បទ​ពិសោធន៍ ៖ ចិញ្ចឹម​មាន់បាន​ផល​ច្រើន​តែ​ចំណាយ​តិច

ការ​ចិញ្ចឹម​មាន់ ជា​មុខរបរ​មួយ​សំខាន់​ណាស់​ក្នុង​ការ​រក​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ​។ ប្រសិនបើ​យើង​មាន​វិធី​ចិញ្ចឹម​បាន​ល្អ យើង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ឬ​ក៏​ស្មើនឹង​ការ​ធ្វើស្រែ និង​ដាំ​ដំណាំ​ផង​ដែរ ។

ក្រោយ​ពី​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​ដោយ​អង្គការ​សេ​ដាក សហការ​ជាមួយ​អង្គការ​សេវា​សង្គមកិច្ច​កម្ពុជា (SSC) មក កសិករ ម៉ែ​ន ង៉ែត រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ធម្ម​-​តា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​សាកល្បង ហើយ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​ពេញចិត្ត ។ របៀប​ចិញ្ចឹម​ថ្មី​របស់​គាត់ យើង​សូម​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

ស្ថានភាព​ចិញ្ចឹម​មុន​ទទួល​ការ​បណ្ដុះបណ្ដាល
តាម​ទម្លាប់​របស់​មីង​ពី​មុន​មក គាត់​ចិញ្ចឹម​មាន់​ដោយ​មិន​មានការ​ថែទាំ​ដិត​ដល់​ទេ ។ មាន់​ដែល​គាត់​ចិញ្ចឹម​មាន​ចំនួន​២​ក្បាល ដោយ​ធ្វើ​ទ្រុង​ទំហំ​២​ម៉េ​ត្រ​បួន​ជ្រុង ។ ការ​ផ្ដល់​ចំណី និង​ទឹក​មិន​ទៀងទាត់​ទេ ។ ចំពោះ​ទឹក គាត់​ឱ្យ​ផឹក​តែ​នៅ​រដូវប្រាំង ចំណែក​រដូវវស្សា​មិន​បាន​ដាក់​ឱ្យ​មាន់​ផឹក​ទេ ។

ស្ថានភាព​ចិញ្ចឹម​នៅ​ក្រោយ​ពេល​ទទួល​ការ​បណ្ដុះបណ្ដាល
គាត់​បាន​កែប្រែ​ទម្លាប់​ចាស់ ដោយ​បាន​រៀបចំ​ទ្រុង​ដែល​មាន​ទំហំ​២​ម៉ែត្រការ៉េ និង​ព័ទ្ធ​របង​ទំហំ ១០​ម៉ែត្រការ៉េ ។ នៅ​ក្នុង​ទ្រុងមាន់ រៀបចំ​ឲ្យ​មាន​ជា​ស្នូក​ទឹក និង​ស្នូក​ចំណី សម្រាប់​ដាក់​ឲ្យ​មាន់​ស៊ីជា​ប្រចាំ ។

ចំពោះ​ចំណី​សម្រាប់​មាន់ គាត់​បាន​លាយ​ច្រើន​មុខ​បញ្ចូល​គ្នា មាន​កន្ទក់ អង្ករ​និង​ត្រកួន ក្នុង​កម្រិត​ស្មើគ្នា ។ ចំណី​ទាំងនេះ គាត់​លាយ​ដាក់​ក្នុង​ស្នូក​ចោល​ជា​ប្រចាំ​ឲ្យ​មាន់​ស៊ី គាត់​ក៏​ឧស្សាហ៍​ផ្ដល់​កណ្ដៀរ​ឲ្យ​វា​ស៊ី​ដែរ ។ ចំណែក​ក្នុង​ស្នូក​ទឹក គាត់​បាន​ដំ​គល់​ស្លឹកគ្រៃ​ដាក់​ត្រាំ​ក្នុង​ទឹកជា​ប្រ​ប្រចាំ​ទុក​ឲ្យ​មាន់​ផឹក (​គល់​ស្លឹកគ្រៃ​១​ថ្ងៃ​ដូរ​ម្ដង​) ។ ការ​ត្រាំ​គល់​ស្លឹកគ្រៃ​នេះ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន់​មាន​ជំងឺ ។ នៅ​ក្នុង​របង​ទីធ្លា​ចិញ្ចឹម​មាន់ គាត់​ជីករណ្ដៅ​ចំនួន​១​ទៅ​២​រណ្ដៅ​។ ក្នុង​រណ្ដៅ គាត់​ដាក់​ស្លឹកឈើ សំរាម ហើយ​ស្រោច​ទឹកជា​ប្រចាំ ដើម្បី​ឲ្យ​សត្វល្អិត​កកើត ហើយ​មាន់​អាច​ទៅ​កកាយ​ស៊ី​សត្វល្អិត​នោះ ។

