បញ្ជូនជនសង្ស័យ ជួញដូរថ្នាំញៀន៣នាក់ ទៅតុលាការខេត្តកំពត

កំពត៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានបញ្ជូនខ្លួន ជនសង្ស័យពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រី ៣នាក់ទៅកាន់សាលាដំបូងខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីស្ទាក់ចាប់បានពេលកំពុងធ្វើសកម្មភាពកាលពីយប់ថ្ងៃទី៣ ខែតុលា កន្លងទៅនេះ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្លាំងរបស់លោកបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទាំង ០៣នាក់ កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ «ពិភពថ្មី»  ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

វរសេនីយ៍ទោ ហែម ចាន់ដារ៉ា បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ។ ជនសង្ស័យទី១. ឈ្មោះ សួង ពិសី ភេទស្រី អាយុ២២ឆ្នាំ មុខរបរអ្នកលក់ស្រាបៀ រស់នៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត, ទី២. ឈ្មោះយឹម ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកលក់ស្រាបៀ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុង-ខេត្តកំពត និងទី៣. ឈ្មោះ សាយ ខឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំង សង្កាត់ ក្រាំងអំពិល ក្រុង-ខេត្តកំពត។

ទន្ទឹមនិងការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ ក៏ដកហូតបានវត្ថុតាងមួយចំនួនផងដែរ រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ០២ថង់តូច, ទូរស័ព្ទដៃ ៣គ្រឿង, លុយ ៦ម៉ឺនរៀល និង ៧០ដុល្លារ៕

បញ្ជូនជនសង្ស័យ ជួញដូរថ្នាំញៀន៣នាក់ ទៅតុលាការខេត្តកំពត

បញ្ជូនជនសង្ស័យ ជួញដូរថ្នាំញៀន៣នាក់ ទៅតុលាការខេត្តកំពត