ប្រជាពលរដ្ឋ​ជាង ៣ ម៉ឺន​នាក់ នឹងត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង

ភ្នំពេញ: គជប បានប្រកាសថា ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នឹងមាន​ប្រជាពលរដ្ឋ ៣២.៥២៨ នាក់ ( ស្ត្រី ១៦.៨៥៧ នាក់ )​។ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង នឹងត្រូវ​ធ្វើឡើង នៅ​ឃុំ​សង្កាត់​ចំនួន ២៥ ក្នុង ២៥ ខេត្ត​រាជធានី ទូទាំងប្រទេស​។​
​    ​
​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥ ចុះ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ ដែល​គជប ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​៥​តុលា បានបង្ហាញ​ពី​ចំនួន​ប្រជាពលរដ្ឋ​រួម តាម​ឃុំ​សង្កាត់​និ​មួយៗ ព្រមទាំង​ចំនួន​ប្រជាពលរដ្ឋ​អាយុ ១៨ ឆ្នាំ​ឡើងទៅ នៅក្នុង​ឃុំ​សង្កាត់​ទាំងនោះ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​។ ក្នុងនោះ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥ នឹងធ្វើ​ឡើង​នៅ ៤១ ភូមិ ( ដោយ​ឃុំ​សង្កាត់​ខ្លះ គជប​ជ្រើស​យក​១ ភូមិ ២ ភូមិ និង​៣​ភូមិ ) នៅក្នុង​ឃុំ​សង្កាត់​ចំនួន ២៥ នៅ​ទូទាំង ២៥ ខេត្ត​រាជធានី ទូទាំងប្រទេស ហើយ​មាន​ចំនួន ប្រជាពលរដ្ឋ​រួម ចំនួន ៥០.១៦៨ នាក់​។ រីឯ​ប្រជាពលរដ្ឋ​អាយុ ១៨ ឆ្នាំ​ឡើង មាន​ចំនួន ៣២.៥២៨ នាក់ មាន​ស្ត្រី ១៦.៨៥៧ នាក់​។ ចំណែក​ចំនួន​ការិយាល័យ​បោះឆ្នោត មាន​ចំនួន ៦៨ ការិយាល័យ ដោយ​ក្នុង ១ ឃុំ​សង្កាត់ មាន ២ និង​មាន ៣ ការិយាល័យ​។​
​    ​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៣​តុលា គជប​បានចាប់ផ្តើម​អនុវត្ត​ដំណើរការ​ការងារ ដើម្បី​ឆ្ពោះទៅ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥​។ ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​២៥​ឃុំ​សង្កាត់ ក្នុង ២៥ ខេត្ត​រាជធានី​។​
     ​
​ប្រតិទិន​នៃ​ការចែក​លិខិតអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥ ដែល​គជប បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២​តុលា បង្ហាញថា ការផ្សព្វផ្សាយ​សេចក្តីណែនាំ​អនុវត្ត ដល់​មន្ត្រី​នៅ​លេខាធិការដ្ឋាន​ខេត្ត​រាជធានី​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា “​លធ​.​ខ​ប​” នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​។

​ជា​បន្តបន្ទាប់​ទៀត គឺ​គជប អនុវត្ត​ការងារ ដោយមាន​ការទំនាក់ទំនង​ជាមួយ​អភិបាល​រាជធានី​ខេត្ត ការផ្សព្វផ្សាយ​សេចក្តីណែនាំ ហើយ​រហូតដល់​ថ្ងៃទី​៣១​តុលា គឺមាន​ការ​បូកសរុប​របាយការណ៍​លទ្ធផល​បញ្ចប់​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​។

​ក្នុង​ប្រតិទិន​ដដែល​នោះ គជប​បាន​កំណត់ថា នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ គជប នឹង​ចែក​លិខិតអញ្ជើញ​ដល់​ប្រជាពលរដ្ឋ ដើម្បី​មក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​៕