ឆ្លង​តាម​រយៈ​ការ​អនុវត្ត​តាម​របៀប​ចិញ្ចឹម​ខាងលើ​អស់​រយៈពេល​៤​ខែ​មក គាត់​សង្កេត​ឃើញ​ថា កូន​មាន់​របស់​គាត់​ដែល​ញាស់​មក​ក្រុង​ទុក​មួយ​អាទិត្យ រួច​ក៏​លែងឱ្យ​ដើរ​ស៊ី​ចំណី​ជាមួយ​មេ​វា ។ រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ វា​កើន​ទម្ងន់​រហូត​ដល់​១,៣​ទៅ​១,៥​គីឡូក្រាម ។ មាន់​របស់​គាត់​ចំនួន​២​សម្បុក​នោះ សល់​កូន​១៥​ក្បាល រហូត​ដល់​ធំ​(​ពេល​លក់​) ។ ចំពោះ​មាន់​ទាំងអស់​គាត់​លក់​បាន ១១៧ ០០០​រៀល ដែល​ប្រើ​រយៈពេល​ចិញ្ចឹម​អស់​៣​ខែ​(​ឆ្នាំ​២០០១) ។

ក្រោយ​ពី​អនុវត្ត​ការ​ចិញ្ចឹម​តាម​វិធី​ខាងលើ​មក អ្នក​មីង​មាន​ទស្សនៈ​ថា ការ​ចិញ្ចឹម​មាន់​មាន​លក្ខណៈ​ងាយស្រួល និង​ចំណូល​ក៏​បាន​គូរ​សម​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ធ្វើស្រែ ។

ទៅ​ថ្ងៃ​អនាគត អ្នក​មីង​នឹង​ពង្រឹង​ទ្រុង​ចិញ្ចឹម​មាន់​មួយ​បន្ថែម​ទៀត ហើយ​ដាំ​ត្រកួន​ឱ្យ​បាន​ច្រើន ដើម្បី​ប្រើ​ជា​ចំណី​សម្រាប់​មាន់ ។

សរុប​មក បទ​ពិសោធន៍​ចិញ្ចឹម​មាន់​សំខាន់​ៗ​របស់​អ្នក​មីង​មាន​ដូច​ខាងក្រោម ៖
-​ធ្វើ​ទ្រុង និង​ទីធ្លា​ទ្រុង​ឱ្យ​បាន​ធំ ដើម្បី​ឱ្យ​មាន់​មាន​សេរីភាព​ក្នុង​ការ​ដើរ​រក​ចំណី
-​រៀបចំ​ស្នូក​ចំណី និង​ស្នូក​ទឹក​ឱ្យ​មាន់​សី​ុ និង​ផឹក ឱ្យ​បាន​ត្រឹមត្រូវ និង​សម្អាត​ជា​ប្រចាំ
-​ការពារ​មាន់​កុំឱ្យ​កើត​ជំងឺ ដោយ​ដំ​គល់​ស្លឹកគ្រៃ​ដាក់​ត្រាំ​ទឹក​ក្នុង​ស្នូក​មាន់​ផឹក​ជា​ប្រចាំ
-​លាយ​ចំណី​ច្រើន​មុខ​បញ្ចូល​គ្នា ដោយ​មិន​ប្រើ​ចំណី​តែ​មួយ​មុខ​ៗ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន់​ខ្វះ​ជីវជាតិ
-​ឧស្សាហ៍​ផ្ដល់​កណ្ដៀរ​ឱ្យ​មាន់​ស៊ី ដើម្បី​ឱ្យ​វា​ឆាប់​ធំ
-​ជីករណ្ដៅ​តូច​ៗ​នៅ​ក្នុង​ទីធ្លា​ចិ​ញ្ចឹ​ម​មាន់ រួច​ដាក់​សំរាម​ស្លឹកឈើ ហើយ​ឧស្សាហ៍​ស្រោច​ទឹក​វា ដើម្បី​បង្កើត​សត្វល្អិត​សម្រាប់​ឱ្យ​មាន់​ស៊ី។

ដូច្នេះ ដើម្បី​ចិញ្ចឹម​មាន់​ឱ្យ​មាន​សុខភាព​ល្អ​ឈ្នះ​ជំងឺ បងប្អូន​កសិករ​គួរតែ​សាកល្បង​តាម​បទ​ពិសោធន៍​ខាងលើ ៕