ថៅកែ ស្ទើរតែ​មិន​ព្រម​ឡើង​ប្រាក់ខែ​ដល់ក​ម្មករ ខណៈ​សហជីព រក្សា​ជំហរ​ដដែល​

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ដែលជា​កិច្ចប្រជុំ​រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី កាលពី​ថ្ងៃទី​៥​តុលា ដែលជា​ថ្ងៃទី​៦ នៃ​កិច្ចប្រជុំ គឺ​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ បាន​ព្រមព្រៀង ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ពោលគឺ​ឡើង​ពី ៣,៥% ដល់ ៣,៧៥% លើ​ប្រាក់ខែ​ចាស់ ១២៨ ដុល្លារ​។ រីឯ​ភាគី​សហជីព​កម្មករ នៅ​រក្សា​ជំហរ​ដដែល គឺ​ទាមទារ​ឡើងដល់ ១៦៣,៥ ដុល្លារ​។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចប្រជុំ​ចរចា​រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​៥​តុលា​ថា កិច្ចប្រជុំ​ចរចា​រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នៅ​ថ្ងៃទី​៦ ត្រូវ​នឹង​ថ្ងៃទី​៥​តុលា គឺ​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​សហជីព មិនទាន់មាន​ការឯកភាព​គ្នា​ទេ​។ ក៏ប៉ុន្តែ​មានការ​វិវឌ្ឍន៍​ប្រកបដោយ​ភាព​វិជ្ជមាន និង​មានការ​យោគយល់​គ្នា ដោយ​ក្នុងនោះ ភាគី​ថៅកែ​រោងចក្រ បាន​យល់ព្រម​តម្លើង​ពី ៣,៥% ទៅ ៣,៧៥% លើ​ប្រាក់ខែ​ចាស់ ១២៨ ដុល្លារ ពោលគឺ​ថៅកែ​ព្រម​ឡើង​តែ ៤,៨ ដុល្លារ​ប៉ុណ្ណោះ​។​
​    ​
​យ៉ាងណាក៏ដោយ លោក ហេង សួរ បាន​លើកឡើងថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នឹង​បន្ត​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៦​តុលា ហើយ​លោក​សង្ឃឹមថា អា​ចរក​ច្រកចេញ នៅ​ថ្ងៃទី​៦ ឬក៏​ថ្ងៃទី​៧​តុលា ពោលគឺ​នៅមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ នឹង​អាច​ត្រូវរ៉ូវ​គ្នា មុនពេល​កម្មករ​កាត់​ដេរ ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​។​
​    ​
​ខណៈដែល​កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ មិនទាន់​រក​តួលេខ​ប្រហាក់ប្រហែលគ្នា​ដូច្នេះ មេដឹកនាំ​សហជីព​កម្មករ​មួយ បានប្រកាសថា នឹងធ្វើ​យុទ្ធនាការ ទាមទារ​ឡើង​ប្រាក់ខែ នៅ​ថ្ងៃទី​៧​តុលា ដោយ​ការជួបជុំ មុខ​រោងចក្រ​កាត់ដេរ នៅ​ម៉ោង​សម្រាក​ពេលបាយ​ថ្ងៃត្រង់ ដោយ​ជួបជុំ​លើក​បដា និង​ស្រែក​មេក្រូ​។​
​    ​
​យុទ្ធនាការ ដើម្បី​សាទរ​ព្រឹត្តិការណ៍​ប្រាក់​ឈ្នួល​សមរម្យ​អន្តរជាតិ ថ្ងៃ​៧​តុលា​នោះ ត្រូវបាន​លោក​ហេង​សួរ លើកឡើងថា មិន​គំរាមកំហែង​ដល់​កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នាពេលនេះ​ទេ ព្រោះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ ភាគី​សហជីព​កម្មករ​កាត់ដេរ និង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ នា​កិច្ចប្រជុំ​ពេលនេះ គឺមាន​ភាពចាស់ទុំ​ជាង​មុន ហើយ​ក្នុង​កិច្ចប្រជុំ​ចរចា គឺ​ភាគី​ទាំងពីរ បាន​ពន្យល់​គ្នា​ទៅវិញទៅមក ដោយ​រលូន និង​មានការ​យោគយល់​គ្នា​ច្រើនជាង​ឆ្នាំមុនៗ​៕​