ការវាយប្រហារ តាមដែនអាកាស របស់រុស្ស៊ីនៅស៊ីរី បំផ្លាញទីតាំងចំនួន៩ របស់ក្រុមឧទ្ទាម ISIS

ម៉ូស្គូ៖ Reuters បានចេញផ្សាយនៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរុស្ស៊ី  ដែលតាំងទីនៅក្នុងប្រទេសស៊ីរី បានបើកបេសកកម្មវាយប្រហារជាថ្មីចំនួន ២៥ដង ក្នុងរយៈពេល ២៤ម៉ោងមុន  ដោយបានវាយប្រហារលើទីតាំងចំនួន៩ របស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS។

យន្តហោះចម្បាំងរុស្ស៊ី ប្រភេទ Su-34, Su-24M និង Su-25 ត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋានទ័ពអាកាស  Hmaimim នៅក្នុងទីក្រុង Latakia ប្រទេសស៊ីរី បានចូលរួមក្នុងបេសកម្មនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Moscow និង រដ្ឋាភិបាលទីក្រុង  Washington បានធ្វើការការពារនូវទំនាក់ទំនងកម្រិតខ្ពស់ ក្នុងការធ្វើប្រតិបត្តិការយោធានៅស៊ីរី។

យន្តហោះចម្បាំងរុស្ស៊ី បានបើកការវាយប្រហារតាមដែនអាកាសរបស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍មុន ប្រឆាំងក្រុម ឧទ្ទាម ISIS ដែលបានគ្រប់គ្រងតំបន់មួយចំនួន នៅក្នុងប្រទេសស៊ីរី ដោយនេះគឺជាសកម្មភាពយោធា របស់រុស្ស៊ី ជាលើកដំបូងនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មនៅស៊ីរី។ ក្នុងនោះ រុស្ស៊ី បានដាក់ពង្រាយនូវយន្តហោះចម្បាំង ចំនួន ៥០គ្រឿង បើកបេសកម្មចំនួន ៨០ដង ដោយបានបំផ្លាញនូវទីតាំង ក្រុមភេរវកម្មចំនួន ៥០កន្លែង គិតចាប់ តាំងពីថ្ងៃពុធ។ នេះបើតាមរបាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងយ៉ាងដូច្នេះ៕

ការវាយប្រហារ តាមដែនអាកាស របស់រុស្ស៊ីនៅស៊ីរី បំផ្លាញទីតាំងចំនួន៩ របស់ក្រុមឧទ្ទាម ISIS