ​នឹង​ការលក់​ប្រេងសាំង នៅ​កម្ពុជា​។ បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥​តុលា អន្តរក្រសួង​បានសម្រេច​ថា នឹង​ជួបប្រជុំ​ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ដើម្បី​និយាយ​ពី​ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែតុលា ឆ្នាំ​២០១៥ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល បាន​ជួបប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចំនួន ៨ ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ពី​ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​។

​ក៏ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​១​តុលា គឺ​មិនមាន​លទ្ធផល​ទេ ដោយ​ខាង​អន្តរក្រសួង បានបង្ហាញ​នូវ​នីតិវិធី​ច្បាស់លាស់ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ទាំងនោះ បង្ហាញ​ការចំណាយ និង​ថ្លៃដើម ក្នុង​ការទិញ​ប្រេង​ចូល ជាដើម​។​
​    ​
​សូមបញ្ជាក់​បន្ថែមថា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ជំរុញ​ជាថ្មីទៀត អោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លើ​ក្រុមហ៊ុន​ប្រេងសាំង នៅ​កម្ពុជា ឲ្យ​ក្រុមហ៊ុន បញ្ចុះតម្លៃ​ប្រេងសាំង​បន្ថែមទៀត ក្នុងពេល​តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​អន្តរជាតិ បាន​ចុះថ្លៃ ជាពិសេស​នៅពេល​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​។​

​យ៉ាងណាក៏ដោយ រហូតដល់​ថ្ងៃទី​៦ ខែតុលា​នេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ នៅ​កម្ពុជា ពិសេស​នៅតាម​កា​រ៉ា​ស់​សាំង នៅ​រាជធានី​ភ្នំពេញ គឺ​បន្ត​លក់​នៅ​ថ្លៃថេរ​ដដែល គឺ​ប្រេងម៉ាស៊ូត ៣៦០០ រៀល ក្នុង​មួយ​លីត្រ ប្រេងសាំង​ធម្មតា ៣៧៥០ រៀល ក្នុង​មួយ​លីត្រ និង​ប្រេងសាំង ស៊ុប​ពែរ ៤០០០ រៀល ក្នុង​មួយ​លីត្រ​។​

 កន្លងមក ក្រុមហ៊ុន​ប្រេង បាន​លើកឡើងថា ការដែល​ខ្លួន​មិនអាច​ចុះថ្លៃ​បាន មកពី​រដ្ឋាភិបាល យកពន្ធ​ថ្លៃ​ពេក រហូតដល់​ជាង ១០០០ រៀល ក្នុង​មួយ​លីត្រ​។ ក៏ប៉ុន្តែ​លោក កែន រដ្ឋា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការលើកឡើង​នោះ គ្រាន់តែ​ជា​លេស​មួយ​របស់​ក្រុមហ៊ុន​ប្រេង​ប៉ុណ្ណោះ ព្រោះថា នៅពេល​ប្រេងសាំង​លើ​ពិភពលោក​ឡើងថ្លៃ រាជរដ្ឋាភិបាល យកពន្ធ​ដដែល ហើយ​នៅពេលនេះ នៅពេល​ប្រេងឥន្ធនៈ​លើ​ពិភពលោក ចុះថ្លៃ ក៏​រាជរដ្ឋាភិបាល​កម្ពុជា យកពន្ធ​លើ​ការ​នាំចូល​ប្រេង​ដដែល​។ ដូច្នេះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​ប្រេង មិន​ព្រម​ចុះថ្លៃ​?៕​