សន្ទូង​ជាង​២​សែន​ហិកតា​រង​ការខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​ឆ្នាំនេះ

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ​បាន​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៥​នេះ​បង្ក​ផលប៉ះពាល់​ដល់​សំណាប​សន្ទូង​ជាង​២​សែន​ហិកតា ខណៈដែល​ការងារ​បង្កបង្កើនផល​ស្រូវ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា​សម្រេចបាន​ជាង​៩៧% ហើយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​។​

​របាយការណ៍​ដដែល​បន្តថា រហូតដល់​ចុងខែ កញ្ញា​នេះ  ដំណើរការ​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស​សម្រេចបាន​ចំនួន ២.៤៩៤.៥៣៦​ហិកតា​ស្មើនឹង​៩៧,១៧%​នៃ​ផែនការ ហើយ​បើ​ធៀប​នឹង​ឆ្នាំមុន​គឺមាន​ការកើនឡើង ១.២៩៧ ហិកតា​។ ដោយឡែក​ខេត្ត​ដែល​រង​ប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះរាំងស្ងួត​មាន​ចំនួន​១៦ ខេត្ត ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង តាកែវ ឧ​ត្ត​រ​មានជ័យ សៀមរាប ប៉ៃលិន និង​ខេត្តក្រចេះ សរុប​ចំនួន ២៣៤.៦៩៥​ហិកតា​។​

​របាយការណ៍​ខាង​បញ្ជាក់ថា មកទល់ពេលនេះ​ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​ល្អ​នៅ​ទូទាំងប្រទេស តែ​នៅតាម​តំបន់​ខ្លះ ក៏​ពុំទាន់​មានទឹក​ដក់​គ្រប់គ្រាន់​នៅឡើយ ដោយ​មូល​ហេតុនេះ និង​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​ផង​ឆ្នាំនេះ​ប្រជាកសិករ​ចូលចិត្ត​បង្កបង្កើនផល​ស្រូវ​ដោយ​ព្រោះ​យក​ច្រើនជាង​ការដក​ស្ទូង​៕

សន្ទូង​ជាង​២​សែន​ហិកតា​រង​ការខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​ឆ្នាំនេះ